ជាតិ
សេដ្ឋកិច្ច
កូរ៉េខាងត្បូងផ្តល់ជំនួយ ជាង៣លានដុល្លារដល់ក្រសួងកសិកម្ម ដើម្បីអភិវឌ្ឍការដាំបន្លែនៅមណ្ឌលគិរី 09, Sep 2021 , 11:16 am
រូបតំណាង៖ លោកវេង សាខុន រដ្ឋមន្ត្រីកសិកម្ម ចុះពិនិត្យចម្ការស្ពៃក្ដោបមួយកន្លែង ក្នុងខេត្តមណ្ឌលគិរី ថ្ងៃទី២៨កក្កដា ២០២០
× ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទទួលបានជំនួយជាង៣លានដុល្លារ ពីរ សាធារណរដ្ឋកូរ៉េ សម្រាប់អភិវឌ្ឍការដាំដុះបន្លែដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់នៅខេត្តមណ្ឌលគិរី។បើតាមលោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម កញ្ចប់ថវិកានេះគឺសម្រាប់អនុវត្តគម្រោងក្នុងរយៈពេល៤ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៤។
ក្រសួងកសិកម្ម តាមរយៈអគ្គនាយកដ្ឋានកសិកម្ម ត្រៀមអនុវត្ត គម្រោង«Demonstration and Value ChainLinkage of High Value Vegetables Production Mountainous Areas of Cambodia» ក្រោមជំនួយបច្ចេកទេស និងថវិកាសរុប៣,៣លានដុល្លារពីរដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីជំរុញផលិតកម្មដំណាំបន្លែដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់។
បើតាមលោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មគម្រោងដែលមានរយៈពេល៤ឆ្នាំនេះ នឹងជួយបង្កើនជីវភាពរស់នៅរបស់កសិករ តាមរយៈការអភិវឌ្ឍប្រព័ន្ធផលិតកម្មគ្រាប់ពូជដំឡូងបារាំង។លោកបានបញ្ជាក់ថា ការអនុវត្តគម្រោងនេះ នឹងបង្ហាញពីផលិតកម្មគ្រាប់ពូជដំណាំបន្លែ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ចំនួន៤មុខនៅខេត្តមណ្ឌលគិរី ដោយក្នុងនោះមាន៖ ស្ពៃក្តោប ស្ពៃបូកគោ ផ្កាខាត់ណានិងដំឡូងបារាំង។
«គម្រោងនេះពិតជាមានសារសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍ និងពង្រឹងអនុវិស័យដំណាំបន្លែ។ ជាពិសេសប្រភេទដំណាំបន្លែដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារឱ្យបានគ្រប់គ្រាន់ ជាពិសេសនៅក្នុងរដូវកាលក្រខ្សត់ តាមរយៈការកំណត់ប្រតិទិនដាំដុះដំណាំបន្លែមួយឆ្នាំពេញឱ្យបានច្បាស់លាស់»។ លោក ងិន ឆាយ បាននិយាយដូច្នេះនៅចំពោះមុខ លោក Park Kiwook ប្រធានក្រុមជំនាញការនៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី៨កញ្ញា ឆ្នាំ២០២១។
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្នុងឱកាសពិភាក្សាការងារជាមួយអ្នកជំនាញការរបស់ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី៨កញ្ញា ឆ្នាំ២០២១
ជាមួយគ្នានេះ លោក ក៏បានស្នើដល់លោក Park Kiwook ឱ្យពិចារណាលើការរៀបចំខ្សែច្រវាក់ផលិតកម្មដំណាំបន្លែដែលពេញលេញមួយនិងការដាក់បញ្ចូលបច្ចេកវិទ្យាទំនើបទៅក្នុងគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្មនោះដើម្បីបង្កើតបានជាគំរូផលិតកម្មដំណាំបន្លែក្នុងលក្ខខណ្ឌសមសមស្របណាមួយជាពិសេសសម្រាប់ខេត្តមណ្ឌលគិរី ដែលជាខេត្តគោលដៅគម្រោង។ ជាការឆ្លើយតបក្រុមការងាររបស់ប្រទេសកូរ៉េខាងត្បូង បានយល់ព្រមនឹងសំណើររបស់លោក ងិន ឆាយ ផងដែរ។
កាលឆ្នាំ២០២០ កម្ពុជាមានតម្រូវការបន្លែជាង១០៤ម៉ឺនតោន ដោយនៅក្នុងនោះមានបន្លែជិត៣៣ម៉ឺនតោន (៣២ភាគរយ)ត្រូវនាំចូលពីបរទេសដើម្បីបំពេញតម្រូវទីផ្សារក្នុងស្រុកសរុប។ បន្លែដែលនាំចូលកម្ពុជាមានភាគច្រើនគឺ ស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង ជាដើម។នេះបើតាមការប៉ាន់ស្មានតម្រូវការ និងការផ្គត់ផ្គង់បន្លែនៅកម្ពុជាប្រចាំឆ្នាំ២០២០របស់អគ្គនាយកដ្ឋានកសិកម្ម រួមទាំងរបាយការណ៍ស្តីពីស្ថានភាពនៃការគ្រប់គ្រងនិងការផ្គត់ផ្គង់ផលិតផលកម្មកម្មដែលក្រសួងកសិកម្មរាយការណ៍ទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
Tag:
កសិកម្ម
បន្លែ
មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com