កីឡាជាតិ
ជាតិ
លីគកំពូលកម្ពុជា៖ កីឡាករជាង១០រូប បានដោះដូរក្លិប សម្រាប់ការប្រកួតជើងទី២
25, Aug 2021 , 10:32 am        
រូបភាព
ភ្នំពេញ៖ ទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជារដូវកាល២០២១ បានបិទបញ្ចប់ហើយ សម្រាប់ការប្រកួតជើងទី២ នៃពានរង្វាន់មិត្តហ្វូន ។ ក្នុងនោះកីឡាករជាង១០រូប បានផ្លាស់ប្ដូរក្លិបថ្មី ។
 
ក្នុងដំណើរការដោះដូរកីឡាករ ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ គឺអនុញ្ញាតឱ្យក្លិបនីមួយៗ អាចផ្លាស់ប្តូរកីឡាករជាតិបាន ៣រូប និងកីឡាករអន្តរជាតិបាន ២រូបប៉ុណ្ណោះ។ 
 
បឹងកេត
Abee Ndjoo Huber ក្លាយជាកីឡាកររបស់បឹងកេតជាផ្លូវការហើយ កាលពីថ្ងៃទី២៣ សីហា។ ក្លិបបាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធីត បានសម្រេចផ្ទេរកីឡាករ ABEE NDJOO HURBERT ទៅកាន់ក្លិបបាល់ទាត់បឹងកេត ក្នុងលក្ខខណ្ឌរវាងក្លិប និងក្លិប។
 
កីឡាករសញ្ជាតិកាមេរ៉ូនរូបនេះ រកគ្រាប់បាល់១០គ្រាប់ សម្រាប់ការប្រកួតជើងទី១កន្លងមកនេះ ដោយឈរពីក្រោយខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង Jean Marie Privat ដែលមាន ១១ គ្រាប់ក្នុងដៃ ។
 
ក្រៅពីនាំចូលកីឡាករថ្មីនេះ ក្លិបបឹងកេត ក៏បានប្រកាសចែកផ្លូវជាមួយកីឡាករ Marko Rajkovic ។ Marko Rajkovic បានចូលរួមជាមួយបឹងកេត កាលពីដើមរដូវកាល ប៉ុន្ដែឆ្លងកាត់ប្រកួតជើងទី១ កន្លងមក ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីរូបនេះ ហាក់ធ្វើមិនសូវបានល្អឡើយ ដោយបង្ហាញខ្លួន ៧លើក ហើយរកបាន ១គ្រាប់ប៉ុណ្ណោះ ។ ដោយសារលទ្ធផលមិនគាប់ចិត្តបែបនេះ ក៏ជាមូលហេតុដែលនាំឱ្យបឹងកេត សម្រេចចែកផ្លូវជាមួយអតីតសមាជិកក្លិប Happy Valley AA នៃលីគកំពូលហុងកុងតែម្ដង ។ មកដល់ពេលនេះ មិនទាន់មានព័ត៌មានផ្លូវការណាមួយថា កីឡាកររូបនេះ នឹងទៅចូលជាមួយក្លិបណាឡើយ។
 
ជាមួយគ្នាក្លិបបាល់ទាត់បឹងកេត បានព្រមព្រៀងក្នុងការផ្ទេរកីឡាករខ្សែការពារ ទេស សម្បត្តិ ទៅកាន់ក្លិបវិសាខា ផងដែរ។ ទេស សម្បត្តិ បានចូលរួមជាមួយបឹងកេត កាលពីឆ្នាំ២០១៩។
 
វិសាខា
 
 
ក្រៅពីចុះកុងត្រាជាមួយកីឡាករ ទេស សម្បត្តិ កាលពីថ្ងៃទី២៣ សីហា ហើយ ក្លិបវិសាខា ដែលមិនទាន់ស្គាល់ពាក្យថា ចាញ់ ក្រោយឆ្លងកាត់១០ប្រកួតកន្លងមកនេះ ក៏បាននាំចូលកីឡាករថ្មីៗជាច្រើនរូបទៀតផងដែរ។ ក្នុងនោះ មាន កីឡាកកូរ៉េខាងត្បូង Lee Jae Gun សញ្ជាតិកូរ៉េខាងត្បូង នៅក្នុងអំឡុងពេលខែកក្កដា មុនបើករដូវកាលដោះដូរកីឡាករ២ថ្ងៃ។ កីឡាករវ័យ២៤ឆ្នាំរូបនេះ បានផ្ដើមអាជីពដំបូង ជាមួយក្លិប AFC Tubize នៅក្របខណ្ឌលីគទី២ ប្រទេសប៊ែលហ្ស៊ិក ចាប់ពីឆ្នាំ២០១៧-២០១៩ មុននឹងផ្ទេរទៅក្លិប Chungnam Asan FC នៃលីគទី២ ប្រទេសកូរ៉េខាងត្បូង។
 
