ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានបិទផ្សារចំនួន២២កន្លែងបន្ថែមទៀតដែលស្ថិតក្នុងភូមិសាស្រ្តក្រុងបាត់ដំបង, ស្រុកសង្កែ និងស្រុកឯកភ្នំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ Delta។ បើតាមរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ កក្កដា ខេត្តបាត់ដំបង រកឃើញករណីឆ្លងថ្មីជាង២០០ករណីហើយចំនួនឆ្លងដ៏ច្រើននេះ ជាមូលហេតុនៃការសម្រេចបិទខ្ទប់ផ្សារទាំង២២នេះ ដោយចាប់ផ្តើមពីថ្ងៃទី១-១៤ខែសីហា។
ផ្សារទាំង២២ទីតាំងដែលបានបិទខ្ទប់មានផ្សារបុរីរោងចក្រ, ផ្សារវត្តសុភី, ផ្សារកង្កែបយំ, ផ្សារឧត្តរៈ, ផ្សារលូ, ផ្សារដូនទាវ, ផ្សារកន្ទួត, ផ្សាររស្មីបាត់ដំបង, ផ្សារបឹងរាំង, ផ្សារវត្តរកា, ផ្សារទំនើបបុរីថ្មី, ផ្សាររាត្រីក្រុងបាត់ដំបង, ផ្សារវត្តតាមិម, ផ្សារស្លក្រាម, ផ្សារកំណប់, ផ្សារព្រែកតាច្រែង, ផ្សារប្រហុក, ផ្សារសំរោងក្នុង, ផ្សារសាលាតាអន, ផ្សារព្រែកខ្ពប, ផ្សារព្រែកហ្លួង និងផ្សារសោមនស្ស។
នៅអំឡុងពេលបិតផ្សារបណ្តោះអាសន្ននេះ អាជ្ញាធរខេត្តនឹងរៀបចំទីតាំងដែលមានគម្លាតសុវត្ថិភាព ដើម្បីឱ្យអាជីវករលក់ដូរគ្រឿងឧបភោគបរិភោគ បន្លែ ត្រី សាច់ និងសម្ភារប្រើប្រាស់ចាំបាច់។ យ៉ាងណាក៏ដោយ អ្នកលក់ដូរ និងអ្នកទិញទាំងអស់ តម្រូវឱ្យពាក់ម៉ាស់ និងលាងសម្អាតដៃសម្លាប់មេរោគជាមួយជែល ឬអាល់កុលជាប្រចាំ។
សូមរំឭកថា កាលពីថ្ងៃទី៣១កក្កដាម្សិលមិញ រដ្ឋបាលខេត្តបាត់ដំបង ក៏បានសម្រេចបិទផ្សារចំនួន ២៧ទីតាំងផងដែរ ដែលស្ថិតនៅក្រុងបាត់ដំបង, ស្រុកថ្មគោល, ស្រុកសង្កែ,ស្រុកមោងឫស្សី និងស្រុកកំរៀង ដើម្បីទប់ស្កាត់ការរាលដាលនៃកូវីដ-១៩។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១កក្កដា ខេត្តបាត់ដំបង មានអ្នកឆ្លងកូវីដ-១៩ សរុប ៣,៣៧៦នាក់ ជាសះស្បើយចំនួន ២,០២៩នាក់ និងស្លាប់មានចំនួន ៤៣នាក់៕