ជាតិ
ការជួសជុល និងកែលម្អមុខមាត់រមណីយដ្ឋានអង្គរ នៅបន្តយ៉ាងមមាញឹក នាអំឡុងកូវីដ-១៩
01, Aug 2021 , 1:59 pm        
រូបភាព
ក្រុមកម្មករ កំពុងរៀបចំផ្លូវថ្មើរជើង ជាគម្រោងកែលម្អនៅបរិវេណមុខព្រះលានជល់ដំរី
ក្រុមកម្មករ កំពុងរៀបចំផ្លូវថ្មើរជើង ជាគម្រោងកែលម្អនៅបរិវេណមុខព្រះលានជល់ដំរី
សៀមរាប៖ បើទោះបីជា វិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យរងផលប៉ះពាល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបកម្រិតធ្ងន់ក៏ដោយ តែគេសង្កេតឃើញថា គម្រោងអភិវឌ្ឍន៍មួយចំនួនធំក្នុងតំបន់រមណីយដ្ឋានអង្គរ នៅតែដំណើរការទៅមុខជាបន្តបន្ទាប់ បើទោះមានការរាំងស្ទះបន្តិចបន្ដួចយ៉ាងណាក្ដី។ ការសម្ងំកែប្រែមុខមាត់ថ្មី អំឡុងពេលវិបត្តិជំងឺកូវីដ១៩ នេះ នឹងធ្វើឱ្យភ្ញៀវទេសចរប្លែកចិត្តជាមិនខាន ក្រោយមកទស្សនាពេលស្ងប់ស្ងាត់ជំងឺរាតត្បាតនេះ។
 
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឱ្យដឹងថា មានគម្រោងធំៗយ៉ាងតិចចំនួន៤ បាននិងកំពុងអនុវត្តន៍ក្នុងតំបន់អង្គរ ដែលរួមមាន ទី១គម្រោងកែលម្អសោភ័ណភាព និងហេដ្ឋារចនាសម្ពន្ធ មុខព្រះលានជល់ដំរី ទី២ គម្រោងជួសជុលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ទី៣ គម្រោងជួសជុលជាន់ទី៣ នៃប្រាសាទបាយ័ន្ត និងទី៤ គម្រោងកែលម្អសោភ័ណភាពនៅបរិវេណត្រពាំងសេស។ 
 
លោកបន្ថែមថា ក្រៅពីនេះ ក្រុមការងារគ្រប់ផ្នែកទាំងអស់ទាំងផ្នែកអភិរក្ស ទេសចរណ៍ និងហេដ្ឋារចនាសម្ពន្ធ មានសកម្មភាពជាប្រក្រតី ដោយមិនបង្អន់ដៃឡើយ។ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បន្ថែមថា៖« ភ្ញៀវទេសចរនឹងមានអារម្មណ៍ថ្មី ពេលពួកគាត់មកលេងតំបន់អង្គរ ខ្ញុំជឿថា វានឹងប្លែកសម្រាប់ពួកគាត់ ព្រោះយើងបានរៀបចំច្រើន»។
 
ក្រៅពីទីតាំងខាងលើ អាជ្ញាធរជាតិអប្សរា កំពុងកំពុងលើកតម្លៃប្រាសាទបាយក្អែក នៅមុខអង្គរវត្ត ដែលកន្លងមក ភ្ញៀវទេសចរមិនសូវចាប់អារម្មណ៍ ព្រោះរៀងនៅឆ្ងាយពីផ្លូវដើរបន្ដិច។ បន្ថែមពីនេះ ក៏មានការរៀបចំដាំស្មៅថ្មីនៅជុំវិញកសិន្ធុអង្គរ ការអ៊ុតកៅស៊ូបន្ថែមលើកន្លងផ្លូវចាស់នៅផ្លូវវង់ធំ និងបរិវេណប្រាសាទបាគង។ល។
 
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា លោក ទៀ គីឡេង ក៏អបអរសាទរចំពោះសមិទ្ធផលដែលកំពុងកើតមានឡើងក្នុងតំបន់អង្គរនៅពេលនេះផងដែរ។ លោកបន្ថែមថា វាជាការល្អប្រសើរបំផុត ដែលអាជ្ញាធរជាតិអប្សរា ឆ្លៀតក្នុងឱកាសអំឡុងពេលវិបត្តិជំងឺកូវីដ១៩ ស្ងាត់ភ្ញៀវ មកធ្វើការកែលម្អ និងអភិវឌ្ឍន៍តំបន់មួយចំនួនឱ្យស្រស់ស្អាតឡើងវិញ។
 
លោក ទៀ គីឡេង មើលឃើញថា សមិទ្ធផលទាំងអស់នេះ គឺរៀបចំឡើងដើម្បីត្រៀមទទួលភ្ញៀវទេសចរក្រោយបិទបញ្ចប់ជំងឺកូវីដ១៩ គឺត្រូវពេលតែម្ដង។ 
 
យ៉ាងណា ប្រធានសមាគមរូបនេះសំណូមពរឱ្យរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរជាតិអប្សរា បន្តរៀបចំតំបន់ដទៃទៀត និងកែលម្អផ្លូវទាំងមូលក្នុងតំបន់អង្គរ ដ្បិតថាមានការស្ថាបនា ជួសជុលបានច្រើនក្ដី តែនៅកន្លែងខ្លះមិនទាន់ល្អប្រសើរទាំងស្រុងទេ។ លោកបន្ថែមថា៖« ដូចជានៅផ្លូវវង់តូច អត់ទាន់ឃើញពង្រីកទេ គួររៀបចំឱ្យស្អាត បើបានធ្វើល្អមែនទែន ពេលទេសចរណ៍មកវិញ តំបន់អង្គរ គឺស៊ីវិល័យតែម្ដង»៕


គម្រោងកែលម្អបរិវេណព្រះលានជល់ដំរី


ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ចុះពិនិត្យការងាររៀបចំនៅព្រះលានជល់ដំរី


គម្រោងកែលម្អនៅត្រពាំងសេស។ រូបថត៖ អាជ្ញាធរជាតិអប្សរា


គម្រោងជួសជុលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ។ រូបថត៖ អាជ្ញាធរជាតិអប្សរា


គម្រោងកែលម្អបរិស្ថានមុខប្រាសាទអង្គរវត្ត។ រូបថត៖ អាជ្ញាធរជាតិអប្សរា


គម្រោងកែលម្អផ្លូវនៅជុំវិញប្រាសាទបាគង។ អាជ្ញាធរជាតិអប្សរា


Tag:
 រមណីយដ្ឋានអង្គរ
  ឡុង កុសល
© រក្សាសិទ្ធិដោយ thmeythmey.com