អន្តរជាតិ
អតីតរដ្ឋមន្ត្រីអាហ្វហ្កានីស្ថានផ្តើមជីវិតថ្មីនៅអាល្លឺម៉ង់ ជាអ្នកដឹកជញ្ជូនអាហារតាមកង់
28, Aug 2021 , 3:35 pm        
រូបភាព
លោក Sayed Sadaat នាពេលកាន់តំណែងជារដ្ឋមន្ត្រីទំនាក់ទំនងនៅអាហ្វហ្កានីស្ថាន
លោក Sayed Sadaat នាពេលកាន់តំណែងជារដ្ឋមន្ត្រីទំនាក់ទំនងនៅអាហ្វហ្កានីស្ថាន
ដោយ: ធីតា
លោក Sayed Sadaat ជាអ្នកអតីតអ្នកនយោបាយអាហ្វហ្កានីស្ថាន ដែលបានកាន់តំណែងជា រដ្ឋមន្ត្រីទំនាក់ទំនងអស់ រយៈពេល២ឆ្នាំ។ ចាប់តាំងពីចុងឆ្នាំ២០២០មក លោកបានទៅរស់នៅប្រទេសអាល្លឺម៉ង់ ហើយបានប្រកបរបរជាអ្នកជិះកង់ដឹកជញ្ជូនម្ហូបអាហារឲ្យក្រុមហ៊ុន Lieferando នៅក្រុង Leipzig។
 
ទោះជាមានការមិនសូវមានការគាំទ្រពីសមាជិកគ្រួសារក៏ដោយ ប៉ុន្តែលោក Sayed Sadaat ក៏មិនរារែកនឹងការសម្រេចចិត្តរបស់ខ្លួននោះដែរ។ «ខ្ញុំគ្មានអ្វីដែលត្រូវព្រួយបារម្ភថា បានធ្វើខុសនោះឡើយ»។ អតីតអ្នកនយោបាយអាហ្វហ្កានីស្ថាន វ័យ៤៩ឆ្នាំ បានអះអាងយ៉ាងដូច្នេះក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters  ។
 
ក្រោយកាន់តំណែងជារដ្ឋមន្ត្រីទំនាក់ទំនងអាហ្វហ្កានីស្ថាន២ឆ្នាំ លោក  Sadaat បានលាលែងនៅឆ្នាំ២០១៨ ដោយសារតែមានការខ្វែងគំនិតជាមួយសមាជិកមួយចំនួននៅជុំវិញប្រធានាធិបតី។ 


 
តាមពិតទៅលោកអាចទៅរស់នៅអង់គ្លេសបាន ដោយសារតែលោកមានសញ្ជាតិអង់គ្លេស ក្រោយចំណាយពេលរស់នៅជាច្រើនឆ្នាំនៅទីនោះ ប៉ុន្តែលោកសម្រេចជ្រើសរើសយកការរស់នៅក្នុងទឹកដីអាល្លឺម៉ង់ ដោយរំពឹងថា មានទទួលបានអនាគតល្អប្រសើរ។
 
លោក Sadaat មានសញ្ញាបត្រព័ត៌មានវិទ្យា និងទំនាក់ទំនង ប៉ុន្តែនៅអាល្លឺម៉ង់ លោកមិនអាចរកការងារដែលត្រូវនឹងមុខជំនាញរបស់ខ្លួននោះឡើយ។ លោកបានបញ្ជាក់ប្រាប់ Reuters ថា ភាសាមានសារសំខាន់បំផុត ដោយលោកសិក្សាភាសាអាល្លឺម៉ង់៤ម៉ោងរៀងរាល់ថ្ងៃ និង៦ម៉ោងពេលល្ងាចសម្រាប់បម្រើសេវាកម្មដឹកជញ្ជូនម្ហូបអាហារ។
 
«នៅពេលដែលយើងចេញទៅក្រៅច្រើន យើងឃើញមនុស្សច្រើន និងរៀនសូត្របានច្រើន»។ លោក Sadaat បានថ្លែងយ៉ាងដូច្នេះ ដោយអះអាងលោកមានអារម្មណ៍រំភើប និងលំបាកលាយឡំគ្នា ជាពិសេសការព្យាយាមស្វែងយល់ពីការជិះកង់ក្នុងក្រុងដែលមានចរាចរណ៍មមាញឹក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com