កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីហែលទឹកអាមេរិកប្រាប់អ្នកសារព័ត៌មានកុំទៅសម្ភាសអត្តពលិកដែលចាញ់ការប្រកួត 07, Aug 2021 , 8:29 pm
Simone Manuel នាការប្រកួតកីឡាហែលទឹកអូឡាំពិកក្រុងតូក្យូ។ រូបថត AFP
× កីឡាករហែលទឹកអាមេរិក Simone Manuel បាននិយាយថា អត្តពលិក មិនគួរមានបទសម្ភាសភ្លាមៗជាមួយអ្នកសារព័ត៌មានឡើយ បន្ទាប់ពីពួកគេចាញ់ការប្រកួត ព្រោះវាអាចប៉ះពាល់ដល់បញ្ហាផ្លូវចិត្ត និងអារម្មណ៍។ នេះបើតាមការផ្សាយរបស់ AFP។
«សូមមេត្តាឈប់សម្ភាសអត្តពលិកភ្លាមៗ ក្រោយពួកគេទទួលបានលទ្ធផលមិនល្អ ត្រូវរង់ចាំពេលវេលាដ៏សមស្រប»។ Manuel បានសរសេរយ៉ាងដូច្នេះនៅលើបណ្តាញសង្គម Twitter របស់ខ្លួន ដោយអះអាងថា រាល់អត្តពលិកទាំងអស់សុទ្ធតែប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការប្រកួត។
Simone Manuel អាយុ២៤ឆ្នាំ មិនទទួលបានលទ្ធផលដូចការគ្រោងទុកនោះឡើយក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ ខណៈកាលពីព្រឹត្តិការណ៍នៅ Rio de Janeiro គេបានឈ្នះមេដាយមាស២ និងប្រាក់២។ សម្រាប់ព្រឹត្តិការណ៍ដែលរៀបចំនៅឆ្នា២០២១នេះ Manuel ទទួលបានត្រឹមមេដាយសំរឹទ្ធតែ១ប៉ុណ្ណោះលើវិញ្ញាសាហែលសេរី 4x100 ម៉ែត្រ ខណៈការប្រកួតហែលឯកត្តជន៥០ម៉ែត្រ នាងមិនបានឈានដល់វគ្គផ្តាច់ព្រ័ត្រឡើយ។
Manuel ទាមទារឲ្យមានការការពារសុខភាពផ្លូវចិត្តអត្តពលិក ដោយនិយាយថា អ្នកប្រកួតប្រជែងឆ្នើមៗ មិនគួរត្រូវបានតម្រូវឲ្យនិយាយប្រាប់គេ បន្ទាប់ពីលទ្ធផលមិនសមប្រកបនោះឡើយ។ «ចូរមើលមកយើងទាំងអស់គ្នា ក្នុងនាមជាមនុស្សប្រកបដោយមនោសញ្ចេតនា»។ នាងបានលើកឡើងយ៉ាងដូច្នេះ។
កាលពីខែមិថុនា កន្លងមក Manuel បានលើកឡើងពីស្ថានភាពផ្លូវចិត្តមិនអំណោយផលរបស់ខ្លួន ដែលមិនខុសពីករណីកីឡាការិនីកាយសម្ព័ន្ធអាមេរិក Simone Biles និងកីឡាការិនីវាយកូនបាល់ជប៉ុន Naomi Osaka នោះឡើយ។ ពួកគេស្ថិតនៅក្រោមសម្ពាធ ហើយក៏ត្រូវបានតម្រូវឲ្យឆ្លើយសំណួរទៅកាន់អ្នកសារព័ត៌មានថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com