អន្តរជាតិ
កុមារជំនាញខាងកូដ អាយុ១២ឆ្នាំ រកបាន៤០ម៉ឺនដុល្លារដោយសារគំនូរបាឡែនបែបឌីជីថល
29, Aug 2021 , 8:19 pm        
រូបភាព
ដោយ: ធីតា
 Benyamin Ahmed អាយុ១២ឆ្នាំ ដែលរស់នៅក្រុងឡុងដ៍ បានប្រើប្រាស់ពេលវេលាវិស្សមកាលរបស់ខ្លួនដើម្បីបង្កើតស្នាដៃសិល្បៈ ដែលមានឈ្មោះថា Weird Whales ពោលគឺគំនូរបាឡែនបែបឌីជីថល ហើយលក់តាមប្រព័ន្ធទូទាត់ឌីជីថល NFTs (Non-Fungible Tokens)។
 
តាមរយៈ NFTs កុមារ Benyamin បានដាក់ស្នាដៃសិល្បៈឌីជីថល (Artwork) របស់ខ្លួន ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិ ដែលលក់ចេញ និងទូទាត់តាមប្រព័ន្ធ Blockchain នៅលើ Ethereum.org។ យោងតាមការផ្សាយរបស់ BBC មកដល់ពេលនេះ ស្នាដៃត្រីបាឡែនឌីជីថល ជួយឲ្យ Benyamin ទទួលបានចំណូលដល់ប្រមាណ៤០ម៉ឺនដុល្លារអាមេរិកហើយ បើគិតចាប់តាំងពីខែកក្កដា មក។
 
Benyamin បានក្លាយជាក្មេងគំរូម្នាក់ នៅពេលដែលសាលាបិទទ្វារដោយសារកូវីដ-១៩ គេបានឆ្លៀតរៀនហែលទឹក និងហាត់តេក្វាន់ដូ ហើយរៀនពីរបៀបបង្កើតកូដ។ តាំងពីអាយុ៥ឆ្នាំមក កុមាររូបនេះ តែងតែសង្កេតមើលការងាររបស់ឪពុកដែលជាអ្នកអភិវឌ្ឍវ៉ិបសាយម្នាក់ ដូចជាជំនាញ HTML, CSS, JavaScript និងកម្មវិធីផ្សេងទៀត។


 
ក្រោយមក គេទទួលបានការណែនាំទាក់ទងនឹង NFTs។ «ខ្ញុំទើបតែស្គាល់អំពី NFTs នៅដើមឆ្នាំនេះ។ ខ្ញុំចាប់ផ្តើមផ្តោតជាមួយ NFTs ដើម្បីឲ្យមានការទទួលស្គាល់ និងផ្តល់កម្មសិទ្ធិលើស្នាដៃរបស់ខ្ញុំ ហើយអាចលក់បានតាមប្រព័ន្ធ Blockchain»។ Benyamin បានបញ្ជាក់យ៉ាងដូច្នេះក្នុងបទសម្ភាសជាមួយ CNBC។ 
 
កាលពីខែមិថុនា Benyamin ចាប់ផ្តើមសរសេរកូដដើម្បីសា្នដៃសិល្បៈឌីជីថល Weird Whales  ដោយមានរូបត្រីបាឡែនជាច្រើនទម្រង់។ ឪពុក និងបងប្រុសរបស់ Benyamin បានបន្តផ្សព្វផ្សាយពីស្នាដៃនេះ តាម Twitter ហើយនៅខែកក្កដា ស្នាដៃទាំងនេះ ទទួលបានចំណូលជាបន្តបន្ទាប់។ 
 
Weird Whales បានជួយឲ្យ Benyamin ទទួលបានចំណូលជាង៤០ម៉ឺនដុល្លារអាមេរិក ប៉ុន្តែជារូបិយបណ្ណឌីជីថល (Cryptocurrency) ដោយសារគេមិនទាន់មានគណនីធនាគារផ្ទាល់ខ្លួននៅឡើយ។ «ខ្ញុំចង់ទុកលុយទាំងនោះសិន ហើយបន្តផ្តោតលើគម្រោងផ្សេងៗទៀត»៕
 



Tag:
 ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com