ជាតិ
សេដ្ឋកិច្ច
កូវីដ-១៩ ផ្តល់ឱកាសឱ្យយុវជន ម៉ាក សិរីវុឌ្ឍ បង្កើតអាជីវកម្មតាមក្តីស្រមៃ
08, Sep 2021 , 8:59 am        
រូបភាព
លោក ម៉ាក សិរីវុឌ្ឍ ម្ចាស់អាជីវកម្ម MV studio
លោក ម៉ាក សិរីវុឌ្ឍ ម្ចាស់អាជីវកម្ម MV studio
 ដោយ៖ លិវ លីម៉ឹង
 
សៀមរាប៖ ទន្ទឹមនឹងមានអាជីវកម្មជាច្រើន បានបិទទ្វារ ឬដំណើរការទាំងលំបាក ដោយសារតែ ការរាតត្បាតនៃជំងឺកូវីដ-១៩ បានក៏មានអាជីវកម្មថ្មីៗ បានលេចជារូបរាងឡើង ជាបន្តបន្ទាប់។ ក្នុងអំឡុងកូវីដ-១៩នេះ យុវជន ម៉ាក សិរីវុឌ្ឍ បានបង្កើតអាជីវកម្ម MV studio ដែលបម្រើលើសេវាកម្មផលិតរូបភាព និងវីដេអូសម្រាប់អាជីវកម្មអនឡាញ និងទីផ្សារឌីជីថល។ យុវជន សិរីវុឌ្ឍ ដែលជានិស្សិតឆ្នាំទី២ ជំនាញឌីហ្សាញរូបថតផងនោះ បានទទូចសុំជាច្រើនលើក ក្នុងបើកអាជីវកម្មដែលខ្លួនស្រលាញ់មួយនេះ។
 
ដើម្បីជា្របច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោមដូចខាងដូចតទៅ៖
 
MV studio ជាឈ្មោះអាជីវកម្មមួយ ដែលបម្រើទៅលើសេវាកម្មផលិតរូបភាព និងវីដេអូ សម្រាប់អាជីវកម្មអនឡាញ និងទីផ្សារឌីជីថល។ អាជីវកម្មនេះ ទើបតែបង្កើតឡើង នាអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ដោយលោក ម៉ាក សិរីវុឌ្ឍ ដែលជានិស្សិតឆ្នាំទី២ ជំនាញឌីហ្សាញរូបថត នៅសាកលវិទ្យាល័យមួយកន្លែង នៃរាជធានីភ្នំពេញ។  
 
មុននឹងសម្រេចចិត្តបង្កើតអាជីវកម្មនេះ សិរីវុឌ្ឍ បានចំណាយប្រមាណ២ឆ្នាំ ក្នុងការស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ខ្លួន តាមរយៈការងារស័្មគ្រចិត្តនានា ក្នុងវិស័យថតរូប។ «ខ្ញុំចាប់ផ្តើមស្គាល់ខ្លួនឯង ថាខ្ញុំស្រលាញ់រូបភាព គឺពេលខ្ញុំរៀនថ្នាក់ទី១២។ ពេលហ្នឹង! ខ្ញុំដើរថតរូបច្រើនណាស់ ដោយពេលខ្លះបានទុកការរៀនចោលហើយ ទៅដើរថតរូបនានាលេង»។ នេះជាការលើកឡើងរបស់ លោក សិរីវុឌ្ឍ ដោយបានបន្តរៀបរាប់ដូច្នេះ៖ «រហូតចូលដល់ឆ្នាំទី១ ខ្ញុំក៏រៀនសែ្វងរកអ្វីដែលយើងចូលចិត្តខ្លាំងបំផុត ព្រោះតែពេលហ្នឹង ខ្ញុំស្ទាក់ស្ទើរ រវាងរូបភាព និងក្រាហ្វិកឌីហ្សាញ។ អ៊ីចឹងទៅ! ខ្ញុំក៏សម្រេចទៅធ្វើការងារស័្មគ្រចិត្ត, ហាត់ការងារផ្សេងៗដែលពាក់ព័ន្ធនឹងថតរូប ក្រោយមកក៏ខ្ញុំសម្រេចសុំប៉ារៀបចំ Studio នេះឡើង»។  
 
ដ្បិតថា ការបង្កើតអាជីវកម្មនេះឡើងដោយក្តីស្រលាញ់ ហើយបច្ចុប្បន្នទទួលបានការគាំទ្រពីឪពុកម្តាយក៏ពិតមែន ប៉ុន្តែយុវជនវ័យ២០ឆ្នាំរូបនេះ ក៏ត្រូវការពេលវេលាអភិវឌ្ឍន៍សមត្ថភាព និងព្យាយាមស្វែងយល់បន្ថែមពីអាជីវកម្មខ្លួន ដើម្បីទទួលបានជោគជ័យនាអនាគតផងដែរ។ និស្សិតឆ្នាំទី២ ផ្នែកឌីហ្សាញរូបភាពរូបនេះ បានបញ្ជាក់ថា៖«សម្រាប់ការបង្កើតអាជីវកម្មវា ក៏ពិបាកដែរ ដោយសារយើងក្មេង ហើយអាជីវកម្មនេះ ក៏មានរៀមច្បងដើរមុនយើងរាប់ឆ្នាំ និងមានបទពិសោធន៍ជាងយើងច្រើនដែរ។ យើងចាប់ផ្តើមអាជីវកម្មពីពេលហ្នឹង អាចថាយើងមិនជោគជ័យឥឡូវទេ ព្រោះយើងត្រូវការពេលច្រើន ដើម្បីរៀនសូត្រឱ្យមានសមត្ថភាពដូចរៀមច្បងដែរ»។
 
បើតាមលោក ម៉ាក សិរីវុឌ្ឍ ការបង្កើតអាជីវកម្មដែលបម្រើលើសេវាកម្មថតរូប និងវីដេអូសម្រាប់អាជីវកម្មអនឡាញ និងទីផ្សារឌីជីថលនេះ  ក៏មានចូលរួមពីមិត្តភក្តិរួមសាលាចំនួន៣នាក់ទៀត ផងដែរ៕


 

Tag:
 Start up
  MOJO
  COVID-19
  ម៉ាក សិរីវុឌ្ឍ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com