កីឡាជាតិ
ជាតិ
ពេលមួយនោះនៅបារ៉ែន សុភ័ក្ត្រ ស្រាប់តែបានក្លាយជាចុងភៅសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិ!
07, Sep 2021 , 2:00 pm        
រូបភាព
របាយការណ៍ប្រកួត ក៏ដូចជាសមាសភាពក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ជំនួបវគ្គជម្រុះ FIFA World Cup ឆ្នាំ២០២២ មានផ្សាយនៅលើគេហទំព័រ FIFA, AFC និងវ៉ិបសាយកីឡាផ្សេងៗទៀត ប៉ុន្តែចំពោះសមាសភាពនារីចុងភៅខ្មែរម្នាក់ដែលបានចម្អិនអាហារដល់ក្រុមនាអំឡុងការប្រកួតនៅបារ៉ែន កាលពីខែមិថុនា កន្លងមក ពិតជាពិបាកស្វែងរកនៅក្នុង Google ខ្លាំងណាស់។ អូខេ តែ ThmeyThmey មាន។


៦ឆ្នាំហើយ ដែលស្ត្រីម្នាក់ ឈ្មោះ ប៉ម សុភ័ក្ត្រ បម្រើការងារនៅសណ្ឋាគារមួយនៅក្នុងប្រទេសបារ៉ែន ហើយក៏ជាលើកដំបូងបំផុតផងដែរ ដែលមានមិត្តរួមជាតិដ៏ច្រើននាក់ក្នុងដំណើរជាង៥៧០០គីឡូម៉ែត្រ ទៅស្នាក់នៅចំសណ្ឋាគារដែលខ្លួនធ្វើការ។ សុភ័ក្ត្រមិនមែនជាគាំទ្របាល់ទាត់ដ៏ងុបងល់នោះឡើយ តែក៏មិនស្រណុកចិត្តដែរ ប្រសិនបើមិនបានជួបមុខក្រុមកីឡាករ។



«នៅពេលដឹងថា ក្រុមបាល់ទាត់កម្ពុជាមកបារ៉ែន ហើយស្នាក់នៅសណ្ឋាគារដែលខ្ញុំធ្វើការ ខ្ញុំបានទាក់ទងទៅថ្នាក់នាំផ្នែកផ្សេងៗ ដើម្បីទទួលបានឱកាសធ្វើការជាមួយមិត្តរួមជាតិខ្លួន ព្រោះការងាររបស់ខ្ញុំ មិនពាក់ព័ន្ធនឹងភ្ញៀវនោះឡើយ»។ សុភ័ក្ត្រ បានរៀបរាប់យ៉ាងដូច្នេះ ក្នុងបទសម្ភាសមួយជាមួយសារព័ត៌មានថ្មីៗ តាមបណ្តាញសង្គម Whatspp។

ក្រោយពេលដែលក្រុមជម្រើសជាតិកម្ពុជាស្នាក់នៅបានពីរថ្ងៃ ទើបសុភ័ក្ត្រ ទទួលបានការទាក់ទងពីមេចុងភៅក្នុងសណ្ឋាគារ ដោយស្នើឲ្យនាងធ្វើម្ហូបខ្មែរសម្រាប់ក្រុមកីឡាករ ដោយសារអាហារភាគច្រើនជាអាហារបែបអារ៉ាប់ និងឥណ្ឌា។

«ខ្ញុំអរខ្លាំងណាស់ ហើយបានឆ្លើយអូខេភ្លាមៗ តែក្នុងចិត្តភ័យព្រួយបន្តិចបន្តួច ព្រោះធ្លាប់តែធ្វើម្ហូបញ៉ាំសម្រាប់ខ្លួនឯង មិនធ្លាប់ធ្វើសម្រាប់មនុស្សច្រើនបែបនេះឡើយ»។ នារីអ្នកខេត្តសៀមរាបរូបនេះ បានបញ្ជាក់បន្ថែមថា ខ្លួនអាចធ្វើការងារផ្នែកផ្សេងបាន ដោយសារតែពេលនោះ ការងារផ្នែកស្បាររបស់ខ្លួន បានផ្អាកបណ្តោះអាសន្ន ចំពេលដែលបារ៉ែន បិទខ្ទប់ប្រទេសដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩។

យល់ចិត្តអ្នកដែលឃ្លាតឆ្ងាយពីផ្ទះ


ស្ងោរផ្អែម ស្ងោរជ្រក់ ម្ជូរយួន ឆាបន្លែសាច់គោ តុងយ៉ាំ រួមទាំងគុយទាវ ជាម្ហូបដែលចុងភៅក្រៅក្របខណ្ឌរូបនេះ បានរៀបចំសម្រាប់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បន្ថែមលើអាហារដែលមានស្រាប់ក្នុងភោជនីយដ្ឋានរបស់សណ្ឋាគារ។ «ខ្ញុំយល់ចិត្តអ្នកដែលឃ្លាតពីផ្ទះដូចគ្នា ដូច្នេះមិននឿយហត់នោះឡើយ ខ្ញុំប្រឹងធ្វើដោយរីករាយ ទោះបីជាពិបាករកគ្រឿងផ្សំក៏ដោយ»។

