អន្តរជាតិ
យុវជនសេណេហ្គាល់ម្នាក់តែងខ្លួនជាស្រីដើម្បីចូលប្រឡងជំនួសមិត្តស្រី
06, Aug 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
យុវជនសេណេហ្គាល់ម្នាក់ និងមិត្តស្រីរបស់ខ្លួន ត្រូវប្រឈមមុខនៅតុលាការក្រុង Diourbel ពីបទក្លែងបន្លំការប្រឡង បន្លំអត្តសញ្ញាណ និងសមគំនិត។ យុវជននោះ រងការចោទប្រកាន់ថា បានស្លៀកពាក់តែងខ្លួនជាស្រីចូលទៅប្រឡងសញ្ញាបត្រជំនួសមិត្តស្រីរបស់ខ្លួន។
 
Khadim Mboup អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទីមួយ រីឯ Gangue Dioum ដែលជាមិត្តស្រី ត្រូវប្រឡងសញ្ញាបត្រឆ្នាំសិក្សា២០២០-២០២១ ដើម្បីត្រៀមចូលសាកលវិទ្យាល័យ។ Mboup បានធ្វើដំណើរប្រមាណ២ម៉ោងពីក្រុងដាកា ឆ្ពោះទៅកាន់ក្រុង Diourbel ដើម្បីប្រឡងជំនួសមិត្តស្រីរបស់ខ្លួន។
 
គេបានពាក់រូបពណ៌ក្រហម រួមជាមួយស្បៃមុខ និងម៉ាស់ ដើម្បីបន្លំចូលប្រឡងជំនួសសង្សារខ្លួន។ នាបរិបទកូវីដ-១៩ មេប្រយោគមិនបានផ្ទៀងផ្ទាត់ពេញលេញឡើយជាពិសេសពីរថ្ងៃដំបូង។ ឈានដល់ថ្ងៃទីបីនៃការប្រឡង ពោលគឺចំម៉ោងវិញ្ញាសាភាសាអង់គ្លេស គណៈមេប្រយោគបានចាប់អារម្មណ៍ពីសម្លៀកបំពាក់ដែលខុសប្លែក ហើយបានសាកសួរ មុននឹងទាក់ទងឲ្យប៉ូលិសចាប់ខ្លួន។
 
យោងតាមការផ្សាយរបស់សារព័ត៌មាន Jeune Afrique យុវជន Mboup បានអះអាងប្រាប់ក្រុមអ្នកស៊ើបអង្កេតថា គេមានបំណងបង្ហាញពីក្តីស្រឡាញ់ស្មោះស្ម័គ្ររបស់ខ្លួនចំពោះមិត្តស្រី ដែលមិនសូវចេះភាសាអង់គ្លេស។
 
ជាមួយគ្នានេះ Dioum ដែលជាមិត្តស្រីក៏ត្រូវបានចាប់ខ្លួនផងដែរ ពីបទសមគំនិតបន្លំការប្រឡង ដោយអ្នកទាំងពីរត្រូវប្រឈមមុខចំពោះតុលាការនៅក្រុង Diourbel ផ្ទាល់។
 
រូបភាពរបស់ Mboup ត្រូវបានផ្សព្វផ្សាយពេញប្រទេសសេណេហ្គាល់ និងបណ្តាញសង្គម ហើយករណីនេះ បានធ្វើឲ្យអង្គការការពារសិទ្ធិមនុស្សនៅសេណេហ្គាល់ (Raddho) រិះគន់ក្រុមមន្ត្រីប៉ូលិសយ៉ាងខ្លាំងចំពោះការបង្ហោះរូបជាសាធារណៈ៕
 

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com