អន្តរជាតិ
តារាកំប្លែងអាហ្វហ្កានីស្ថានម្នាក់ឆ្លៀតនិយាយកំប្លែងពេលក្រុមតាលីបង់ចាប់ខ្លួន និងយកទៅសម្លាប់
26, Aug 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
លោក Nazar Mohammad ដែលពលរដ្ឋអាហ្វហ្កានីស្ថានស្គាល់ជាទូទៅថា Khasha Zwan ត្រូវបានក្រុមតាលីបង់ចាប់ខ្លួនកាលពីខែកក្កដា នៅមុនពេលដែលពួកគេគ្រប់គ្រងប្រទេសទាំងមូល។ គាត់ជាតារាកំប្លែងដ៏ល្បីល្បាញពេញបណ្តាញសង្គម TikTok ម្នាក់ ដែលបានសម្តែងបទចម្រៀង និងរាំចំអកឲ្យក្រុមតាលីបង់។
 
វីដេអូដែលចែករំលែកតៗគ្នាមួយបានបង្ហាញថា តារាកំប្លែង Nazar ត្រូវបានទាហានតាលីបង់ ចាប់ចេញពីផ្ទះរបស់ខ្លួននៅខេត្តកាន់ដាហារ។ បើតាមទីភ្នាក់ងារព័ត៌មាន AP ក្រោយពេលចាប់បញ្ចូលក្នុងរថយន្ត គាត់នៅតែបន្តនិយាយភាសាកំប្លែង ដែលធ្វើឲ្យទាហានតាលីបង់ម្នាក់ខឹងសម្បារ រហូតដល់ទះគាត់ពីរកំផ្លៀង។

 

 
MailOnline បានរាយការណ៍បន្ថែមថា តារាកំប្លែងតាម TikTok  រូបនេះ ត្រូវបានដឹកយកទៅសម្លាប់ ដោយមានការបាញ់ជាច្រើនគ្រាប់ ក្រោយចងភ្ជាប់ នឹងដើមឈើមួយ។ ដំបូងឡើយ ក្រុមតាលីបង់ បានបដិសេធ ប៉ុន្តែក្រោយមក បានសារភាពថា ខ្លួនពាក់ព័ន្ធនឹងការស្លាប់របស់លោក Nazar។
 
លោក Nazar ធ្លាប់ធ្វើជាមន្ត្រីប៉ូលិសអាហ្វហ្កានីស្ថាន ហើយក្រោយមក បានល្បីល្បាញនៅបណ្តាញសង្គម TikTok ដោយសារតែការធ្វើកាយវិការ និងបញ្ចេញក្បាច់រាំផ្សេងៗ ក្នុងន័យរិះគន់ក្រុមតាលីបង់។ ហេតុបែបនេះ ហើយបានជាលោកស្ថិតក្រោមការតាមប្រមាញ់ចាប់ខ្លួនពីក្រុមតាលីបង់ មុនពេលដែលពួកគេកាន់កាប់បានអាហ្វហ្កានីស្ថានទាំងមូល។
 
លោក Sarwar Danesh អតីតអនុប្រធានាធិបតីអាហ្វហ្កានីស្ថាន បានវាយតម្លៃថា ទង្វើរបស់ក្រុមតាលីបង់លើតារាកំប្លែង Nazar មិនខុសពីការអនុវត្តលើពលរដ្ឋទូទៅនោះឡើយ៕
 

Tag:
 តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com