គ្រឿងផ្សំឲ្យដូចនៅខ្មែរ១០០ភាគរយ ពិតជាមិនមាននោះឡើយ ប៉ុន្តែសុភ័ក្ត្រ អាចរកបាននៅតាមផ្សារថៃ និងគ្រឿងប្រហាក់ប្រហែលដែលមាននៅក្នុងសណ្ឋាគារស្រាប់ ហើយបន្ថែមពីលើនេះ គឺជួយយកអាហារក្រៀមក្រោះដែលក្រុមជម្រើសជាតិដាក់តាមខ្លួនទៅចម្អិន។

ប្រៀបដូចជាពាក្យដែលគេតែងនិយាយលេងសើចថា «រកឧសប្រទះចង្ក្រាន្តហ្គាស» យ៉ាងដូច្នោះដែរ។ លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមជម្រើសជាតិ បានបញ្ជាក់ប្រាប់ ThmeyThmey ថា ក្រុមបានរៀបចំប្រភេទអាហារក្រៀមៗជាច្រើន ដូចជាត្រីងៀត ត្រីផាត់ បង្គារ មឹក ទឹកស៊ីអ៊ីវ ទឹកត្រី និងអាហារផ្សេងៗទៀត ប៉ុន្តែដោយសារតែបញ្ហាកូវីដ-១៩ ខាងសណ្ឋាគារមិនអនុញ្ញាតឲ្យប្រើប្រាស់កន្លែងចម្អិនអាហារនោះឡើយ។

«ចៃដន្យ នៅសណ្ឋាគារមានបងស្រី [សុភ័ក្ត្រ] ជាជនជាតិខ្មែរតែម្នាក់គត់ ហើយគាត់ចេះធ្វើម្ហូបអាហារទៀត។ គាត់បានជួយយើងច្រើនណាស់»។ នេះជាការអះអាងរបស់លោក សុភ័ក្ត្រា ដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ធ្វើចុងភៅដោយខ្លួនឯង ខណៈលោកស្ថិតក្នុងចំណែកជាគ្រូជំនួយដដែល នាអំឡុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីនឆ្នាំ២០១៩។

លោកបានអះអាងថា សម្រាប់កីឡាករ ពួកគេពិតត្រូវការម្ហូបអាហារខ្មែរ មួយមុខ ឬពីរមុខជាចាំបាច់ នាពេលស្នាក់នៅក្រៅប្រទេស ដែលធ្វើពួកគេមិនទ្រលាន់ និងមានស្មារតីខ្ពស់សម្រាប់ការប្រកួត ហើយក្រុមការងារតែងតែជជែកគ្នារឿងម្ហូបអាហារជានិច្ច។

«តើមេចុងភៅស្គាល់លោក Keisuke Honda ដែរឬទេ?»។ សុភ័ក្ត្រ មិនទាន់ឆ្លើយសំណួរភ្លាមៗនោះឡើយ ប៉ុន្តែបញ្ជាក់ថា ខ្លួនដូចជាអៀនណាស់ ចំពោះការហៅថា «មេចុងភៅ» ព្រោះមិនមែនជាជំនាញខ្លួន។ ទាក់ទងនឹងវត្តមានលោក Honda នោះវិញ ទោះបីជាមិនមែនជាអ្នកគាំទ្របាល់ទាត់ដ៏ងុបងុល សុភ័ក្ត្រ អះអាងថា ធ្លាប់់បានឮពីឈ្មោះ និងបានឃើញអ្នកចាត់ការទូទៅជនជាតិជប៉ុនរូបនេះ តាមទូរទស្សន៍ និង Youtube ផងដែរ។



«និយាយរួម គាត់ [ហុងដា] និងសមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាទាំងអស់ សុទ្ធតែរួសរាយរាក់ទាក់ និងចេះគួរសម ជាពិសេសក្រុមកីឡាករក្មេងៗ»។ នេះជាបញ្ជាក់របស់អ្នកចម្អិនអាហារដ៏ស្រស់ស្អាតសម្រាប់ក្រុមជម្រើសជាតិកម្ពុជា។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានសរសេរសារអរគុណ និងបង្ហោះរូបថត ប៉ម សុភ័ក្រ្ត ផងដែរ ក្នុងនោះមានរូបមួយសន្លឹក ដែលចុងភៅចៃដន្យរូបនេះ ឈរមើលលោក Keisuke Honda បរិភោគអាហារ ដោយម្នាក់ៗ សុទ្ធតែបញ្ចេញស្នាមញញឹម។

