កីឡាអន្តរជាតិ
អន្តរជាតិ
បាល់ទាត់អូឡាំពិក៖ ម្ចាស់ផ្ទះជប៉ុនឡើងទៅជួបអេស្ប៉ាញ ឯប្រេស៊ីលប៉ះម៉ិកស៊ិកវគ្គ១/២ផ្តាច់ព្រ័ត្រ
31, Jul 2021 , 8:16 pm        
រូបភាព

ម្ចាស់ផ្ទះជប៉ុន បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីដណ្តើមមេដាយកីឡាអូឡាំពិកក្រុមវិញ្ញាសាកីឡាបាល់ទាត់បុរសអាយុក្រោម២៣ឆ្នាំ ក្រោយទម្លាក់នូវែលសេឡង់ដោយបាល់កាត់សេចក្តីប៉េណាល់ទី ៤-២។ ម្ចាស់ការពារតំណែងជើងឯកប្រេស៊ីល ត្រូវបន្តជួបម៉ិកស៊ិក ដើម្បីប្រជែងគ្នាទៅវគ្គផ្តាច់ព្រ័ត្រ។


នៅជំនួបវគ្គ៨ក្រុមចុងក្រោយនៅល្ងាចថ្ងៃទី៣១ ខែកក្កដានេះ ជប៉ុនបានប្រកួតស្មើជាមួយនូវែលសេឡង់ទាំងម៉ោងផ្លូវការ៩០នាទី និងម៉ោងបន្ថែមពីរដងដោយលទ្ធផល ០-០។ ក្រុមទាំងត្រូវសម្រេចចាញ់ឈ្នះដោយការទាត់បាល់ប៉េណាល់ទី ហើយជប៉ុនជាអ្នកទទួលជ័យជម្នះ ៤-២។

ក្រុមម្ចាស់ផ្ទះ U-23 នឹងត្រូវបន្តទៅជួបអេស្ប៉ាញដែលបានទម្លាក់កូដឌីវ័រនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ អេស្ប៉ាញបានយកឈ្នះកូដឌីវ័រក្នុងលទ្ធផល ៥-២ នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។
ប្រេស៊ីល ដែលម្ចាស់មេដាយមាសកាលពីឆ្នាំ២០១៦នៅរីយ៉ូ ក៏បានកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរដើម្បីបន្តដំណើរឈានទៅកាន់ការការពារតំណែងជើងឯករបស់ខ្លួន តាមរយៈការយកឈ្នះអេហ្ស៊ីប ១-០ នៅវគ្គ៨ក្រុម។

ក្រុមអាស៊ីកូរ៉េខាងត្បូងហាលអាវត្រឹមវគ្គ៨ក្រុម បន្ទាប់ពីចាញ់ម៉ិកស៊ីកដោយលទ្ធផល ៦-៣។ ម៉ិកស៊ីក ត្រូវបន្តទៅជួបប្រេស៊ីលនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែសីហា៕


Tag:
 Olympic
© រក្សាសិទ្ធិដោយ thmeythmey.com