កីឡាជាតិ
ជាតិ
លីគកំពូលកម្ពុជា៖ វិសាខា និងភ្នំពេញក្រោន មិនទាន់ស្គាល់ពាក្យ«ចាញ់»ឡើយ ខណៈនគរបាលជាតិ កាន់តែយ៉ាប់យ៉ឺន
13, Sep 2021 , 1:59 pm        
រូបភាព
ភ្នំពេញ៖ ការប្រកួត៦គូ ក្នុងសប្ដាហ៍ទី១៣ នៃពានរង្វាន់មិត្តហ្វូនខាមបូឌាលីគ ២០២១ បានបញ្ចប់ហើយ ដោយក្រុមភ្ញៀវយកឈ្នះម្ចាស់ផ្ទះទាំងអស់។ វិសាខា និងភ្នំពេញក្រោន នៅតែបន្តភាពខ្លាំងរបស់ខ្លួន ដោយបំបាក់គូប្រកួតដូចគ្នា ខណៈនគរបាលជាតិ កាន់តែយ៉ាប់យ៉ឺន ដោយទទួលបរាជ័យជាលើកទី៨ និងមិនទាន់ស្គាល់ពាក្យថា «ឈ្នះ»ឡើយ។

វិសាខា មិនទាន់ស្គាល់ពាក្យ«ចាញ់»ឡើយ ក្នុងការប្រកួត១២លើកកន្លងមកនេះ។ ក្រុមដែលដឹកនាំដោយលោកColum Curtis សញ្ជាតិអៀឡង់នេះ នៅតែធ្វើបានល្អក្នុងប្រកួតជាមួយបឹងកេត ដែលជាក្រុមខ្លាំងមួយ នៅក្នុងលីគកំពូលកម្ពុជានេះ។ អ្វីដែលអស្ចារ្យនោះ គឺក្រុមវិសាខា បានបំបាក់ម្ចាស់ផ្ទះបឹងកេត ដោយលទ្ធផល ៥-១ នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ។ 
 
សម្រាប់ការប្រកួតនេះ វិសាខា បានបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងការវាយសម្រុកទៅលើបឹងកេត រហូតដល់សម្រេចបានគ្រាប់បាល់ផ្ទួនៗគ្នា ដោយគ្រាប់ដំបូងរកបានដោយកីឡាករខ្សែការពារស្លាបស្ដាំ កែន ច័ន្ទសុភ័ក្ត្រ នៅនាទី៩ ក្រោយខ្សែការពារបឹងកេតតែតបាល់ភ្នាត់ស្នៀត។ ការប្រកួតឈានដល់នាទី១៨ ខ្សែប្រយុទ្ធ Haber Marcus warren រកបានមួយគ្រាប់ទៀតឱ្យវិសាខា ក្រោយការបញ្ចូនបាល់យ៉ាងល្អពីកីឡាករ ឆេង ម៉េង មុននឹងកីឡាករ ច្រឹង ពលរដ្ឋ រកគ្រាប់បាល់ទី៣ នៅនាទី២៩។ ការប្រកួតឈានដល់នាទី៤៥បូក៣ នៃវគ្គទីមួយហើយ ស្រាប់តែកីឡាករ Ajayi Opeyemi Korede តែតបញ្ចូលទីបឹងកេត មួយគ្រាប់ទៀត ក្រោយការបញ្ជូនបាល់យ៉ាងល្អពីខ្សែការពារស្លាបឆ្វេង ឆេង ម៉េង។
 
ការប្រកួតឈានចូលវគ្គទី២ លេងបានតែ៣នាទីប៉ុណ្ណោះ វិសាខារកបានគ្រាប់បាល់ទី៥ ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ ពីសំណាក់ខ្សែប្រយុទ្ធ Haber Marcus មុននឹងបឹងកេត រកបានមួយគ្រាប់វិញ ដោយកីឡាករ Gopane នៅនាទី៧១។ ចំណែកខ្សែប្រយុទ្ធឆ្នើមរបស់បឹងកេត ចាន់ វឌ្ឍនាការ និង សៀង ចន្ធា នោះប្រឹងព្យាយាមវាយសម្រុកវិសាខាដែរ ប៉ុន្តែមិនអាចទម្លុះខ្សែការពារក្រុមមួយនេះបាន។
 