«ជួបជាមួយអ្នកចំអិនម្ហូបសម្រាប់ក្រុមជម្រើសជាតិយើង បងស្រី  ប៉ម សុភ័ក្រ្ត ដែលជាជនជាតិខ្មែរមកធ្វើការនៅប្រទេសបារ៉ែន»។ FFC បានសរសេរយ៉ាងដូច្នេះ ជាមួយនឹងការពន្យល់ពីវត្តមានរបស់ សុភ័ក្ត្រ ហើយការបង្ហោះនេះ ទទួលបានការចុច Like ជាង២,១ម៉ឺន (21K) និងចែករំលែកជិត១ (1K) បើគិតចាប់តាំងពីថ្ងៃទី៩ ខែមិថុនា ដល់ថ្ងៃទី៧ ខែកញ្ញា។



កីឡាករ និងសមាជិកគ្រូបង្វឹកមួយចំនួន ក៏បានបង្ហោះរូបថតអនុស្សាវរីយ៍ ជាមួយ សុភ័ក្ត្រ នៅលើបណ្តាញសង្គម Facebook និង Instagram របស់ខ្លួនផងដែរ។

សុភ័ក្ត្រ បានអះអាងថា បំណងរបស់ខ្លួនគឺចង់ធ្វើការងារដោយស្ម័គ្រចិត្តសម្រាប់ក្រុមជម្រើសជាតិ ប៉ុន្តែខាងសណ្ឋាគារបានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមចំពោះការងារនេះ។

ក៏ជាអ្នកវិភាគបាល់ទាត់ផងដែរ.....

នាការប្រកួតវគ្គជម្រុះជុំទីពីរ World Cup ជុំទីពីរនៅប៉ារ៉ែន កម្ពុជាដែលដឹកនាំដោយគ្រូបង្វឹកជប៉ុន លោក Ryu Hirose និងលោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅ បានចាញ់ម្ចាស់ផ្ទះ ៨-០ ចាញ់អ៊ីរ៉ាក់ ៤-១ និងចាញ់អ៊ីរ៉ង់ដល់ទៅ ១០-០។ កម្ពុជាក៏មានមិនឱកាសបន្តទៅមុខសម្រាប់កៅអី World Cup ឆ្នាំ២០២២ នៅកាតា ទៀតឡើយ។

«យើងចាញ់គេ ដោយសារតែអាកាសធាតុ មាឌ ខ្យល់ ដីខ្សាច់ច្រើន និងហត់ពេលធ្វើដំណើរឆ្ងាយ»។ នេះជាការវិភាគរបស់សុភ័ក្ត្រ ទាក់ទងនឹងលទ្ធផលមិនគាប់ប្រសើររបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ប៉ុន្តែដោយសាររវល់នឹងការងារនៅជើងក្រានច្រើនពេក មិនសូវបានតាមដានការប្រកួតជាប់លាប់ឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកចម្អិនអាហាររូបនេះ កោតសរសើរការប្រឹងប្រែងរបស់កីឡាករក្មេងៗកម្ពុជា ក្នុងការតទល់ជាមួយក្រុមកីឡាករដែលសុទ្ធតែមានមាឌធំៗ។

ពីដំដែកទៅ Manama…
នៅមុនឆ្នាំ២០១៥ សុភ័ក្ត្រ មិនដែលស្គាល់ឈ្មោះ បារ៉ែន ប៉ុន្តែឱកាសការងារនៅសណ្ឋាគារ Radisson Blue ក្នុងក្រុង Manama នេះ បានដោយសារតែមានការជួយជ្រោមជ្រែងពីបងជីដូនមួយម្នាក់របស់ខ្លួន។ «ខ្ញុំមិនដែលស្គាល់ប្រទេសនៅប៉ែកអារ៉ាប់ឡើយ ប៉ុន្តែជាឱកាសការងារទើបខ្ញុំសម្រេចមកធ្វើការ»។ សុភ័ក្ត្រ ដោយបញ្ជាក់ថា មិត្តភក្តិរបស់បងជីដូនមួយដែលជាជនជាតិថៃ គឺជាអ្នកគ្រប់គ្រងម្នាក់នៅសណ្ឋាគារ។

ជាឱកាសក៏ពិតមែន ប៉ុន្តែវាក៏ជាការសម្រេចចិត្តដ៏ពិបាកមួយផងដែរ ដោយស្ត្រីដែលបច្ចុប្បន្នមានអាយុជាង៣០ឆ្នាំរូបនេះ ត្រូវបែកបាក់ចំណងអាពាហ៍ពិពាហ៍ជាមួយស្វាមី និងទុកដាក់ការចិញ្ចឹមបីបាច់កូនស្រីតូចម្នាក់ឲ្យនៅជាមួយឪពុកម្តាយនៅស្រុកកំណើតក្នុងឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ហើយក៏បានឈប់ពីការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ South-East Asia ថែមទៀតផង។



