សិល្បៈអន្តរជាតិ
អន្តរជាតិ
Nightbirde ដែលបានប៊ូតុងមាសពី Simon ដកខ្លួនពី AGT ដោយសារ​ជំងឺមហារីករើឡើងវិញ
07, Aug 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
Jane Marczewski ដែលមានឈ្មោះសំដែងថា «Nightbirde» បាន​ដកខ្លួន​ចេញពី​ការប្រកួតប្រជែងសមត្ថភាព America’s Got Talent (AGT) ដោយសារ​ជំងឺមហារីក​នៅ​ក្នុងខ្លួន​រើឡើងវិញ។ ម្ចាស់ប៊ូតុងមាសពី​លោក Simon Cowell រូបនេះ បាន​ប្រកាសពី​ការសម្រេចចិត្ត​របស់ខ្លួន​តាមរយៈបណ្តាញសង្គម Instagram។
 
Nigthbirde បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​មនុស្សជាច្រើននៅ​លើពិភពលោក ពី​ការ​ប្រឹងប្រែង​របស់ខ្លួនប្រកបដោយជំនឿជាក់​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ ក្នុងការប្រកួតប្រជែងទេពកោសល្យ America’s Got Talent នាងបានច្រៀងបទ «It’s OK» ដែលជាស្នាដៃនិពន្ធថ្មី​ដោយខ្លួនឯង។ គណៈមេប្រយោគ​ និងអ្នកទស្សនាទាំងអស់សុទ្ធតែរំជួលចិត្ត ហើយ​លោក Simon Cowell បានចុចប៊ូតុងមាស ដែលនាំឲ្យបេក្ខនារីរូបនេះ ឈាន​ទៅវគ្គ​ផ្សាយផ្ទាល់ដោយស្វ័យប្រវត្តិ។


 
«ចាប់តាំងពីការ​ប្រកួតប្រជែងមក សុខភាព​របស់ខ្ញុំ​ស្រាប់តែវិល​ទៅ​រកស្ថានភាពអាក្រក់ ហើយ​ការប្រយុទ្ធប្រឆាំង​នឹងជំងឺមហារីក គឺ​ត្រូវការថាមពល និង​ការប្រុងប្រយ័ត្នខ្ពស់ពី​ខ្លួន​ខ្ញុំផ្ទាល់»។ Nighbirde បាន​សរសេរយ៉ាងដូច្នេះ ដោយ​បន្ថែមថា៖ «ខ្ញុំសោកស្តាយណាស់ ដែល​ប្រកាសថា ខ្ញុំ​មិនអាច​បន្តដំណើរទៅមុខ​ក្នុង AGT នា​រដូវកាលនេះបាន»។
 
 
បច្ចុប្បន្ន​វ័យ​៣០​ឆ្នាំ Marczewski ដែលមាន​កំណើត​នៅ​រដ្ឋ Ohio  ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យឃើញមានជំងឺមហារីកសុដនកាលពីឆ្នាំ​២០១៧ ហើយ​កាលពីឆ្នាំ​២០១៩ នាងទទួល​ការបញ្ជាក់ពីវេជ្ជបណ្ឌិត​ថា អាច​រស់បាន​ត្រឹមតែ​៣ខែប៉ុណ្ណោះ។ បែរក្រោយនាងបានជម្នះនឹងជំងឺនេះ។
 
តាម​ឃ្លីបវីដេអូ ក្រោយទទួលបាន​ប៊ូតុងមាសពីលោក Simon បេក្ខនារី Nightbirde បាន​លើក​ឡើងថា៖ «ក្តីសង្ឃឹម២ភាគរយ មិនមែន​សូន្យភាគរយនោះឡើយ។ ២ភាគរយគឺជាអ្វីដែលត្រូវប្រឹងប្រែង»។
 
​ការប្រកាស​ដកខ្លួន​ចេញពី AGT ដោយសារតែជំងឺមហារីកធ្វើទុក្ខសារជាថ្មីនេះ ធ្វើឲ្យ​ក្រុមអ្នកគាំទ្រ រួមទាំងតារាល្បីៗលើពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពួក​គេបាននាំគ្នាផ្ញើសារលើកទឹកចិត្ត Nightbirde ឲ្យ​បន្តភាព​រឹងមាំរបស់ខ្លួន។
 
ក្នុង Instagram ដដែល Nightbirde បាន​សរសេរថា៖ «សូមនៅជាមួយ​ខ្ញុំ ខ្ញុំនឹង​ប្រសើរឡើង​វិញនាពេលឆាប់ៗ។ ខ្ញុំមានគម្រោងសម្រាប់អនាគតរបស់ខ្ញុំ មិនមែន​ជាកេរដំណែល​របស់ខ្ញុំឡើយ។ ខ្ញុំប្រឹងប្រែងបន្ត​ប្រយុទ្ធ ព្រោះខ្ញុំនៅតែមាន​ក្តីសុបិន្ត»៕
 

Tag:
 AGT
© រក្សាសិទ្ធិដោយ thmeythmey.com