COVID-19
ជាតិ
កម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ជិត៧.៧លានដូសទៀត ក្នុងខែសីហានេះ
01, Aug 2021 , 10:49 am        
រូបភាព
ការទទួលវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូហ្វាមចំនួន១លានដូស ដែលកម្ពុជាបញ្ជាទិញ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ _កាលពីថ្ងៃទី២២កក្កដា ឆ្នាំ២០២១។
ការទទួលវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូហ្វាមចំនួន១លានដូស ដែលកម្ពុជាបញ្ជាទិញ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ _កាលពីថ្ងៃទី២២កក្កដា ឆ្នាំ២០២១។
នៅក្នុងខែសីហានេះ កម្ពុជានឹងទទួលបានវ៉ាក់ចំនួន ៧.៥៨២.៦០០ ដូសទៀតទាំងវ៉ាក់សាំងជំនួយរបស់ប្រទេសជាមិត្ត និងវ៉ាក់សាំងដែលកម្ពុជាបញ្ជាទិញពីរដ្ឋាភិបាលចិន។ នេះបើតាមសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ លើកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំនៅព្រឹកថ្ងៃទី១ ខែសីហានេះ។
 
បើតាមប្រមុខរដ្ឋាភិបាល នៅថ្ងៃទី១ ខែសីហានេះ  វ៉ាក់សាំងជំនួយរបស់ចិន ប្រភេទ Sinovac ចំនួន ១លានដូស នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា ខណៈវ៉ាក់សាំង Johnson &Johnson ចំនួន៦០៩.៦០០ដូសទៀត ដែលជំនួយរបស់អាមេរិកតាមយន្តការ COVAX នឹងមកដល់កម្ពុជានៅថ្ងៃទី២ ខែសីហា។ 
 
ចំពោះវ៉ាក់សាំង AstraZeneca ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលនៅសល់ជាង ៦០ម៉ឺនដូស ក៏ដូចជាវ៉ាក់សាំងជំនួយរបស់រដ្ឋាភិបាលអង់គ្លេសចំនួន ៤១៥.០០០ដូស ដែលជាប្រភេទAstraZenecaដែរនោះ ក៏នឹងមកដល់ជាបន្តបន្ទាប់នៅអំឡុងខែសីហានេះដែរ។ ក្រៅពីនេះសម្តេច នាយករដ្ឋមន្ត្រីកម្ពុជា ក៏ឱ្យដឹងដែរថា កម្ពុជានឹងទទួលបានវ៉ាក់សាំង ប្រភេទ Sinovac ៥លានដូសបន្ថែមទៀតដែលទិញពីចិន នៅក្នុងខែសីហានេះ។
 
​បច្ចុប្បន្ន កម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ ជិត១៩លានដូសហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ហើយបើគិតទាំងវ៉ាក់សាំងកូវីដ-១៩ ដែលនឹងដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត​នៅក្នុងខែសីហានេះ កម្ពុជា នឹងមានវ៉ាក់សាំងសរុបជិត ២៦.៥លានដូស។ ក្នុងចំណោមវ៉ាក់សាំងសរុបនេះ មានប្រមាណ២០.៥លានដូស ជាវ៉ាក់សាំងដែលកម្ពុជាបញ្ជាទិញពីប្រទេសចិន៕

Tag:
 វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com