ជាតិ
ឡានដឹកស្រូវប្រមាណ១០០ បន្តកកស្ទះនៅច្រក​ភ្នំឌិន ខេត្តតាកែវ ជារៀងរាល់ថ្ងៃ
01, Aug 2021 , 11:29 am        
រូបភាព
 រូបភាពពីលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ ខេត្តតាកែវ
រូបភាពពីលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ ខេត្តតាកែវ
ដោយ:
ឡានដឹកស្រូវទៅកាន់ប្រទេសវៀតណាមបានកកស្ទះនៅច្រកទ្វារអន្តរជាតិភ្នំឌិន ខេត្តតាកែវ ប្រមាណ១០០ឡានជារៀងរាល់ថ្ងៃប្រហែលកន្លះខែហើយ។ មូលហេតុនៃការកកស្ទះគឺបណ្ដាលមកពី ប្រទេសវៀតណាម រឹតបន្តឹងការត្រួតពិនិត្យចំណែកច្រកព្រំដែនបន្ទាយចក្រីខេត្តព្រៃវែង ក៏ត្រូវបានបិទដោយសារជំងឺកូវីដ-១៩។

 
នេះបើតាមលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ។ 
ឡានដឹកស្រូវនៅបន្តកកស្ទះ ត្រង់ចំណុចព្រំប្រទល់វៀតណាមជារៀងរាល់ថ្ងៃខណៈភាគីវៀតណាម អនុញ្ញាតឱ្យឡានដឹកស្រូវចូលត្រួតពិនិត្យម្ដង ១០ឡាន ជាបន្តបន្ទាប់។
ប៉ុន្តែឡានដឹកស្រូវ របស់អាជីវករ ពីខេត្តខេត្តកណ្ដាល កំពង់ចាម ពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ជាដើម សម្រុកដឹកតាមច្រកទ្វារភ្នំឌិននេះតែមួយ ទើបការកកស្ទះនៅតែបន្តកើតឡើង។
«ឡានស្ទះប្រហែលកន្លះខែហើយ ដោយសារកូវីដ-១៩ខាងវៀតណាម គេរឹតបណ្តឹងការត្រួតពិនិត្យ។ ចំណែកច្រកទ្វាអន្តរជាតិនៅខាងព្រៃវែងក៏គេបិទប៉ុន្តែស្ទះមិនសូវខ្លាំងដូចមុនទេ ព្រោះវៀតណាម ក៏គេឱ្យចូលត្រួតពិនិត្យម្ដង១០ឡានដែរ»។ នេះជាការបញ្ជាក់របស់លោក ញ៉ិប ស្រ៊ន ដោយបន្ថែមថា ព្រោះជំងឺកូវីដ-១៩ដូច្នេះអាជ្ញាធរកម្ពុជាមិនអាចមាន វិធីសាស្ត្រណា ដើម្បីសម្រួលដល់ការដឹកស្រូវឱ្យលឿនជាងនេះទេ។
 
បើតាមប្រធានមន្ទីរកសិកម្មខេត្តតាកែវ ​នេះជាលើកទីមួយហើយដែលការដឹកជញ្ជូនស្រូវនាំចេញទៅវៀតណាម តាមច្រកទ្វារអន្តរជាតិភ្នំឌិននេះ  មានកកស្ទះ​ច្រើនដូច្នេះ។ លោក ញ៉ិប ស្រ៊នបញ្ជាក់ទៀតថា ក្នុងមួយថ្ងៃការនាំចេញស្រូវតាមច្រកទ្វារអន្តរជាតិភ្នំឌិនអាចបានចន្លោះពី៤ ទៅ៩ពាន់តោន ហើយអំឡុងពេលការបិទច្រកព្រំដែនកម្ពុជា-វៀតណាមនេះ បានធ្វើឱ្យតម្លៃស្រូវរបស់កសិករធ្លាក់ចុះរហូតដល់ ៦៥០រៀលក្នុងមួយគីឡូក្រាម។ ជាទូទៅកសិករ អាចលក់តម្លៃប្រមាណ១០០រៀល។ 
 
ដ្បិតការដឹកស្រូវចេញទៅវៀតណាមមានការយឺតយ៉ាវមែន ប៉ុន្តែការរង់ចាំឆ្លងកាត់នីតិវិធីបពិនិត្យពីភាគីវៀតណាមក្នុងបរិបទកូវីដ-១៩នេះ ព្រោះស្រូវទាំងនោះសុទ្ធតែជាប្រភេទស្រូវស្ងួតហើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com