រថយន្ត
អន្តរជាតិ
Mercedes-Benz 540K ​ឆ្នាំ១៩៣៨ ឈ្នះពានក្នុងកម្មវិធី Pebble Beach Councours d’Elegance
23, Aug 2021 , 8:19 pm        
រូបភាព
ដោយ: ធីតា
Mercedes-Benz 540K Autobahn Kurier ដែល​ផលិត​នៅ​ឆ្នាំ​១៩៣៨ បាន​ជាប់ជារថយន្តដ៏ទាក់ទាញ​បំផុត (Best of Show Winner) នា​ខួប​លើកទី​៧០​នៃកម្មវិធី Pebble Beach Concours d’Elegance។ ដោយសារ​កូវីដ-១៩ ព្រឹត្តិការណ៍បង្អួតម៉ូដរថយន្ត​ប្រចាំដែល​រៀបចំនៅ​ឆ្នេរ Pebble រដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាមេរិក បាន​ដំណើរ​ការតាម​ប្រព័ន្ធអនឡាញ កាលពី​ថ្ងៃទី​២១ ខែសីហា កន្លងមក។
 
1938 Mercedes-Benz 540K ត្រូវបាន​បង្ហាញដោយ​ក្រុម​ហ៊ុន The Keller Collection នៅទីលាន The Pyramids នៃ​ឆ្នេរ Pebble។ រថយន្តនេះ ជាកម្មសិទ្ធិ​របស់​លោក Arturo និងអ្នកស្រី Deborah Keller ហើយពានរង្វាន់ Best of Show Winner នាខួបលើកទី៧០នៃព្រឹត្តិការណ៍ Pebble Beach Concours d’Elegance ជាការទទួល​លើកទី៣​ផងដែរ​របស់ម្ចាស់រថយន្ត។ 


 
កាលពី​ឆ្នាំ​១៩៨៦ គ្រួសារ Kellers បាន​ឈ្នះពាន Pebble Beach ជាមួយរថយន្ត Mercedes-Benz 500K Special Roadster ដែល​ផលិត​នៅ​ឆ្នាំ​១៩៣៦ ហើយនៅឆ្នាំ​២០០១ បានឈ្នះជាមួយ​រថយន្ត Mercedes-Benz SS Erdmann & Rossi Roadster ផលិត​ឆ្នាំ​១៩៣០។​ 
 
1938 Mercedes-Benz 540K Autobahn Kurier បានទាក់ទាញ​ចំណាប់អារម្មណ៍តាំងពីពិព័រណ៌ Berlin Motor Show ឆ្នាំ​១៩៣៨មកម្ល៉េះ។ វាជារថយន្ត​តែមួយគត់ដែលនៅដំណើរការ​ក្នុងចំណោម​ម៉ូដែលដូចគ្នា ​ផលិត​​នៅ​ឆ្នាំ​១៩៣៨ ដូចគ្នា ហើយ Mercedes-Benz 540K នេះ ជារថយន្តមួយក្នុងចំណោម​៦ដែល​ផលិត​ដោយ Autobanh-Kuriers។
 
សម្រាប់ខួប​លើកទី​៧០​ឆ្នាំនៃព្រឹត្តិការណ៍ Pebble Beach Concours d’Elegance នេះ 1938 Mercedes-Benz 540K Autobahn Kurier ទទួល​បាន​ប្រជាប្រិយភាពជាង​រថយន្ត​២៧​ប្រភេទេទៀត​ ដែលក្នុងនោះមាន 1910 Winton, 1930 Duesenberg, 1957 Cadillac និង 1981 Lamborghini Countach ជាដើម។
 
រថយន្តនេះ ត្រូវបាន​ទិញ​យកទៅប្រើ​ប្រាស់ដំបូងដោយ​វេជ្ជបណ្ឌិត​អេស្ប៉ាញ ឈ្មោះ Ignacio Barraquer នា​ឆ្នាំ​១៩៣៨ ហើយ​បាន​ឆ្លងកាត់​ដំណើរ​ពីអាហ្វ្រិក​ខាងជើង ទៅអូទ្រីស និងស្វីស​ជាដើម នាអំឡុង​ឆ្នាំ​១៩៥០ ហើយ​ក្រុម​គ្រួសារ Kellers បាន​ក្លាយជាម្ចាស់កម្មសិទ្ធិចាប់តាំងពីឆ្នាំ​២០០៣មក៕
 





© រក្សាសិទ្ធិដោយ thmeythmey.com