រថយន្ត
អន្តរជាតិ
ដោយសារមិនសូវចេះបើកបរ ម្ចាស់មេដាយមាសហ្វីលីពីនបានម៉ូតូ១ទៀត បន្ថែមលើរថយន្ត២គ្រឿង
23, Aug 2021 , 7:59 pm        
រូបភាព
ដោយ: ធីតា
ការឈ្នះមេដាយមាស​អូឡាំពិកជាប្រវត្តិសាស្ត្រ​សម្រាប់ហ្វីលីពីន បាន​កែប្រែជីវិត​របស់​កីឡាការិនីលើកទម្ងន់ Hidilyn Diaz យ៉ាងខ្លាំង។ ក្រៅពីប្រាក់រង្វាន់សន្ធឹកសន្ធាប់ វីរនារីហ្វីលីពីន​រូបនេះ ទទួលបានជាបន្តបន្ទាប់នូវ រថយន្ត២គ្រឿង និង​ចុងក្រោយម៉ូតូ១គ្រឿងទៀត ដោយតែគាត់បានអះអាង មិនចេះបើក​បររថយន្តស្ទាត់ជំនាញនោះឡើយ។


ក្រុមហ៊ុន Kia Philippines បានប្រគល់រថយន្ត Kia Stonic ពណ៌មាស ដល់ Hidilyn Diaz ដែលត្រូវបាន ចាត់ទុកថាជានារីមាស (Golden Girl) របស់ហ្វីលីពីន។ បន្ទាប់មក ក្រុមហ៊ុន​ក្នុងស្រុក United Asia Automotive Group (UAAGI) បាន​ជូនរថយន្ត Foton TransVan ១៣កៅអី មួយបន្ថែមទៀត។
 
ក្នុងបទសម្ភាស​ជាមួយសារព័ត៌មានយានយន្ត Top Bikes Philippines កីឡាការិនី Diaz បានអះអាងថា គាត់​មិនសូវចេះបើក​បររថយន្តនោះឡើយ ហើយតាមទម្លាប់កន្លងមក គាត់ប្រើប្រាស់ម៉ូតូសម្រាប់ការធ្វើដំណើរ ជាពិសេសក្នុងដំណើរទៅមកពីផ្ទះនៅ​ក្រុង Zamboanga និងកន្លែងហ្វឹកហាត់។
 
ដើម្បីសម្រួលដល់ការធ្វើដំណើរ​របស់កីឡាការិនីរូបនេះ ក្រុមហ៊ុន Suzuki Philippines បាន​ប្រគល់ជូនម៉ូតូ Skydrive Sport ពណ៌ខៀវចាស់មួយគ្រឿងទៀត។ «ខ្ញុំជ្រើសរើសពណ៌នេះ ដោយខ្លួនឯង ខ្ញុំចូល​ចិត្តវា»។ នេះជាការបញ្ជាក់របស់ Diaz ទាក់ទងនឹងពណ៌តំណាងឲ្យម៉ូដែលឆ្នាំ២០២១។
 
ទោះបីជាយ៉ាងណាក៏ដោយ Diaz ត្រូវបាន​លើកទឹក​ចិត្តឲ្យ​រៀន​បើករថយន្តស្ទាត់ជំនាញ ខណៈក្រុមហ៊ុន Kia ជាអ្នក​រាប់​រង​លើការបង្រៀនបើក​ Kia Stonic ដោយ​ផ្ទាល់​របស់នាង។ 
 
ក្រុមហ៊ុនប្រេងឥន្ទនៈ Phoenix Petroleum បានសន្យាផ្គត់ផ្គង់ប្រេងសាំង រីឯក្រុមហ៊ុន AirAsia ក៏បានសំបុត្រយន្តហោះដោយឥតគិតថ្លៃ ពេញមួយជីវិតផងដែរ។ ជ័យលាភីមេដាយផ្សេងទៀត​របស់ហ្វីលីពីន
 
បណ្តាប្រទេសផ្សេងទៀតសុទ្ធតែបានផ្តល់រង្វាន់រថយន្តដល់ជ័យលាភីមេដាយរបស់ខ្លួន ជាពិសេស​មេដាយមាស និងមេដាយណាមួយដែលប្រទេសទទួលបានជាប្រវត្តិសាស្ត្រ។ តួកមេនីស្ថាន បាន​ផ្តល់​រថយន្តមួយគ្រឿងដល់​កីឡាការិនីលើកទម្ងន់ Polina Guryeva ដែលបានឈ្នះមេដាយ​ប្រាក់ជាប្រវត្តិសាស្ត្រ​សម្រាប់ប្រទេសជាតិ។ 
 
នៅគូវែត កីឡាករបាញ់កំភ្លើង Adbullah Al-Rashidi ដែលឈ្នះតែមេដាយសំរឹទ្ធ១គត់ បានទទួល​រថយន្ត Volvo ស៊េរីថ្មី ដែល​ផ្តល់ដោយក្រុមហ៊ុន BNK Automotive ដែលជាតំណាងចែកចាយ Volvo ប្រចាំប្រទេស។ នៅអ៊ូហ្កង់ដា ជ័យលាភីមេដាយទាំងអស់ បានរថយន្តពី​ប្រធានាធិបតី។
 
ឥណ្ឌា និងចិន ក៏ស្ថិតក្នុងចំណោម​ប្រទេសដែលផ្តល់រថយន្ត​ដល់ជ័យលាភីមេដាយអូឡាំពិក​ផងដែរ ក្រៅពី​ប្រាក់រង្វាន់​ដ៏ច្រើន​សន្ធឹកសន្ធាប់៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com