 
ដោយឡែកកីឡាករ Cristian Alex ក៏ជាចំណូលថ្មីរបស់វិសាខាដែរ។ កីឡាករសញ្ជាតិប្រេស៊ីលមានវ័យ ២៧ឆ្នាំវិញ មានបទពិសោធន៍លើទីលានជាង១០ឆ្នាំមកហើយ ទាំងនៅតំបន់អឺរ៉ុប និងអាស៊ី ពិសេសនៅអាស៊ាន។ រូបគេធ្លាប់លេងឲ្យក្លឹបជាច្រើននៅថៃ ដូចជាក្លិប Chiangmai FC , Khonkaen FC និង Songkhla FC មុនផ្ទេរមកវិសាខាពេលនេះ។
 

 
បន្ថែមពីនេះ វិសាខា ក៏បាននាំយកខែ្សការពារកណ្តាល ញឹម លីហួរ ផងដែរ ក្រោមកិច្ចព្រមព្រៀងខ្ចីជើងពីក្លិបបាល់ទាត់ខេត្តព្រៃវែង។ កីឡាកររូបនេះ ជួយឱ្យក្លិបព្រៃវែងឈ្នះពាន Hun Sen Cup ថ្នាក់ខេត្តឆ្នាំ២០២០ , ឈ្នះជើងឯក ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ និងថ្នាក់ខេត្តផ្សេងទៀតដែរ។
 
ទន្ទឹមនឹងការនាំកីឡាករថ្មីចូលក្លិបនោះ វិសាខា ក៏បានចែកផ្លូវជាមួយកីឡាករ Mustafa Zazai ។ ខ្សែបម្រើសញ្ជាតិអាហ្វហ្គានីស្ថាន Mustafa Zazai បានមកប្រកបអាជីពនៅកម្ពុជានៅឆ្នាំ ២០១៩ ដោយលេងឲ្យភ្នំពេញក្រោន មុនមករួមរស់ជាមួយក្លិបវិសាខានៅឆ្នាំ២០២០ ដោយបង្ហាញខ្លួនសរុប ២៧ ប្រកួតរកបាន២គ្រាប់។
 
ព្រៃវែង
 
ក្លិបបាល់ទាត់ខេត្តព្រៃវែង ក៏បានប្រកាសផ្លូវការនៃការនាំយកខ្សែប្រយុទ្ធចំណូលថ្មី ម្ចាស់អាវលេខ៣០ កីឡាករ Esoh Paul Omogba ផងដែរ ។ កីឡាកររូបនេះ បានរួមរស់ជាមួយភ្នំពេញក្រោន នៅឆ្នាំ២០១៩ ដោយបង្ហាញខ្លួនបាន១១លើក រកបាន៣គ្រាប់នៅក្នុងការប្រកួតលីគកំពូលកម្ពុជា ។ ក្រោយមិនសូវទទួលបានលទ្ធផលជោគជ័យនេះ ទើបភ្នំពេញក្រោន សម្រេចចែកផ្លូវជាមួយ Esoh Paul Omogba វិញ កាលពីខែកញ្ញា ២០២០។ 
 

 
 
ម្ចាស់អាវលេខ២៩ កីឡាករ ផាន សុផេន ក៏មកចូលរួមជាមួយក្លិបព្រៃវែង នៅជើងទី២ នៃការប្រកួតលីគកំពូលនៅកម្ពុជានេះដែរ ។ មុនមកកាន់ក្លិបថ្មីនេះ ផាន សុផេន ក៏ជាខ្សែប្រយុទ្ធឆ្នើមនៃក្លិបខេត្តបន្ទាយមានជ័យ ក្នុងការប្រកួតដណ្ដើមពានរង្វាន់សម្ដេច ហ៊ុន សែន ថ្នាក់ខេត្តផងដែរ។
 
