ជាតិ
ពីនេះ ពីនោះ
«និយតកម្ម,និយតករ និងនិយតភាព» មានអត្ថន័យខុសគ្នាដូចម្តេច?
03, Jun 2023 , 7:29 am        
រូបភាព
«និយត» មានន័យថាថ្នាក់ពាក្យជាគុណសព្ទ មានន័យថា ដែលទៀងទាត់ ដែលមានជារៀងរាល់ពេល។ ពាក្យមួយចំនួនទៀតដែលសរសេរដោយផ្តើមដោយនិយតនៅខាងដើមពាក្យ គឺសុទ្ធតែមានន័យថា ទៀងទាត់ និងពិតប្រាកដ។ នេះបើតាមសទ្ទានុក្រមដែលរៀបរៀងដោយលោក ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ។
 
ពាក្យដែលសរសេរ«និយត»នៅខាងដើមពាក្យមានដូចជា និយតកម្ម, និយតករ និងនិយតភាព។
«និយតកម្ម» មានថ្នាក់ពាក្យជានាមសព្ទមានន័យថា ការធ្វើឲ្យទៀងទាត់ ការធ្វើឱ្យមានភាពទៀងទាត់ឡើង។ «និយតកម្ម»មានន័យម្យ៉ាងទៀតថា ការធ្វើឲ្យទៀងទាត់,ការធ្វើឱ្យមានភាពស្របទៅនឹងបញ្ញត្តិច្បាប់ ដែលនាំ ឱ្យលិខិតនោះមានលក្ខណៈត្រឹមត្រូវអាចយកទៅអនុវត្តបាន។
 
«និយតករ»មានថ្នាក់ពាក្យជានាមសព្ទមានន័យថា វត្ថុ ឬអ្វីៗដែលអាចត្រួតពិនិត្យ ឬកែតម្រូវអ្វីមួយជាប្រចាំ។ ចំណែក«និយតភាព»មានថ្នាក់ពាក្យជានាមសព្ទមានន័យថា ភាពដ៏ទៀងទាត់ ភាពដ៏ពិតប្រាកដ។ ឧទាហរណ៍៖ ដោយសារនិយតភាពក្នុងកិច្ចការរបស់លោក ទើបបានជាលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញ៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com