COVID-19
ជាតិ
សម្តេច ហ៊ុន សែន ឱ្យប្រើវ៉ាក់សាំង​ AstraZeneca ​ចាក់ដូសទី៣
01, Aug 2021 , 10:18 am        
រូបភាព
សម្តេច ហ៊ុន សែន ​សម្រេចឱ្យប្រើវ៉ាក់សាំងប្រភេទ AstraZeneca ជាវ៉ាក់សាំងជំរុញ ដែលត្រូវចាក់ដូសទី៣ លើពលរដ្ឋដែលបានចាក់វ៉ាក់សាំង ស៊ីណូហ្វាម និងស៊ីណូវ៉ាក់កន្លងមក​។ ការប្រកាសនេះ ធ្វើឡើងនាសន្និសីទសារព័ត៌មាន ស្តីពី​ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩​ លើកុមារ និងយុវវ័យនេះ នៅវិមានសន្តិភាពនៅថ្ងៃទី១ ខែសីហានេះ។
 
សម្តេច ហ៊ុន សែន បញ្ជាក់ដូច្នេះ៖ «ខ្ញុំអនុញ្ញាតឱ្យចាក់ដូសទី៣ ហើយប្រើ AstraZeneca ធ្វើជាដូសជំរុញ។ អ្នកដែលចាក់វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ត្រូវយក AstraZeneca ធ្វើជាដូសជំរុញ ហើយត្រូវបញ្ជូនជា​បន្ទាន់ទៅអនុវត្តជាបន្ទាន់នៅខ្សែត្រៀមជួរមុខ តាមបណ្តោយព្រំដែនថៃ ដែលមានមេរោគបំប្លែងថ្មី ប្រភេទ Delta ចូលមកច្រើន»។
 
បើតាមសម្តេច នាយករដ្ឋមន្ត្រីក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ ដែលមានប្រមាណ ១លាននាក់ នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងដូសទី៣ នេះមុនគេ មុននឹងពលរដ្ឋដែលចាក់វ៉ាក់សាំងចិនទាំង២ប្រភេទជាបន្តបន្ទាប់។ 
 
ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បញ្ជាឱ្យក្រសួងសេដ្ឋកិច្ច ត្រៀមបញ្ជាទិញ​ វ៉ាក់សាំងប្រភេទ AstraZenecaនេះ តាមយន្តការ COVAX ឬបញ្ជាទិញទៅកាន់រោងចក្រដែលផលិត​ផ្ទាល់ផងដែរ។ ជំហ៊ានដំបូងនៃការចាក់វ៉ាក់សាំងដូសទី៣ គឺកម្ពុជា នឹងប្រើ វ៉ាក់សាំងប្រភេទ AstraZeneca ជំ​នួយ​​របស់ជប៉ុន និងអង់គ្លេស ដែលនឹងដឹកមកដល់កម្ពុជា នៅក្នុងខែសីហានេះ៕

អត្ថបទទាក់ទង
 
 

© រក្សាសិទ្ធិដោយ thmeythmey.com