ក្រៅពីនេះ កីឡាករខ្សែការពារ ងយ ស្រ៊ីន ក៏បានមកចូលរួមជាមួយក្លិបបាល់ទាត់ខេត្តព្រៃវែង ក្រោមលក្ខខណ្ឌខ្ចីជើង ពីក្លិបវិសាខា ទៀតផង។ ងយ ស្រ៊ីន បានផ្ដើមអាជីពបាល់ទាត់ដំបូងជាមួយក្លិបភ្នំពេញក្រោន នៅឆ្នាំ២០១២ មុនផ្លាស់ទៅលេងឱ្យក្លិបណាហ្គាវើលដ៍ នៅឆ្នាំ២០១៦។ រូបគេបានរួមរស់ជាមួយវិសាខា នៅឆ្នាំ២០១៨។
 
ព្រះខ័នរាជស្វាយរៀង

Emmanuel Junior Mbarga Mkene គឺជាកីឡាករចំណូលថ្មីរបស់ក្លិបព្រះខ័នរាជស្វាយរៀង ក្រោយភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នា កាលពីថ្ងៃទី២៣ សីហា។ ​ខ្សែ​បម្រើសញ្ជាតិកាម៉េរូន វ័យ២២​ឆ្នាំ បានលេងឲ្យក្លិបជាច្រើននៅក្របខណ្ឌព័រទុយហ្គាល់ ចាប់តាំងពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ២០២០ រួមមានក្លិប Condiexa ,Varzim B , Agueda មុនផ្ទេរទៅលេងឱ្យ​ក្លិប Tours នៅ​ប្រទេស​បារាំង ហើយក៏មករួមរស់ជាមួយក្លិប​ព្រះខ័នរាជស្វាយរៀងនេះ។

 
 
ស្របពេលយកបានខ្សែបម្រើវ័យ២២ឆ្នាំនេះ ព្រះខ័នរាជស្វាយរៀង ក៏បានប្រកាសពីចែកផ្លូវជាមួយកីឡាករ Thiago de Jesus។ ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ បានមករួមជាមួយព្រះខ័នរាជស្វាយរៀង កាលពីខៃវិច្ឆិកា ឆ្នាំ២០២០។ មុនមកលេងនៅកម្ពុជានេះ Thiago ធ្លាប់បានលេងនៅក្លិបថៃជាច្រើន ដូចជាក្លិប Samut Songkhram, Rayong និងThai Honda ចាប់ពីឆ្នាំ២០១៧ ដល់២០២០។ ក្រោយចាកចេញពីព្រះខ័នរាជស្វាយរៀង មិនទាន់មានព័ត៌មានថា Thiago នឹងទៅលេងនៅក្លិបណាឡើយ។

កងយោធពលខេមរភូមិន្ទ

ខ្សែប្រយុទ្ធ ម្ចាស់អាវលេខ១០ កីឡាករ CHAN Young Ha ក៏បានចុះកុងត្រាជាមួយក្លិបកងយោធពលខេមរភូមិន្ទហើយដែរ។ មុនផ្ទេរមកលេងនៅកម្ពុជា កីឡាករវ័យ ២០ឆ្នាំ កម្ពស់ ១.៨០ម៉ែត្ររូបនេះ បានផ្ដើមអាជីព ជាមួយក្លិប Osan U18 នៃប្រទេសកូរ៉េខាងត្បូង នឹងធ្លាប់ទៅក្លិប MFK Tatran Liptovsky Mikulas នាប្រទេសស្លូវ៉ាគីកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១។ កីឡាករវ័យក្មេងរូបនេះ ក៏ធ្លាប់លេងឲ្យក្លិប FC 08 Homburg នៅក្របខណ្ឌលីគអាល្លឺម៉ង់ផងដែរ។
 
ជាមួយគ្នាទ័ព ក៏បាននាំយកខ្សែកីឡាករ ខ្សែប្រយុទ្ធថ្មី TIMOTHY Okereke សម្រាប់ជុំទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ ក្រោយកីឡាកររូបនេះ បានបញ្ចប់កុងត្រាជាមួយភ្នំពេញក្រោន។ Timothy Okereke បានមកប្រកបអាជីពបាល់ទាត់នៅកម្ពុជា ក្នុងឆ្នាំ២០១៥ ដោយលេងនៅស៊ីម៉ាក់យូណាយធីត មុនផ្លាស់ទៅខេមបូឌានថាយហ្គឺរ ឆ្នាំ២០១៧។ ក្រោយបង្ហាញខ្លួនបានមួយរដូវកាលនោះ រូបគេ ក៏បានទៅចូលរួមជាមួយអាស៊ីអឺរ៉ុបយូណាយធីត ជុំទី១ រដូវកាល២០១៨ និងផ្ទេរទៅក្លិប UiTM នៅក្របខណ្ឌទី២ ម៉ាឡេស៊ី ជុំទី២ នាឆ្នាំ២០១៨ដដែល។ មួយក្រោយមក កីឡាករសញ្ជាតិនីហ្សេរីយ៉ា វ័យ២៧នេះ បានត្រលប់មកលេងឱ្យក្លិបអង្គរថាយហ្គឺរ មុននឹងលេងឱ្យ ភ្នំពេញក្រោន នៅ២០២០។
 
