ជាតិ
សេដ្ឋកិច្ច
កម្ពុជា-កូរ៉េ នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាផ្លូវការនៅ ខែតុលា ឆ្នាំ២០២១
09, Sep 2021 , 4:16 pm        
រូបភាព
លោក ប្រាក់ សុខុន (ឆ្វេង) កំពុងឈរថតរូបជាមួយលោក លោក ឆុង អើយយ៉ុង រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ។ រូបថត៖ លោក ប្រាក់ សុខុន
លោក ប្រាក់ សុខុន (ឆ្វេង) កំពុងឈរថតរូបជាមួយលោក លោក ឆុង អើយយ៉ុង រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ។ រូបថត៖ លោក ប្រាក់ សុខុន
ភ្នំពេញ៖ កម្ពុជា-​សាធារណរដ្ឋកូរ៉េ នឹងចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាផ្លូវការ (CKFTA) នៅ​ដើមខែតុលា​ ឆ្នាំ​២០២១​។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។  CKFTA ​នឹង​ក្លាយ​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទី​២​ បន្ទាប់​ពី​ CCFTA ​រវាង​កម្ពុជា​ និង​ចិន​។
 
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង(CKFTA) នឹងចូលជាធរមាននៅក្នុងអំឡុងខែតុលា ឆ្នាំ២០២១ បន្ទាប់​ពី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​បាន​ប្រកាស​បញ្ចប់​ការ​ចរចា​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃ​ទី​៣​​កុម្ភៈ​​។ គម្រោងនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េនេះ ត្រូវបានលើកក្នុងដំណើរទស្សនកិច្ចជាផ្លូវការ របស់លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស នៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី៦-៨កញ្ញា។
 
​ដំណើរទស្សនកិច្ច៣ថ្ងៃមកនេះ លោក ប្រាក់ សុខុន គឺបានជួបពិភាក្សាការងារ ជាមួយលោក លោក ឆុង អើយយ៉ុង ដែលជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរទេស បានបញ្ជាក់ដូច្នេះ៖« រដ្ឋមន្ត្រីការបរទេសទាំងពីរ គឺមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលនឹងត្រូវចុះហត្ថលេខា នៅដើមខែតុលា[ឆ្នាំ២០២១] នឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត ព្រមទាំងជួយពន្លឿន ការស្តារសេដ្ឋកិច្ចនៃប្រទេសទាំងពីរឡើងវិញ ក្រោយវិបត្តិកូវីដ-១៩»។ 
 
កម្ពុជា គឺជាគោលដៅនាំចេញទី៦០ របស់កូរ៉េខាងត្បូង ដែលមានទំនិញសំខាន់ៗ ដូចជា៖ ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក ឱសថ និងរថយន្តដឹកទំនិញ។ ចំណែកឯ កម្ពុជាវិញ បាននាំទំនិញទៅកូរ៉េខាងត្បូង ភាគច្រើន គឺជាសម្លៀកបំពាក់ និងផលិតផលស្បែកជើង កាបូប ជាដើម។
 
នៅក្រោមកិច្ចព្រមព្រៀង CKFTA និងកិច្ចព្រមព្រៀង RCEP កម្ពុជា នឹងលើកលែងពន្ធប្រមាណ ៩៣,៨ភាគរយ នៃផលិតផលនាំចូលពីកូរ៉េខាងត្បូង ហើយកូរ៉េខាងត្បូង នឹងលើកលែងពន្ធប្រមាណ ៩៥,៦ភាគរយ លើផលិផលរបស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មកន្លងមក។ 
 
របាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​កូរ៉េ ក្នុង​ឆ្នាំ​២០១៩ មាន​ប្រមាណ ១ ០៣២ លាន​ដុល្លា​រ។ ទំហំ​ពាណិជ្ជ​កម្មនេះ បាន​កើនឡើង​ជិត​២០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ និង​កើនឡើង ២៥៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០០៩  ដែលមាន​ប្រមាណ ២៩១ លាន​ដុល្លា​​។ ដោយឡែកនៅក្នុងឆ្នាំ២០២០ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេសទាំងពីរ គឺសម្រេចបានជាង៨៨៥លានដុល្លារប៉ុណ្ណោះ  ពោលគឺមានការថយចុះប្រមាណ ១៨ភាគរយ​ ធៀប​នឹង​​ឆ្នាំ​២០១៩។ 
 
សូមជម្រាបថា ​ក្រៅពី​ប្រទេស​ចិន និង​សាធារណរដ្ឋកូរ៉េ រដ្ឋាភិបាល​កម្ពុជា ក៏បាន​បង្កើត​ក្រុមការងារ​ជំនាញ​ ដើម្បី​សិក្សា និង​រៀបចំ​គោលនយោបាយយុទ្ធសាស្ត្រ​ចរចា ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី  ជាមួយ​ប្រទេស​ធំៗ​គោលដៅ​ចំនួន​៦​ទៀត​ដែរ ក្នុងនោះមានសហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី (EAEU) ជា​អង្គការ​សមាហរណកម្ម​ថ្នាក់​តំបន់​នៅ​អាស៊ី​ខាងលិច  អាស៊ី​ខាងកើត និង​អាស៊ី​កណ្តាល​, ប្រទេស​អង់គ្លេស អាម៉េរិក ជប៉ុន ម៉ុង​ហ្គោ​លី និងឥណ្ឌា​៕
 
 

Tag:
 ពាណិជ្ជកម្ម
  CKFTA
  លោក ប្រាក់ សុខុន
© រក្សាសិទ្ធិដោយ thmeythmey.com