កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ារ៉ាឡាំពិក៖ ទៅដល់តូក្យូដោយសុវត្ថិភាព អត្តពលិកអាហ្វហ្កានីស្ថានតាំងចិត្តប្រឹងប្រែងដើម្បីជាតិ
30, Aug 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
អត្តពលិកពីររូបរបស់អាហ្វហ្កានីស្ថាន បានទៅដល់ភូមិកីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូ ដោយសុវត្ថិភាព ក្រោយការប្រឹងប្រែងជួយជម្លៀសចេញពីប្រទេស ដែលកំពុងគ្រប់គ្រងដោយក្រុមតាលីបង់។ គណៈកម្មការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បានអះអាងយ៉ាងដូច្នេះ កាលពីចុងសប្តាហ៍កន្លងមក។
 
Zakia Khudadadi និង Hossain Rasouli ដែលជាអត្តពលិកពិការដៃ បានចាកចេញពីអាហ្វហ្កានីស្ថាន កាលពីសប្តាហ៍មុន ហើយត្រូវបញ្ជូនឲ្យបន្តហ្វឹកហាត់នៅក្រុងប៉ារីសមួយសប្តាហ៍ មុនពេលចេញដំណើរទៅកាន់ក្រុងតូក្យូ។ 
 
ការប្រឹងប្រែងជួយសម្រួលដល់អត្តពលិកទាំងពីរ បានកើតឡើងបន្ទាប់គណៈកម្មការប៉ារ៉ាឡាំពិក អាហ្វហ្កានីស្ថាន បានអះអាងថា ពួកគេមិនអាចចូលរួមប្រកួតប្រជែងបានឡើយ ដោយសារតែប្រទេសជាតិទាំងមូលស្ថិតក្រោមការគ្រប់គ្រងរបស់តាលីបង់ ចាប់ពីដើមខែសីហា នេះមក។
 
ក្នុងសារជាវីដេអូមួយ Khudadadi បានអង្វករឲ្យមានការជួយដល់ខ្លួន និងកីឡាករ Rasouli ដើម្បីចាកចេញពីក្រុងកាប៊ុល ពីព្រោះនាងពិតជាចង់សម្រេចក្តីសុបិនដើម្បីប្រកួតប្រជែងតំណាងឲ្យប្រទេសខ្លួន។
 
លោក Andrew Parsons ប្រធាន IPC រំជួលចិត្តយ៉ាងខ្លាំង ហើយបានសន្យាជួយដល់ពួកគេ និងបន្តផ្តល់សិទ្ធិសម្រាប់ពួកគេក្នុងការប្រកួតប្រជែងក្នុងក្រុងតូក្យូ បើទោះបីជាពួកគេមិនមានវត្តមាននាពិធីបើកផ្លូវការក៏ដោយ។ ក្នុងពិធីបើក ក្រុមអ្នកស្ម័គ្រចិត្ត បានដង្ហែក្បួន និងកាន់ទង់អាហ្វហ្កានីស្ថាន ជំនួសឲ្យប្រតិភូ និងអត្តពលិក។


 
«អាទិភាពចម្បងបំផុតរបស់យើង គឺសុខភាព និងសុវត្ថិភាពរបស់អត្តពលិកទាំងពីររូប»។ នេះជាលើកឡើងរបស់លោក Andrew Parsons ដោយបានអះអាងថា ប្រតិបត្តិការជម្លៀសនេះ មានការចូលរួមពីបណ្តារដ្ឋាភិបាលនៃប្រទេសមួយចំនួន មជ្ឈមណ្ឌលសម្រាប់កីឡា និងសិទ្ធិមនុស្ស អង្គការសិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា គណៈកម្មការប៉ារ៉ាឡាំពិកបារាំង និងអង់គ្លេស រួមទាំងសហព័ន្ធតេក្វាន់ដូពិភពលោក។
 
Khundadadi នឹងក្លាយជាកីឡាការិនីអាហ្វហ្កានីស្ថានដំបូងដែលបង្ហាញវត្តមាននៅប៉ារ៉ាឡាំពិក បើគិតចាប់តាំងពីឆ្នាំ២០០៤នៅអាតែន។ នាងនឹងត្រូវប្រកួតប្រជែងលើវិញ្ញាសាកីឡាតេក្វាន់ដូ ទម្ងន់ K44-49 គីឡូក្រាម នាថ្ងៃព្រហស្បតិ៍ទី២ ខែកញ្ញា។ 
 
រីឯកីឡាករ Rasouli ដែលដំបូងឡើយត្រូវបានចូលរួមក្នុងកីឡាអត្តពលិក វិញ្ញាសា T47 ចម្ងាយ១០០ម៉ែត្រ កាលពីសៅរ៍ ត្រូវប្តូរទៅប្រកួតវិញ្ញាសា T47 ចម្ងាយ៤០០ម៉ែត្រ នាថ្ងៃសុក្រ ទី៣ ខែកញ្ញា វិញ៕
 

Tag:
 ប៉ារ៉ាឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com