ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ទោះមានពិការភាព តែអ្នកស្រី ឃួន សុជាតា ប្រឹងអភិវឌ្ឍខ្លួនដើម្បីឈរជើងក្នុងវិស័យអចលនទ្រព្យ
28, Aug 2021 , 9:29 am        
រូបភាព
ដោយ៖ សុង សុធាវី  
 
ភ្នំពេញ៖ អ្នកស្រី ឃួន សុជាតា គឺជានាយិកាប្រតិបត្តិនៃក្រុមហ៊ុន បំណក់អេកូផាក ដែលជាក្រុមហ៊ុន ចលនទ្រព្យមួយ នៅខេត្តពោធិ៍សាត់។  ដ្បិតមានពិការភាពតាំងពីកំណើត អ្នកស្រី សុជាតា វិវត្តន៍ខ្លួនពីអ្នកតំណាងឱ្យស្រ្តីមានពិការភាពនៃអង្កការក្រៅរដ្ឋាភិបាល រហូតក្លាយជាសហគ្រិនស្រ្តីមួយរូប ដែលមានសក្តានុពលក្នុងវិស័យអចលនទ្រព្យ។ ក្នុងបទសម្ភាសន៍ ជាមួយកម្មវិធី«គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ស្ត្រីវ័យជិត៤០ឆ្នាំរូបនេះ អះអាងថាខ្លួនខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពខ្លាំងណាស់ ដើម្បីអាចឈរជើងក្នុងវិស័យអចលនទ្រព្យ ដែលខ្លួនបានប្រឡូកចូលដោយចៃដន្យនេះ។ បើតាមអ្នកស្រី ឃួន សុជាតា ការតាំងចិត្តជម្នះឧបសគ្គ ចេះបត់បែន ទំនាក់ទំនងល្អ គួបផ្សំនឹងការឱកាសពីមនុស្សជុំវិញខ្លួន គឺជាកត្តាជំរុញឱ្យអ្នកស្រីឈានមកមុខតំណែងបច្ចុប្បន្ន។
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធីគំនិតថ្មី និងអ្នកស្រី ឃួន សុជាតា ដូចតទៅ៖
 
 
ដើមឡើយ អ្នកស្រី ឃួន សុជាតា ធ្លាប់ជាអ្នកលក់ឡេ បុគ្គលិកអង្គការ និងធ្លាប់ជាលេខានៅក្នុងស្ថាប័នព័ត៌មានមួយកន្លែង។ ប៉ុន្តែក្រោយមក អ្នកស្រី ក៏សម្រេចចិត្តប្រឡូកក្នុងការងាររកស៊ីផ្នែកអចលនទ្រព្យ ជាមួយស្វាមីដើម្បីរៀនពីបទពិសោធន៍ថ្មីៗនៅក្នុងវិស័យនេះ។ ធ្វើការបណ្តើរ រៀន និងដកយកបទពិសោធន៍ ក្នុងវិស័យនេះបណ្តើរ បច្ចុប្បន្ន អ្នកស្រី សុជាតា ដែលមានពិការភាពតាំងពីកំណើត កំពុងដឹកនាំការងារលក់ដីឡូត៍ក្នុងក្រុមហ៊ុនបំណក់អេកូផាក ដែលមានទីតាំងនៅខេត្តពោធិ៍សាត់ ក្នុងតូនាទីជានាយិការប្រតិបត្តិ។
 
សហគ្រិនស្រ្តីរូបនេះ បញ្ជាក់ថា៖«បច្ចប្បន្នខ្ញុំមកជាចំណែកដឹកនាំ នៅបំណក់អេកូផាកនេះ ដោយសារចង់ជួយការងារស្វាមី រៀនពីបទពិសោធន៍ថ្មី ព្យាយាមកែតម្រូវបន្ថែម បង្កើតគំនិតច្នៃប្រឌិត បែងចែកពេលវេលាឱ្យ ច្បាស់ លាស់ និងមានភាពបត់បែនជានិច្ច ក្នុងអាជីពមុខរបរ»។
 
ក្នុងនាមជាអ្នកជំនាញក្នុងវិស័យអចលទ្រព្យមួយរូប អ្នកស្រី ឃួន សុជាតា បញ្ជាក់ថា ការស្គាល់ច្បាស់ពីសក្តានុពលនៃអចលទ្រព្យដែលខ្លួនកំពុងផ្សព្វផ្សាយលក់ ភាពស្មោះត្រង់នឹងអតិថិជន គឺជាចំណុចគន្លឹះនៃការបង្កើនការលក់អចលទ្រព្យរបស់ក្រុមហ៊ុនអ្នកស្រី។ លើសពីនេះ អ្នកស្រីក៏មិនភ្លេចហ្វឹកហាត់បុគ្គលិកផ្នែកលក់របស់ខ្លួន ឱ្យមានសុជីវធម៌ និងរក្សាសីលធម៌ នៅក្នុងទំនាក់ទំនងជាមួយអតិថិជនផងដែរ៕



Tag:
 អចលទ្រព្យ
  ឃួន សុជាតា
  ពិការភាព
© រក្សាសិទ្ធិដោយ thmeythmey.com