រថយន្ត
អន្តរជាតិ
រថយន្តយោធាដែលជាជំនួយអាមេរិករាប់ពាន់គ្រឿង ធ្លាក់ចូលក្នុងដៃក្រុមតាលីបង់
30, Aug 2021 , 6:59 pm        
រូបភាព
រូបថតទាំងអស់៖ Xinhua
រូបថតទាំងអស់៖ Xinhua
ដោយ: ធីតា
រថយន្តយោធាដែលសហរដ្ឋអាមេរិក ផ្តល់ជំនួយសម្រាប់ការហ្វឹកហ្វឺនយោធាអាហ្វហ្កានីស្ថាន រាប់ពាន់គ្រឿង បានធ្លាក់ចូលក្នុងដៃរបស់ក្រុមតាលីបង់ បន្ទាប់ពីពួកគេបានកាន់កាប់អាហ្វហ្កានីស្ថានទាំងមូល។
 
 
សហរដ្ឋអាមេរិក បានចំណាយប្រមាណ៨៣ពាន់លានដុល្លារអាមេរិក លើការហ្វឹកហ្វឺន និងការទិញសម្ភារយោធាសម្រាប់កងកម្លាំងអាហ្វហ្កានីស្ថាន បើគិតចាប់តាំងពីឆ្នាំ២០០១មក។ ប៉ុន្តែក្រោយពេលដែលរដ្ឋបាលលោក ចូ បៃឌិន ប្រកាសដកទ័ព ក្រុមតាលីបង់បានចាប់ផ្តើមវាយលុកកាន់កាប់ក្រុងជាបន្តបន្ទាប់ រហូតដល់ដណ្តើមបានក្រុងកាប៊ុល។
 
របាយការណ៍ការិយាល័យគណនេយ្យភាពរដ្ឋាភិបាលអាមេរិក (Openthebooks.com) បានបង្ហាញថា សហរដ្ឋអាមេរិក បានផ្តល់ជំនួយរថយន្តជិត៧៦០០០គ្រឿង និងយន្តហោះជាង២០០គ្រឿង ដល់កងកម្លាំងអាហ្វហ្កានីស្ថាន ចន្លោះពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៦។
 
យោងតាមការផ្សាយរបស់ Oryx Blog ក្រោយការដកទ័ពរបស់សហរដ្ឋអាមេរិក តាលីបង់ បានគ្រប់គ្រង និងបំផ្លាញសម្ភារយោធាជាបន្តបន្ទាប់ចាប់តាំងពីខែមិថុនា ឆ្នាំ២០២១ មក។ ពួកគេដណ្តើមបានរថក្រោះ១២គ្រឿង រថយន្តចម្បាំង (M117 ASV, M1117 Command & Control, M113 APC) ៦០គ្រឿង រថយន្តផ្សេងទៀតជាង២០០០គ្រឿង រួមទាំងឧទ្ធម្ភាគចក្រ និងសម្ភារយោធាជាច្រើនទៀត។
 
រថយន្តដែលតាលីបង់រឹបអូសបានភាគច្រើនគឺស្ថិតក្នុងមូលដ្ឋានទ័ពអាមេរិក-អាហ្វហ្កានីស្ថាន ក្នុងនោះ Ford Rangers មានជាង៩០០គ្រឿង, HMMMWVs ជិត៧៥០គ្រឿង រថយន្ត International 7/8000 Series ជាង៣០០គ្រឿង និងបណ្តារថយន្ត រថក្រោះយោធាផ្សេងទៀត។
 
បន្ថែមពីលើនេះ ក្រុមតាលីបង់បន្តប្រមូលបានរថយន្ត និងសម្ភារផ្សេងៗទៀតពីបរទេស និងពលរដ្ឋអាហ្វហ្កានីស្ថាន ដែលទុកចោល ហើយនិរទេសខ្លួនទៅបរទេស។ «យើងមិនមានរូបថតពេញលេញឡើយ ប៉ុន្តែសម្ភារយោធាជាច្រើនត្រូវបានបំផ្លាញ និងធ្លាក់ចូលក្នុងដៃក្រុមតាលីបង់»។ នេះបើតាមការអះអាងរបស់លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមាន ដែលត្រូវបានដកស្រង់ដោយរ៉យទ័រ៕




រូបថតទាំងអស់៖ Xinhua
 

Tag:
 តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com