ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​ជីវជាតិ ៦ យ៉ាង អាច​ជួយ​មិនឲ្យ​មាន​ជំងឺពុក​ឆ្អឹង​បាន​
28, Dec 2022 , 6:59 am        
រូបភាព
​បើ​យោង​ទៅតាម International Osteoporosis Foundation បានឲ្យដឹងថា ស្ត្រី​ប្រមាណ ២០០​លាន​នាក់ ទូទាំង​ពិភពលោក​បាន​កើត​ជំងឺ​ពុក​ឆ្អឹង​។ ភាគច្រើន​ស្ត្រី​ទាំងនោះ អាយុ​ចាប់ពី ៦០ ទៅ ៨០ ឆ្នាំ​។ ជំងឺ​នេះ​ប៉ះពាល់​យ៉ាងខ្លាំង ទៅលើ​ភាពរឹងមាំ​របស់​ឆ្អឹង និង​អាច​បង្ក​ជាការ​បាក់បែក​ឆ្អឹង​កង​ខ្នង សន្លាក់​ត្រគាក និង​សន្លាក់​ផ្សេងៗ​ទៀត​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​អាច​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​នេះ​បាន​តាមរយៈ​បញ្ចូល​ជីវជាតិ ៦ ប្រភេទ​ខាងក្រោម​នេះ ទៅ​ក្នុង​របប​អាហារ​ឲ្យបាន​ច្រើន​។​
 
​ផូស្វ័​រ​
​ជាតិ​ផូស្វ័រ​ក្នុង​រាងកាយ ប្រហែល ៨៥ ភាគរយ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ឆ្អឹង​។ យ៉ាងណាមិញ កង្វះ​ជីវជាតិ​មួយ​នេះ គឺជា​រឿង​កម្រ​ណាស់ ព្រោះ​វា​អាហារ​ភាគច្រើន តែងតែ​មាន​វា​ជានិច្ច​។ ម្យ៉ាងវិញទៀត ការ​ញ៉ាំ​ជីវជាតិ​នេះ​ច្រើន​ពេក ក៏​អាច​បណ្តាល​ឲ្យ​ឆ្អឹង​ខ្សោយ​បានដែរ ព្រោះ​រាងកាយ​ត្រូវ​ឆ្លើយតប នឹង​វា​តាមរយៈ​ការបញ្ជូន​ជាតិ​កាល់ស្យូម​ចេញពី​ឆ្អឹង ចូល​ក្នុង​ចរន្តឈាម ដើម្បី​រក្សា​តុល្យភាព​។ ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ត្រី គ្រាប់​ផ្លែឈើ​គ្រប់​ប្រភេទ និង​សាច់ សុទ្ធតែ​ជា​ប្រភព​ដ៏​ល្អ របស់​ជាតិ​ផូស្វ័រ​នេះ​។
ម៉ាញ៉េ​ស្យូម​
​ជាតិ​ម៉ាញ៉េស្យូម​របស់រាង​កាយប្រមាណ ៦០ ភាគរយ​ត្រូវបាន​រកឃើញ​ក្នុង​គ្រោងឆ្អឹង​។ ក្រៅពីនេះ វា​ក៏​មាន​តួនាទី​ជួយ​ថែរក្សា​សុខភាព​បេះដូង និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ដែរ​។ បន្លែ​ពណ៌​បៃតង ត្រី​សាល​ម៉ុង ត្រីធូ​ណា ផ្លែ​ប័រ ចេក និង​សូកូឡា​ខ្មៅ គឺជា​ប្រភព​ដ៏​ល្អ របស់​ជីវជាតិ​មួយ​នេះ​។
វីតាមីន C
​ជីវជាតិ​នេះ​ដើរតួនាទី​ដ៏​សំខាន់​មួយ ក្នុង​ការថែរក្សា​កម្រិត​សាច់​ឆ្អឹង​ឲ្យបាន​ខ្ពស់បំផុត​។ ដើម្បី​ទទួលបាន​ជីវជាតិ​នេះ អ្នក​អាច​ញ៉ាំ​ផ្លែឈើ​ដូចជា ផ្លែ​គី​វី ល្ហុង ពពួក​ផ្លែ​បឺរី និង​ក្រូច​បាន​។ បន្លែ​ដូចជា ប្រូ​ខូលី ប៉េង​ប៉ោះ និង​សណ្តែក​ហរ​ឡាំង​តាវ ក៏​សម្បូរ​វីតាមីន C ដែរ​។
ហ្វុយ​អ័​ររ៉ាយ​
​សារធាតុ​មួយ​នេះ ត្រូវបាន​គេ​ស្គា់​ថា អាច​ជួយ​កាត់បន្ថយ​បញ្ហា​ពុក​ធ្មេញ និង​ជួយ​ថែរក្សា​ឆ្អឹង ឲ្យមាន​សុខ​ភាពល្អបាន​។ ប្រភព​ដែល​យើង​អាច​ទទួលបាន ជីវជាតិ​មួយ​នេះ​គឺ តែ​ខ្មៅ ដំឡូង និង​អាហារ​សមុទ្រ ដូចជា​ក្តាម​ជាដើម​។​
ប៉ូ​តា​ស្យូម​
​បើសិន​ជា​របប​អាហារ​អ្នក សម្បូរ​ទៅដោយ​បន្លែ និង​ផ្លែឈើ​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម​ហើយ​នោះ វា​ប្រហែលជា​ជួយ​កាត់បន្ថយ តម្រូវការ​ជាតិ​កាល់ស្យូម ដែល​បំបែក​ចេញពី​ឆ្អឹង​ហើយ​។ អាហារ​ដែល​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម មានដូចជា សណ្តែក​ស ស្ពៃ​ស្ពីណា​ច ដំឡូង​បារាំង យ៉ា​អួរ ផ្សិត និង​ចេក​។
ស័ង្គសី​
​គេ​ដឹង​ច្បាស់​ថា វីតាមីន D មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ឲ្យ​ឆ្អឹង​មាន​សុខភាព​ល្អ​។ យ៉ាងណាមិញ ជាតិ​ស័ង្គសី ក៏​ដើរ​តួនាទី​សំខាន់​ច្រើន​ដែរ ក្នុង​ការជួយ​បឺត​ស្រូប​វីតាមីន D ចូលទៅ​ក្នុង​ឆ្អឹង​។ អាហារ​សម្បូរ​ជាតិ​ស័ង្គសី មានដូចជា អ័យ​ស្ទើរ ស្ពៃ​ស្ពីណា​ច គ្រាប់​ល្ពៅ គ្រាប់ស្វាយ​ច័ន្ទី និង​សាច់មាន់​ជាដើម​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com