អាស៊ីអឺរ៉ុប យូណាយធីត
Adeyanju Rasheed Omokafe ក៏ក្លាយជាកីឡាករចំណូលថ្មីរបស់ក្លិបអាស៊ីអឺរ៉ុប យូណាយធីត សម្រាប់ការប្រកួតជើងទី២ នៃ​លីគកំពូល​កម្ពុជា ឆ្នាំ​២០២១។ ខ្សែប្រយុទ្ធនីហ្សេរីយ៉ារូបនេះ បានប្រកបអាជីពបាល់ទាត់នៅកម្ពុជា តាំងពីឆ្នាំ២០១៥ ដោយលេងបៀលប្រាយយូណាធីត មុនផ្លាស់ទៅលេងឱ្យណាហ្គាវើលដ៍ ដល់ឆ្នាំ២០១៧។ ក្រោយបាត់មុខមួយរយៈនោះ ​រូបគេ បានមកលេងឱ្យក្លិបកងយោធពលខេមរភូមិន្ទ នៅជើងទី១ នៅឆ្នាំ២០២០ ហើយលេងឱ្យគិរីវង់សុខសែនជ័យ នៅជើងទី២ នៅឆ្នាំដដែលនេះ។


 
ជាមួយគ្នានេះ ក្លិប ក៏បាននាំយកកីឡាករសញ្ជាតិនីហ្សេរីយ៉ាម្នាក់ទៀត គឺManuel E Johnson មកជួយពង្រឹងក្រុមបន្ថែមផងដែរ ក្រោយផ្ទេរកីឡាករឆ្នើម ABEE NDJOO HURBERT ទៅកាន់ក្លិបបាល់ទាត់បឹងកេត។


 
ក្លិបបាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធីត ក៏សម្រេចចែកផ្លូវជាមួយកីឡាករចាំទី មាន គីមហុង ផងដែរ។ មិនទាន់មានព័ត៌មានថា កីឡាកររូបនេះ នឹងចូលរួមជាមួយក្លិបណាឡើយ ក្រោយចាកចេញពីអាស៊ីអារ៉ុប។


 
ក្លិបអគ្គិសនីកម្ពុជា
ចំណែកក្លិបអគ្គិសនីកម្ពុជា ហាក់មិនមានសកម្មភាពដោះដូរកីឡាករឡើយ នៅអំឡុងពេលទីផ្សារបើកចំហររយៈពេល១ខែនេះ ។ ប៉ុន្តែក្លិបមួយនេះ ក៏ទទួលបានកីឡាករ ផុន តៃនិញ ពីក្លិបវិសាខា ក្រោមលក្ខខណ្ឌខ្ចីជើងដែរ។ កីឡាករ ផុន តៃនិញ បានលេងឱ្យ​វិសាខា នៅ​ចុង​ឆ្នាំ​២០១៨ ក្រោយ​ចាកចេញពីសាលាបាល់ទាត់ជាតិបាទី។


 
ចំណែកក្រុម៦ទៀត មិនឃើញមានសកម្មភាពដោះដូរកីឡាករឡើយ។ ឆ្លងកាត់ការប្រកួត១០លើក នៅជើងទី១កន្លងមក ក្លិបវិសាខា ដែលមិនទាន់ស្គាល់ពាក្យថា ចាញ់នោះ កំពុងឈរនៅលើកំពូលតារាងបណ្ដោះអាសន្ន ដោយមាន២២ពិន្ទុ ក្នុងដៃ ខណៈបឹងកេត តាមពីក្រោយដោយមាន២១ពិន្ទុ និងអង្គថាយហ្គឺរ មាន២០ពិន្ទុ។ ចំណែកនគរបាលជាតិ និងសូលទីឡូអង្គរ មិនទាន់ស្គាល់ពាក្យថា ឈ្នះនោះ ឈរនៅតារាង នៃការប្រកួតពានរង្វាន់មិត្តហ្វូន ២០២១នេះ៕
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com