ជាតិ
សេដ្ឋកិច្ច
ឆ្នាំនេះ កម្ពុជា ផលិតអំបិល បានជិត៨ម៉ឺនតោនប៉ុណ្ណោះ តែអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក
07, Sep 2021 , 8:59 pm        
រូបភាព
រូបតំណាង៖ បុរសម្នាក់កំពុងរែកអំបិលដែលប្រមូលបាន ពីស្រែអំបិលមួយកន្លែងក្នុងខេត្តកំពត។ រូបថត៖ ហ្វេសប៊ុក SEN  LEE
រូបតំណាង៖ បុរសម្នាក់កំពុងរែកអំបិលដែលប្រមូលបាន ពីស្រែអំបិលមួយកន្លែងក្នុងខេត្តកំពត។ រូបថត៖ ហ្វេសប៊ុក SEN LEE
 ភ្នំពេញ៖ ប្រជាកសិករក្នុងខេត្តកំពត-កែប ផលិតអំបិលបានប្រមាណ៧,៨ម៉ឺនតោននៅក្នុងឆ្នាំ២០២១។ លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានបញ្ជាក់ថា អំបិលដែលកសិករផលិតបាននេះ បូកនឹងអំបិលដែលនៅសល់ពីឆ្នាំចាស់ គឺមានជិត១០ម៉ឺនតោន សម្រាប់ឆ្លើយតបនឹងទីផ្សារក្នុងស្រុក។


ការប្រមូលផលអំបិលនៅក្នុងខេត្តកំពត និងខេត្តកែប ប្រចាំឆ្នាំ២០២១ គឺមានចំនួន៧,៨ម៉ឺនតោន។  ត្បិតថា ការប្រមូលផលអំបិលឆ្នាំនេះ មានចំនួនតិចជាងឆ្នាំ២០២០ ក៏ពិតមែន ប៉ុន្តែ លោក សុខ គឹមជឿន បានអះអាងថា កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារ ដោយសារអំបិលនៅសល់ក្នុងឃ្លាំងជាង៣ម៉ឺនតោន កាលពីឆ្នាំ២០២០។ លោក សុខ គឹមជឿន បានបញ្ជាក់ថា ចំនួនអំបិលដែលនៅសល់នេះ គឺអាចឆ្លើយតបទីផ្សារគ្រប់គ្រាន់ រហូតដល់បំណាច់ឆ្នាំ២០២១ ស្របពេលដែលកសិករនឹងប្រមូលអំបិលថ្មី។
 
ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពតរូបនេះ  ប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទនាព្រឹកថ្ងៃទី៧កញ្ញា ថា៖ «កសិករក្នុងខេត្តកំពតយើងផលិតអំបិលបានជាង៦,៨ម៉ឺនតោន បើបូកនូវចំនួនអំបិលជាង៨ពាន់ទៀត ដែលអស់ពីឆ្នាំចាស់នោះ គឺយើងមានអំបិលជាង៧,៦ម៉ឺនតោន។ ចំនួនអំបិលនៅខេត្តកំពត បូកនឹងអំបិលដែលផលិតនៅកែបបានជាង១ម៉ឺនតោនទៀតនោះ អ៊ីចឹងបើយើងបូកទាំងអំបិលចាស់និងអំបិលថ្មី គឺមានជិត១០ម៉ឺនតោន ដែលឆ្លើយតបនឹងតម្រូវការទីផ្សារបានគ្រប់គ្រាន់»។ 
 
ជាប្រចាំឆ្នាំតម្រូវការអំបិលនៅលើទីផ្សារកម្ពុជាប្រមាណ១០ម៉ឺនតោន។ ចំណែកអំបិលដែលចេញពីខេត្តកំពត និងកែប សម្រាប់ផ្គត់ផ្គង់ទីផ្សារនោះ គឺមានពី៨ទៅ៩ម៉ឺនតោន ប៉ុណ្ណោះ ព្រោះតែការនាំចូលអំបិលពីថៃនិងវៀតណាម សម្រាប់លក់នៅតាមបណ្តាខេត្តជាប់ព្រំដែន។ នេះបើតាមលោក សុខ គឹមជឿន។
«អំបិលកំពត និងកែប ដែលយើងដឹកទៅខេត្តនៅជាប់ព្រំប្រទល់ថៃ និងវៀតណាម គឺវាឆ្ងាយ។  បើយើងដឹកអំបិលពីកំពតទៅខេត្តស្វាយវៀង ឬព្រៃវែងនោះ អំបិលយើងមានតម្លៃខ្ពស់ចង់គុណនឹងពីរ បើធៀបនឹងអំបិលនាំចូល»។ នេះជាការពន្យល់របស់លោក គឹមជឿន ដែលបានបន្ថែមថា អំបិលរបស់កសិករដែលផលិតបានមានតម្លៃពី ៩ ០០០ ទៅ១២ ០០០រៀលក្នុងមួយបាវ ដែលមានទម្ងន់៥០គីឡូក្រាម។ 
 
 
របាយការណ៍ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា  នៅត្រឹមឆ្នាំ២០២០ ផ្ទៃដីធ្វើស្រែអំបិលក្នុងខេត្តកំពត និងខេត្តកែប មានទំហំសរុប ៤ ៧៤៨ ហិកតា។ក្នុងខេត្តកំពតមានទំហំសរុប៣ ៧២៦ហិកតា ដែលមានអ្នកផលិតចំនួន ១៧៩ក្រុម និងចែកចេញជា៦មណ្ឌល។ ក្នុងករណីអាកាសធាតុអំណោយផល ដីស្រែមួយហិកតា អាចផលិតអំបិលបានជាមធ្យម២០តោន ក្នុងរយៈពេលមួយឆ្នាំ។
 
កាលពីឆ្នាំ ២០១៤, ២០១៥ និងឆ្នាំ ២០១៦ កម្ពុជាប្រមូលផលអំបិលជាង១០ ម៉ឺនតោនក្នុងមួយឆ្នាំៗ។ បរិមាណផលអំបិលនេះ ក៏បានធ្លាក់ចុះ នៅក្នុងរយៈពេល៣ឆ្នាំជាប់គ្នាវិញគឺពី២០១៧, ២០១៨ និងឆ្នាំ ២០១៩ ដែលកម្ពុជាត្រូវបញ្ជាទិញអំបិលពីប្រទេសឥណ្ឌា ចិន និងថៃ ដើម្បីបំពេញតម្រូវការក្នុងស្រុកកន្លងមក។ សម្រាប់ឆ្នាំ២០២០ កម្ពុជា ផលិតអំបិល បាន៨៤ ០០០ តោន៕ 
 
 


 

Tag:
 អំបិល
  លោក សុខ គឹមជឿន
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com