COVID-19
ជាតិ
ឆ្លង​ថ្មី៦៦៦ករណី នៅបន្ទាយមានជ័យ បាត់ដំបង ​សៀមរាប និងឧត្តរមានជ័យ
01, Aug 2021 , 2:30 pm        
រូបភាព
ភ្នំពេញ៖ ​ ខេត្តជាប់ព្រំដែនថៃចំនួន៤ គឺបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងឧត្តរមានជ័យ បានរកឃើញករណីឆ្លងថ្មីសរុប ៦៦៦ករណី នៅថ្ងៃទី៣១ ខែកក្កដា។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តនីមួយៗ ខណៈនៅថ្ងៃដដែលនេះ ខេត្តព្រៃវែង និងកំពង់ធំ បន្តរកឃើញជាង ៧០នាក់រៀងខ្លួនដែរ។ យ៉ាងណាក៏ដោយក្រសួងសុខាភិបាល បានប្រកាសពីចំនួនអ្នកឆ្លងថ្មីនៅទូទៅប្រទេស នាថ្ងៃទី៣១ ខែកក្កដា មានចំនួនតែ ៦៧១ករណីប៉ុណ្ណោះ។ ​រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសថាខេត្តខ្លួនមានអ្នកឆ្លងថ្មី ៣០១នាក់ ខណៈបាត់ដំបងមាន២១០នាក់។ ខេត្តសៀមរាបមាន៩៧នាក់ រីឯខេត្តឧត្តរមានជ័យ​​មាន៥៨នាក់។
 
បន្ទាយមានជ័យ៖ ឆ្លងថ្មី ៣០១នាក់ ភាគច្រើនជាពលករមកពីប្រទេសថៃក្នុងចំណោមអ្នកវិជ្ជមានចំនួន ៣០១នាក់មាន២២០នាក់ ជាពលករមកពីប្រទេសថៃ។ ចំណែក ជិត១០០នាក់ផ្សេងទៀតជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត, ក្រុងសិរីសោភ័ណ, ស្រុកមង្គលបូរី,ស្រុកថ្មពួក, ស្រុកភ្នំស្រុក, ស្រុកព្រះនេត្រព្រះ និងស្រុកស្វាយចេក។
 
បាត់ដំបង៖ មានវិជ្ជមាន ២១០នាក់ជាសះស្បើយ៩៩នាក់ និងស្លាប់៣នាក់រដ្ឋបាលខេត្តបាត់ដំបងរកឃើញអ្នកឆ្លងថ្មីចំនួន ២១០នាក់ នៅថ្ងៃទី៣១ ខែកក្កដាដែលសុទ្ធសឹងជាពលរដ្ឋរស់នៅខេត្តបាត់ដំបងផ្ទាល់។ ដោយឡែក ខេត្តបាត់ដំបងមានអ្នកជាសះស្បើយ ចំនួន ៩៩នាក់ ខណៈមានអ្នកស្លាប់ ៣នាក់។ ខេត្តបាត់ដំបងមានអ្នកឆ្លងសរុប ៣.៣៧៦នាក់ អ្នកជាសះស្បើយ សរុប ២.០២៩នាក់ អ្នកកំពុងសម្រាកព្យាបាលសរុប ១.៣០៤នាក់ និងអ្នកស្លាប់សរុប ៤៣នាក់។
 
សៀមរាប៖ រកឃើញ៩៧នាក់ ជាសះស្បើយ ៧៦នាក់នៅថ្ងៃទី៣១ កក្កដា​រដ្ឋបាលខេត្តសៀមរាប បានរកឃើញមនុស្ស ៩៧នាក់បន្ថែមទៀត មានវិជ្ជមានកូវីដ-១៩ ភាគច្រើនជា​ពលករមកពីប្រទេសថៃ។
ជាមួយគ្នានោះ មានមនុស្សចំនួន ៧៦នាក់ បានជាសះស្បើយ។ គិតមកដល់ពេលនេះ ខេត្តសៀមរាបមានអ្នកវិជ្ជមានសរុប ៤.៤១៥នាក់ ជាសះស្បើយ ២.២៦៤នាក់ និងស្លាប់ចំនួន ៤៦នាក់។ 
 