«ខ្ញុំត្រូវខំប្រឹងប្រែងដើម្បីដោះស្រាយជីវភាព ដូច្នេះខ្ញុំមិនអាចបដិសេធឱកាសការងារដ៏កម្រនេះឡើយ»។ សុភ័ក្ត្រ បានរៀបរាប់យ៉ាងដូច្នេះ ដោយបានអះអាងថា ធ្លាប់បានមកលេងស្រុកកំណើតបាន២លើក ប៉ុន្តែមានទំនាក់ទំនងជាប្រចាំជាមួយឪពុកម្តាយ បងប្អូនសាច់ញាតិ ជាពិសេសកូនស្រី ជាទីស្រឡាញ់។

ដំបូងឡើយ បើទោះបីជាបម្រើការនៅទីកន្លែងផ្សេងគ្នា ប៉ុន្តែសុភ័ក្ត្រ មានឱកាសជួបមិត្តរួមជាតិយ៉ាងហោចណាស់ជាង១០នាក់ ហើយ២ឆ្នាំចុងក្រោយ នៅសល់តែ៤នាក់ប៉ុណ្ណោះ ដែលសុទ្ធតែជាស្រីៗដូចគ្នា។ «បច្ចុប្បន្ន ពួកយើងមានតែ៤នាក់ប៉ុណ្ណោះ ហើយធ្វើការនៅកន្លែងផ្សេងៗគ្នា។ ពេលនាំគ្នាដើរលេងកម្សាន្ត យើងមិនបានជួបជុំគ្នាគ្រប់នោះឡើយ ដោយសារសម្រាកពេលវេលាខុសគ្នា។ អ្នក៣នាក់ផ្សេងទៀត មានម្នាក់ជាបងជីដូនមួយរបស់ខ្ញុំដោយគាត់រស់នៅជាមួយគ្រួសារដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីកន្លែងដែលខ្ញុំស្នាក់នៅ»។

ទោះមិនចេះ ភាសាអារ៉ាប់ តែសុភ័ក្ត្រ អាចភ្ជាប់ទំនាក់ទំនងជាភាសាអង់គ្លេសដែលអាចស្តាប់គ្នាបាន ជាមួយមិត្តភក្តិកេនយ៉ា បារ៉ែន ហ្វីលីពីន ឥណ្ឌូណេស៊ី បង់ក្លាដែស អេហ្ស៊ីប ផងដែរ។ «យើងឆ្ងាយផ្ទះរៀងខ្លួន ដូច្នេះ មិត្តភក្តិទាំងអស់ស្រឡាញ់គ្នាណាស់។ អាហារដែលអាចញាំបាយជាមួយគ្នាភាគច្រើនជាមួយមិត្តភក្តិពីឥណ្ឌូណេស៊ី និងហ្វីលីពីន»។



តើមានគម្រោងមកខ្មែវិញនៅពេលណា? សុភ័ក្ត្រ ផ្តល់ចម្លើយថា៖ «អត់ទាន់មានគម្រោងទៅស្រុកវិញទេ ព្រោះចង់ឈោងឱកាសទៅធ្វើការនៅប្រទេសផ្សេងទៀត ដូចមិត្តភក្តិបរទេសមួយចំនួន។ នៅស្រុកខ្មែរ កាលៈទេសៈនេះ ច្បាស់ជារកលុយតឹងណាស់ ខ្ញុំមិនចង់បោះបង់ឱកាសនេះឡើយ»។

នាខែតុលាខាងមុខ បារ៉ែន នឹងក្លាយជាទឹកដីកណ្តាលម្តងទៀតសម្រាប់ការប្រកួតវគ្គជម្រុះ AFC Asian Cup 2023 Play-off ជាមួយកោះហ្គាំ ដោយជើងទីមួយនឹងធ្វើឡើងនៅថ្ងៃទី៩ ខែតុលា និងជើងទីពីរនៅថ្ងៃទី១២ ខែតុលា។ តើ ប៉ម សុភ័ក្ត្រ គ្រោងចូលជើងក្រានម្តងទៀតសម្រាប់ក្រុមកម្ពុជាដែរឬទេ? សារព័ត៌មានថ្មីៗ ក៏បានផ្ញើសារតាម Messenger ប្រាប់ សុភ័ក្ត្រ ផងដែរ ប៉ុន្តែមិនទាន់ឃើញសាម៉ីខ្លួន Seen នោះឡើយ៕





© រក្សាសិទ្ធិដោយ thmeythmey.com