អន្តរជាតិ
យុវជនអ៊ីតាលីម្នាក់សាក់ QR Code លើដៃដើម្បីបង្ហាញថាខ្លួនបានចាក់វ៉ាក់សាំងកូវីដ-១៩
27, Aug 2021 , 9:29 pm        
រូបភាព
ដោយ: ធីតា
យុវជនអ៊ីតាលី អាយុ២២​ឆ្នាំម្នាក់ បាន​សាក់ QR Code នៅលើ​ដៃរបស់ខ្លួន ដើម្បីជាភស្តុតាងបង្ហាញថា គេ​បានចាក់វ៉ាក់សាំងកូវីដ-១៩។ តាមវីដេអូ​ដែលបង្ហោះនៅលើ​បណ្តាញសង្គម TikTok រូប QR Code នោះ ដំណើរយ៉ាង​ល្អជាមួយ​ម៉ាស៊ីន​ស្កែនទាំងអស់។
 
នៅអ៊ីតាលី ទីតាំង និងហាងជាច្រើនស្វាគមន៍​អ្នកដែល​ចាក់វ៉ាក់សាំងកូវីដ-១៩រួចហើយ​ប៉ុណ្ណោះ។ ករណីនេះ Andrea Colonnetta មិន​ចាំបាច់ព្រួយបារម្ភពី​រឿង​បាត់កាត​ ឬត្រូវ​ដាក់វាជាប់​តាម​ខ្លួន​នោះឡើយ ពីព្រោះ​គេ​មាន​ QR Code នៅជាប់នឹងដៃរួចស្រាប់ទៅហើយ។ 
 
«ខ្ញុំពិត​ជាចង់​ធ្វើ​អ្វី​ដែលថ្មី និងប្លែកពីគេ»។ Colonnetta បាន​ថ្លែងយ៉ាងដូច្នេះ​ក្នុង​បទសម្ភាសជាមួយ​សារព័ត៌មាន Corriere della Calabria បន្ទាប់ពី​ឃ្លីបវីដេអូនានាដែល​គេបាន​បង្ហោះលើ​បណ្តាញសង្គម​ TikTok កំពុង​ល្បីល្បាញយ៉ាងខ្លាំង។
 
តាម​រូបវីដេអូ QR Code ដែលនៅ​លើ​ដៃ​របស់ Colonnetta សុទ្ធតែ​ដំណើរ​ការយ៉ាង​ត្រឹមត្រូវជាមួយទូរសព្ទដៃ និងម៉ាស៊ីន​ស្កែន ក្នុងនោះ​គេ​ក៏ទទួល​បាន​ការអនុញ្ញាតឲ្យចូល​ទៅ​ក្នុងហាង McDonald ជាដើម។

 

កាលពី​ដើម​ខែសីហា លោកនាយករដ្ឋមន្ត្រីអ៊ីតាលី បានប្រកាសពី​ការ​ដំណើរ​​ប្រព័ន្ធ​បណ្ណ​បៃតង ពោលគឺ​កាត​ចាក់​វ៉ាក់សាំង ដើម្បីអនុញ្ញាតឲ្យពលរដ្ឋអាច​ចូល​ហាង​កាហ្វេ ភោជនីយដ្ឋាន រោងភាពយន្ត សារមន្ទីរ និងទីតាំងមួយចំនួនទៀត។
 
គំនិត​ផ្តួចផ្តើម​របស់ Colonnetta ទាក់ទាញចំណាប់អារម្មណ៍​របស់មនុស្សជាច្រើន ប៉ុន្តែស្នាដៃសិល្បៈ (Tattoo) នេះ ត្រូវមាន​ការគណនា និង​រចនា​​ឲ្យ​បាន​ត្រឹមត្រូវ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួន​ចាត់ទុក​ថា វាមិនមែនជារឿងអស្ចារ្យនោះឡើយ ពីព្រោះ​ពួកគេអាច​ប្រឈមនឹង​បញ្ហាស្បែកនៅពេល​បាញ់ទឹក​ខ្មៅចូលក្នុងសាច់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com