​ព្រៃវែង​៖ មាន​​មនុស្ស​ចំនួន​៧៨​នាក់​ទៀត ត្រូវបាន​រដ្ឋបាលខេត្ត​ព្រៃវែង បញ្ជាក់ថា​មាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ខណៈ​អ្នក​សះស្បើយ​មាន ៨១​នាក់​បន្ថែម​។ អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ មាន​ចំនួន ៣​នាក់​ទៀត​។ ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ទាំងនោះ មាន​ពលរដ្ឋ​ក្រុង​ព្រៃវែង​, ស្រុក​កំពង់ត្របែក​, ស្វាយ​អ​ន្ទ​រ​, ពាម​រក៍​, ស៊ីធរ​កណ្ដាល​, បាភ្នំ​, ពាម​ជរ​, ពារាំង​, កញ្ជ្រៀច​, មេសាង និង​ស្រុក​ពោធិ៍​រៀង​។ 
 
​ចំណែក​អ្នកស្លាប់​គឺមាន​បុរស​វ័យ ៥៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ដើម​ថ្នឹង​១ ឃុំ​ព្រៃ​ដើម​ថ្នឹង ស្រុក​ស៊ីធរ​កណ្ដាល​។ បុរស​វ័យ ៨០​ឆ្នាំ រស់នៅ​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល និង​ស្ត្រី​វ័យ ៦០​ឆ្នាំ រ​នៅ​ភូមិ​អន្លុង់​ទ្រា ឃុំ​ព្រែក​ជ្រៃ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង​។ គិត​ត្រឹម​ថ្ងៃទី​ថ្ងៃទី​៣១ កក្កដា ខេត្តព្រៃវែង មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៤.២២៨​នាក់ ក្នុងនោះ​៣.១៤៨​នាក់​បានជា​សះស្បើយ​, ៧៤​នាក់​ស្លាប់ និង​១.០០៦​នាក់ កំពុង​សម្រាក​ព្យាបាល​។​

កំពង់ធំ​៖ ​​​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​៧២​នាក់​បន្ថែមទៀត ខណៈ​អ្នកជំងឺ​២​នាក់​ទៀត​បាន​ស្លាប់​។ ក្នុងចំណោម​អ្នក​វិជ្ជមាន​ទាំងនោះ មាន​ពលរដ្ឋ​រស់នៅ​ក្រុង​, ស្រុក​សណ្តាន់​,​ស្រុក​ប្រាសាទ​បា​ល្ល័​ង្គ​, ស្រុក​បារាយណ៍​, ស្រុក​សន្ទុក​,​ស្រុក​តាំងគោក និង​ស្រុក​ស្ទោង​។ បច្ចុប្បន្ន ខេត្តកំពង់ធំ មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប ១.៩៦០​នាក់ ក្នុងនោះ​១.១៨៤​នាក់​បានជា​សះស្បើយ ,  ៤៧​នាក់​ស្លាប់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ៧២៧​នាក់​។​

ឧត្តរមានជ័យ៖ រកឃើញថ្មី ៥៨​នាក់ភាគច្រើននាំចូលពីថៃរដ្ឋបាលខេត្តឧត្តរមានជ័យ ប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ៥៨នាក់ នៅថ្ងៃទី៣២ ខែកក្កដា ភាគច្រើននាំចូលពីប្រទេសថៃ ខណៈមនុស្សចំនួន ៤៣នាក់ បានជាសះស្បើយ។ រហូតមកដល់ពេលនេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងសរុប៤.៨០៥នាក់។ ក្នុងនោះ ៨៩៦នាក់ បានជាសះស្បើយ និងមនុស្ស ៣.៩០១នាក់ កំពុងសម្រាកព្យាបាលខណៈមនុស្ស ៨នាក់បានស្លាប់។
 
សរុប​ទូទាំងប្រទេស​៖ ឆ្លង​ថ្មី​៦៧១​នាក់ ជា​៧៥៨​នាក់ និង​ស្លាប់​២៣​នាក់​។ ក្នុងចំណោមករណីឆ្លងថ្មីទាំង៦៧១​នាក់នោះ មាន​២៦៥​នាក់ ជា​ករណី​នាំចូល​។ ​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១ ខែសីហា​នេះ​។ មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៧៧៩១៤ នាក់ ក្នុងនោះ​១០៨០២ នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន​៧០៧៥៤ នាក់ និង​ស្លាប់​សរុប ១៤២០​នាក់​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com