កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក៖ អង់គ្លេសក្លាយជាម្ចាស់កំណត់ត្រាវិញ្ញាសាហែលចម្រុះបណ្តាក់ ៤ x ១០០ ម៉ែត្រ
01, Aug 2021 , 9:29 am        
រូបភាព
ដោយ: រួបរួម
ក្រុមចក្រភពអង់គ្លេស បានក្លាយជាម្ចាស់កំណត់ត្រាថ្មីលើពិភពលោកសម្រាប់វិញ្ញាសាហែលទឹកចម្រុះបណ្តាក់គ្នា ៤គុណនឹង១០០ម៉ែត្រ (4x100m) ដែលត្រូវបានរៀបចំជាលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។ ក្នុង Tokyo 2020 នេះ ក្រុមអង់គ្លេសបានមេដាយមាស ចិន បានមេដាយប្រាក់ និងអូស្ត្រាលី បានមេដាយសំរឹទ្ធ។
 
ចក្រភពអង់គ្លេស មានកីឡាការិនី Kate Dawson (ហែលផ្ងារ), កីឡាករ Adam Peaty (ហែលកង្កែប), កីឡាករ James Guy (ហែលមេអំបៅ) និង កីឡាការិនី Anna Hopking (ហែលសេរី) បានរួមគ្នាបញ្ចប់ក្នុងថិរវេលា ៣:៣៧.៥៨ ពោលគឺនាំមុខក្រុមចិន ១.២៨វិនាទី។
 
អង់គ្លេសបានជ្រើសរើសការហែលតាមលំដាប់ស្ត្រី បុរស បុរស និងស្ត្រី ដោយចាប់ផ្តើមពី Kate បន្តទៅ Adam និង James ខណៈ Anna ដែលជាមនុស្សចុងក្រោយបានប្រឹងប្រែងទៅដល់ទីមុនគេ ដើម្បីនាំអង់គ្លេសក្លាយជាម្ចាស់មេដាយមាសដំបូងបំផុតលើវិញ្ញាសានេះ ហើយក៏ជាម្ចាស់កំណត់ត្រាពិភពលោកផងដែរ។
 
សម្រាប់វិញ្ញាសាហែលទឹកចម្រុះបណ្តាក់ Mixed 4 x 100m Medley Relay  នេះ ក្រុមដែលប្រកួតប្រជែងអាចជ្រើសរើសលំដាប់អត្តពលិកដែលត្រូវហែលតាមចិត្ត ដោយជុំខ្លះ គេអាចឃើញស្ត្រីហែលប្រកួតជាមួយបុរសផងដែរ។
 
ក្រុមចិនដែលទទួលបានមេដាយប្រាក់សម្រេចបានក្នុងថិរវេលា ៣:៣៨.៨៦ ខណៈក្រុមអូស្ត្រាលី ធ្វើបាន ៣:៣៨.៩៥ ដើម្បីទទួលបានមេដាយសំរឹទ្ធ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com