កីឡាជាតិ
ជាតិ
រដ្ឋមន្រ្តីអប់រំ សម្រេចឱ្យផ្អាកការប្រកួតប្រដាល់ខ្មែរជើងឯកអាស៊ីអាគ្នេយ៍ នាខែតុលា
14, Sep 2021 , 11:13 am        
រូបភាព
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន សម្រេចផ្អាកការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកអាស៊ីអាគ្នេយ៍ នាខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកអាស៊ីអាគ្នេយ៍ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។ រដ្ឋមន្ត្រីក្រសួងអប់រំ បានផ្ញើលិខិតមួយ ទៅកាន់លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីថ្ងៃទី១០ កញ្ញាថា« ដោយយោងលើស្ថានភាពមិនទាន់ធូរស្បើយនៃការរីករាលដាលជំងឺកូវីដ-១៩ ដូច្នេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចជាគោលការណ៍ឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ផ្អាកការប្រកួតជើងឯកអាស៊ីអាគ្នេយ៍»។
 
លោក ពេជ្រ សូផែន អគ្គលេខាធិការរង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ទទួលបន្ទុកការងារបច្ចេកទេស និងការងារព័ត៌មាន បានបញ្ជាក់ថា ការសម្រេចផ្អាកនេះ  មិនទាន់កំណត់ពេលវេលាឡើងវិញទេ ឬក៏អាចពន្យារពេលដល់ឆ្នាំ២០២២។ 
 
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានស្រង់សម្តីលោក ពេជ្រ សូផែន សរសេរលើហ្វេសប៊ុកដូច្នេះថា៖«តាមគម្រោង សហព័ន្ធបានជូនដំណឹងដល់បណ្តាប្រទេសទាំងអស់ក្នុងអាស៊ានរួចរាល់ ហើយអំពីការត្រៀមរៀបចំនេះ ប៉ុន្តែដោយសារការផ្អាកនេះ មិនទាន់ច្បាស់លាស់ពីការចូលរួមថា តើមានកីឡាករប៉ុន្មាននាក់ មកពីប្រទេសណាខ្លះនៅឡើយទេ»។ 
 
តែយ៉ាងណាអគ្គលេខាធិការរងរូបនេះ នៅតែរំពឹងថា កម្ពុជានឹងអាចរៀបចំការប្រកួតនេះក្រោយពេលស្ថានភាពជំងឺកូវីដ-១៩បានធូរស្បើយ ដើម្បីបង្កើនសមត្ថភាពកីឡាករជម្រើសជាតិប្រដាល់គុនខ្មែរ ឲ្យកាន់តែមានសក្តានុពល ត្រៀមឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
 
កន្លងមកសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានត្រៀមរៀបចំវិញ្ញាសា ក្នុងការប្រកួតជើងឯកកម្រិតអាស៊ាននេះ មានចំនួន១០ប្រភេទទម្ងន់ ដូចជាប្រភេទទម្ងន់ ៤៥គីឡូក្រាម, ៤៨, ៥១, ៥៤, ៥៧, ៦០, ៦៣.៥, ៦៧, ៧១ និងទម្ងន់ ៨១គីឡូក្រាម៕

Tag:
 ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com