រីឯភ្នំពេញក្រោនវិញ ក៏នៅតែបន្តភាពខ្លាំងរបស់ខ្លួនដែរ ដោយបន្តយកឈ្នះក្រុមអង្គរថាយហ្គឺរ ដោយលទ្ធផល២-០ នៅកីឡដ្ឋានអេស អ យូ។ គ្រាប់បាល់ទាំងពីរនេះ រកបានដោយខ្សែបម្រើ យ៉ើ ម៉ូស្លីម នៅនាទី៥៤ តាមរយៈការស៊ុតបាល់បន្ថែមពីមិត្តរួមក្រុម បន្ទាប់ពីអ្នកចាំទីអង្គរថាយហ្គឺរ ចាប់បាល់ក្រឡកពីដៃ មុននឹងកីឡាករសញ្ជាតិប្រេស៊ីល Matheus Souza E Silva អូសបាល់ទៅស៊ុតបញ្ចូលទី នៅនាទី៩០បូក២ ។
 
សម្រាប់ វិសាខា និងភ្នំពេញក្រោន សុទ្ធតែខ្លាំងដូចគ្នា នៅរដូវកាលនេះ។ តាមរយៈការប្រកួត១២លើកកន្លងមក ក្រុមទាំងពីរ សុទ្ធតែឈ្នះ៨ និង៤ប្រកួត ហើយមាន២៨ពិន្ទុដូចគ្នា។ ប៉ុន្តែវិសាខា នៅឈរលេខ១ ដោយសារមានគ្រាប់បាល់ស៊ុតបញ្ចូលចំណេញ ចំនួន៣១គ្រាប់ លើសភ្នំពេញក្រោន ដែលមាន២៧គ្រាប់។
 
ចំណែកក្រុមដែលយ៉ាប់យ៉ឺនជាងគេ នៅក្នុងរដូវកាលនេះ គឺនគរបាលជាតិ ដែលមិនទាន់ស្គាល់ពាក្យថា ឈ្នះឡើយ ក្រោយឆ្លងកាត់ការប្រកួត១១លើកមកនេះ។ ដោយឡែកនៅការប្រកួត នាសប្ដាហ៍ទី១៣ កាលពីថ្ងៃទី១១ កញ្ញា នគរបាលជាតិ បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្រោមថ្វីជើងក្រុមព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ០-៥ ។ បច្ចុប្បន្ន នគរបាលជាតិ កំពុងឈរនៅបាតតារាង ក្រោយចាញ់៨ប្រកួត និងស្មើ៣លើក មាន៣ពិន្ទុក្នុងដៃ ខណៈក្រុមព្រះខ័នរាជស្វាយរៀង ឈរលេខ៣ ក្រោយឈ្នះ៨ ស្មើ១ និងចាញ់៣ មាន២៥ពិន្ទុ។
 
ចំណែកការប្រកួត៣គូទៀត គឺក្រុមម្ចាស់ផ្ទះសុទ្ធតែចាញ់ទាំងអស់ដែរ ដោយក្នុងនោះ គិរីវង់សុខសែនជ័យ ចាញ់ក្រុមណាហ្គាវើលដ៍ ដោយលទ្ធផល ២ទល់៥ ខណៈព្រៃវែង ចាញ់អាស៊ីអឺរ៉ុប ២-៤។ ឯក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ ក៏យកឈ្នះក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ៣-០ ដែរ។
 
ក្រុមដែលមានពិន្ទុក្រោម១០នោះ រួមមានអគ្គិសនីកម្ពុជា មាន៧ពិន្ទុ ក្រោយឈ្នះ២ ស្មើ១ និងចាញ់៩ប្រកួត, ព្រៃវែង មាន៦ពិន្ទុ ដោយឈ្នះ១ ស្មើ៣ និងចាញ់៧លើក ខណៈសូទីឡូអង្គរ មាន៥ពិន្ទុ បន្ទាប់ពីឈ្នះ១ ស្មើ២ និងចាញ់៩ប្រកួត៕

Tag:
 បាល់ទាត់កម្ពុជា
  CNCC
  NOCC
© រក្សាសិទ្ធិដោយ thmeythmey.com