ជាតិ
សេដ្ឋកិច្ច
មេសហជីព ស្នើឲ្យដំឡើងប្រាក់ខែ២២,២ដុល្លារទៀត ជូនកម្មករ សម្រាប់២០២២
07, Sep 2021 , 4:41 pm        
រូបភាព
កិច្ចចរចាភាគីទាំង៣ នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិត (រូបពីក្រសួងការងារ)
កិច្ចចរចាភាគីទាំង៣ នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិត (រូបពីក្រសួងការងារ)
មេសហជីពនៅកម្ពុជា ស្នើឲ្យដំឡើងប្រាក់ខែ២២,២ដុល្លារបន្ថែមទៀត ជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២។ ក្នុងឆ្នាំ២០២១នេះ ប្រាក់ខែគោលរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យផលិតស្បែកជើង គឺ១៩២ដុល្លារ។   


លោក អាត់ ធន់ មេសហជីពម្នាក់នៅកម្ពុជា បានលើកឡើងថា ការសិក្សាជាលក្ខណៈបច្ចេកទេស និងជាលក្ខណៈវិទ្យាសាស្ដ្រ បានបង្ហាញតួលេខថា ការដំឡើងប្រាក់ឈ្នួលជួនកម្មករនិយោជិត មានដល់២២,២ដុល្លារ សម្រាប់ឆ្នាំ២០២២ ដូច្នេះហើយ ទើបក្រុមមេសហជីព ស្នើឲ្យដំឡើងចំនួន២២,២នេះ។ លោក សង្កត់ធ្ងន់ថា ម្យ៉ាងទៀត ការចំណាយលើជីវភាពរបស់កម្មករនិយោជិត មានការកើនឡើង ដែលទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួរដល់ពួកគេ ក្នុងកម្រិតសមរម្យ ដើម្បីអាចទ្រទ្រង់ជីវភាពរបស់ពួកគេ។ 
 
ការទាមទារឲ្យដំឡើងប្រាក់ឈ្នួល២២,២ដុល្លារនេះ អាចទទួលបានជោគជ័យ ឬយ៉ាងណានោះ លោក អាត់ ធន់ មិនទាន់អាចសន្និដ្ឋានមុនបានទេ ដោយត្រូវរង់ចាំមើលសេចក្តីសម្រេចរួមចុងក្រោយសិន។ យ៉ាងណា លោក អាចនិយាយបានថា ក្រុមមេសហជីព នឹងប្រឹងចរចាក្នុងការទាមទារឲ្យដំឡើងប្រាក់ឈ្នួល២២,២ដុល្លារនេះ។ មេសហជីពរូបនេះ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«ការចរចា តែងលំបាក ឲ្យតែការចរចា មិនដែលស្រួលទេ»។ 
 
នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ ភាគទីទាំង៣ រួមមាន តំណាងរដ្ឋាភិបាល តំណាងនិយោជក និង មេសហជីពតំណាងកម្មករនិយោជិត បានបើកកិច្ចប្រជុំលើកទី១ ដើម្បីចរចាពីការដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិត សម្រាប់ឆ្នាំ២០២២។ ជាទម្លាប់ ការចរចារវាងភាគីទាំង៣នេះ នឹងត្រូវធ្វើឡើងដល់ទៅ៤លើក មុនឈានដល់ការធ្វើសេចក្តីសម្រេចរួមចុងក្រោយ ថា ត្រូវដំឡើងប្រាក់ឈ្នួលប៉ុន្មានដុល្លារបន្ថែម ជូនកម្មករនិយោជិត។
 
លោក គឹម ចាន់សំណាង អនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត មិនធ្វើអត្ថាធិប្បាយអ្វីឡើយ ទៅលើតួលេខនៃការដំឡើងប្រាក់ឈ្នួល២២,២ជូនកម្មករនិយោជិត ដោយលោក លើកហេតុផលថា ភាគទាំង៣ មិនទាន់សម្រេចជាផ្លូវការនោះទេ ទៅលើតួលេខណាមួយ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា លោក និយាយយ៉ាងខ្លីថា៖«តួលេខ មិនទាន់ប្រាកដទេ ខ្ញុំ មិនទាន់អាចជម្រាបបានទេ»។ 
 
ក្នុងឆ្នាំ២០២១នេះ ប្រាក់ឈ្នួលកម្មករនិយោជិត ត្រូវបានដំឡើងត្រឹម២ដុល្លារប៉ុណ្ណោះ ដែលធ្វើឲ្យកម្មករនិយោជិត ទទួលបានប្រាក់គោល១៩២ដុល្លារ ក្នុង១ខែ៕ ក្នុងឆ្នាំ២០២០ ប្រាក់ខែរបស់កម្មករនិយោជិត គឺ១៩០ដុល្លារ៕ 

Tag:
 ប្រាក់ឈ្មួល
  កម្មក
© រក្សាសិទ្ធិដោយ thmeythmey.com