ពីនេះ ពីនោះ
អន្តរជាតិ
យុវជនបារាំងម្នាក់ទិញ iPhone តាមអនឡាញ បែរជាទទួលបានអាហារបន្លែ Ratatouille ទៅវិញ
27, Aug 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
យុវជនបារាំងម្នាក់ឈ្មោះ Riyad ដែលរស់នៅតំបន់ Saint-Lys ក្បែរក្រុង Toulouse បានបញ្ជាទិញ iPhone មួយគ្រឿងតាមវ៉ិបសាយក្រុមហ៊ុន Bon Coin ប៉ុន្តែក្នុងប្រអប់ ទំនិញនោះ គឺជាអាហារបន្លែ Ratatouille ទៅវិញ។
 
ក្រោយចំណាយលុយអស់២៦៤អឺរ៉ូ យុវជនអាយុ១៦ឆ្នាំ រំពឹងទទួលបាន iPhone 11 មួយគ្រឿងដ៏ស្រស់ស្អាត ប៉ុន្តែពេលបើកផ្ទៀងផ្ទាត់មើលទំនិញ វាជារបស់ផ្សេងទៅវិញ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន La Depeche យុវជន Riyad ខឹងសម្បារយ៉ាងខ្លាំង ហើយអាហារបន្លែ Ratatouille នោះ មានតម្លៃតែក្នុងរង្វង់២អឺរ៉ុប៉ុណ្ណោះ។
 
«ខ្ញុំគិតថា មានអ្នកលេងសើចដាក់ខ្ញុំ។ ខ្ញុំបានទាក់ទងទៅហាងដែលខ្ញុំបានបញ្ជាទិញ ហើយពន្យល់រឿងរ៉ាវដែលបានកើតឡើង ប៉ុន្តែស្ត្រីម្នាក់ស្តាប់រួច សើច ដោយនិយាយថា គាត់មិនអាចជួយអ្វីបានឡើយ»។ Riyad បានពន្យល់យ៉ាងដូច្នេះ។


 
គេបានអះអាងថា ពិតជាបានបង់លុយតាមប្រព័ន្ធសុវត្ថិភាព (Le systeme de paiement securite) របស់ក្រុមហ៊ុន Bon Coin។ «ខ្ញុំធ្លាប់ទិញបែបនេះ ៨ដងរួចហើយ និងមិនដែលមានបញ្ហានោះទេ ប៉ុន្តែលើកនេះ ហាក់ដូចប្លែក ក្រោយការបញ្ជាទិញ មានការកាត់លុយយ៉ាងលឿន រីឯរូបភាពដែលគេផ្ញើឲ្យខ្ញុំមើល ខុសពីអ្វីដែលខ្ញុំបានទទួល។ ម្យ៉ាងទៀតទំនិញនេះ មិនបានផ្ញើចេញពីប្រៃសណីយ៍ដូចជាសព្វដងនោះឡើយ»។
 
ក្រុមហ៊ុន Bon Coin បានអះអាងថា អ្នកលក់ពិតជាបានផ្ញើ iPhone ទៅតាមការបញ្ជាទិញរបស់អតិថិជន។ ក្រោយការអះអាងយ៉ាងដូច្នេះ Riyad បានសម្រេចដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចដើម្បីបើកការស៊ើបអង្កេត និងសំណើសុំព្យួរការផ្ទេរលុយជាបណ្តោះអាសន្ន។
 



តាមបទសម្ភាសជាមួយ La Depeche កាលពីថ្ងៃទី២៦ ខែសីហា Riyad នៅតែមិនទាន់ទទួលបានដំណោះស្រាយនោះឡើយ ប៉ុន្តែគេជឿថា សមត្ថកិច្ច ក៏ដូចជាហាងផ្ទាល់ ព្យាយាមដោះស្រាយ និងស៊ើបអង្កេតរកមើលមូលហេតុពិតប្រាកដ។
 
តើលោកនឹងបន្តទិញតាមអនឡាញទៀតដែរទេ? Riyad ឆ្លើយប្រាប់អ្នកសារព័ត៌មានថា ខ្លួនរាងចាលហើយ ព្រោះអ្វីដែលគិតថា សុវត្ថិភាពបំផុត ប៉ុន្តែជាគ្រោះថ្នាក់បំផុតទៅវិញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com