រថយន្ត
អន្តរជាតិ
គយអ៊ីតាលីរឹបអូស Rolls Royce មួយគ្រឿង ដោយសារខាងក្នុងរថយន្តស្រោបដោយស្បែកក្រពើ
02, Aug 2021 , 7:59 pm        
រូបភាព
ដោយ: ធីតា
កាលពីពេលថ្មីៗកន្លងមកនេះ គយអ៊ីតាលីបានរឹបអូសយក Rolls Royce Phantom ដ៏ទំនើបមួយគ្រឿង ដោយសារតែផ្នែកខាងក្នុងនៃរថយន្ត សុទ្ធតែស្រោបដោយស្បែកក្រពើ។ យោងតាមការផ្សាយរបស់ Motor1 អាជ្ញាធរអ៊ីតាលី ពង្រឹងការអនុវត្តសន្ធិសញ្ញាអន្តរជាតិស្តីពីការការពាររុក្ខជាតិ និងពពួកសត្វជិតផុតពូជ។
 
Rolls Royce Phantom មួយគ្រឿងនោះ ជាការបញ្ជាទិញពីរុស្ស៊ី ដោយអតិថិជនម្នាក់នៅអ៊ីតាលី។ តួរថយន្តទាំងមូលមិនមានបញ្ហាអ្វីនោះឡើយ ប៉ុន្តែពេលទៅដល់អ៊ីតាលី មន្ត្រីគយ បានកត់សម្គាល់ពីលក្ខណៈពិសេសរបស់វា ជាពិសេសពូករថយន្ត និងគ្រឿងផ្សេងៗ សុទ្ធតែស្រោបជាពិសេសដោយស្បែកក្រពើ។
 


ក្រោយការស៊ើបអង្កេត ការប្រើប្រាស់ស្បែកក្រពើនេះ មិនមែនចេញពីប្រភពក្រុមហ៊ុន Rolls Royce នោះឡើយ ប៉ុន្តែជាតុបតែងលម្អបន្ថែមតាមការបញ្ជាទិញ។ អាជ្ញាធរ បានសម្រេចដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកនាំចូលរថយន្ត ដើម្បីឈានទៅការដាក់ពិន័យផ្លូវការ។ ម្ចាស់រថយន្តត្រូវបានតម្រូវឲ្យបកស្បែកក្រពើនោះចេញ ទើបអាចមានសិទ្ធិយករថយន្តពីភ្នាក់ងារគយទៅប្រើប្រាស់។
 
ក្រពើស្ថិតក្នុងចំណោមពូជសត្វដែលត្រូវការពារតាមអនុសញ្ញាក្រុងវ៉ាស៊ីនតោនស្តីពីការពាណិជ្ជកម្មអន្តរជាតិទាក់ទងរុក្ខជាតិ និងសត្វដែលជិតផុតពូជ។ អ៊ីតាលីស្ថិតក្នុងចំណោមប្រទេសហត្ថលេខីចំនួន១៦០ បើគិតចាប់តាំងពីឆ្នាំ១៩៧៥មក៕
 


© រក្សាសិទ្ធិដោយ thmeythmey.com