ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ប្រាប់ឱ្យពលរដ្ឋប្ដឹងក្រុមហ៊ុន GFX ទៅតុលាការ បើដោះស្រាយមិនត្រូវរ៉ូវគ្នា
15, Sep 2021 , 10:55 am        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រាប់ឱ្យពលរដ្ឋ ដែលមានបញ្ហាជាមួយក្រុមហ៊ុន GoldFX Investment ប្ដឹងទៅតុលាការ បើសិនជាដោះស្រាយគ្នា មិនត្រូវរ៉ូវ។ នាយករដ្ឋមន្ត្រី ឆ្លើយបែបនេះ តបទៅកាន់ពលរដ្ឋ ដែលស្នើសុំអន្តរាគមន៍សម្ដេច។ ក្រុមហ៊ុន GoldFX Investment ដែលទទួលបានអាជ្ញាបណ្ណអាជីវកម្ម ជាឈ្មួញជើងសាឧបករណ៍និស្សន្ទពីនិយ័តករមូលបត្រកម្ពុជានេះ បានធ្វើឱ្យបាត់ប្រាក់វិនិយោគរបស់អតិថិជនប្រមាណ៣០លានដុល្លារ។

ពលរដ្ឋជាច្រើននាក់ បានបង្ហោះសារចូលទៅកាន់ទំព័រហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន ដោយរៀបរាប់ពីបញ្ហាខ្លួន ជាមួយក្រុមហ៊ុន GoldFX Investment ។ ពួកគេសុទ្ធតែអះអាងថា ក្រុមហ៊ុន មិនទាន់ផ្ដល់ដំណោះស្រាយសមរម្យសម្រាប់ពួកគេឡើយ។ ពួកគេទាំងនោះ ស្នើឱ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន អន្តរាគមន៍រកយុត្តិធម៌ឱ្យពួកគេ ក្នុងករណីនេះ។
 
ក្រោយឃើញពលរដ្ឋសុំអន្តរាគមន៍ច្រើននេះ សម្ដេច ហ៊ុន សែន ក៏បានប្រាប់ពួកគេវិញ ពីដំណោះស្រាយនៅតាមផ្លូវតុលាការ។ ប្រមុខរដ្ឋាភិបាល បានឆ្លើយតបសារពលរដ្ឋទាំងនោះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការខ្លួនថា៖«ដោយសារបងប្អូនបានចូលមកនិយាយប្រាប់ខ្ញុំច្រើនដងហើយ ដែលល្មមដល់ពេលខ្ញុំត្រូវឆ្លើយតបដោយខ្លីថា សូមបងប្អូនបន្តសម្រុះសម្រួលគ្នា ព្រោះបងប្អូនស្មគ្រ័ចិត្តរកស៊ីជាមួយគ្នា។ក្នុងករណីរកការស្រុះស្រួលមិនបាន សុំដាក់ពាក្យបណ្តឹងទៅកាន់តុលាការ»។


 
សំណុំរឿងពលរដ្ឋ ដែលដាក់ទុនរកស៊ីជាមួយក្រុមហ៊ុន GoldFX Investment បានអូសបន្លាយជាង ៦ខែហើយ ក្រោយពីក្រុមហ៊ុន ដែលជាឈ្មួញជើងសាឧបករណ៍និស្សន្ទពីនិយ័តករមូលបត្រកម្ពុជានេះ ធ្វើឱ្យបាត់ប្រាក់វិនិយោគរបស់អតិថិជនប្រមាណ៣០លានដុល្លារ។ បន្ទាប់ពីមានបញ្ហានេះ ក្រុមហ៊ុន GoldFX Investment បានសម្របសម្រួលទូទាត់ប្រាក់ឱ្យអតិថិជនវិញ តែ៣០ភាគរយនៃប្រាក់ដើមរបស់ពួកគេប៉ុណ្ណោះ។ ប៉ុន្តែអតិថិជន ឬវិនិយោគិន ដែលជាជនរងគ្រោះ នៅរក្សាជំហរក្នុងការទាមទារប្រាក់ដើម១០០ភាគរយមកវិញ ដើម្បីយកមកផ្គត់ផ្គង់ជីវភាព និងទូទាត់សងធនាគារ។ អតិជន ឬវិនិយោគិនរងគ្រោះ ទាំងនោះ មានប្រមាណ៣ពាន់នាក់។
 
ដោយសារឃើញបញ្ហានេះ ផ្ទុះឡើងខ្លាំងនោះ ទើបនិយ័តករមូលបត្រកម្ពុជាកន្លងមក បានបង្គាប់ឱ្យក្រុមហ៊ុន GoldFX Investment (GFX) ចូលខ្លួនដោះស្រាយបន្ទាន់ជាមួយវិនិយោគិននិងអតិថិជនទាំងនេះ។
 



សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ដើម្បីសុំការអត្ថាធិប្បាយលើករណីដោះស្រាយបញ្ហាពលរដ្ឋ និងក្រុមហ៊ុន GFX បាននៅឡើយទេ នាថ្ងៃទី១៥ កញ្ញានេះ។
 
តែយ៉ាងណានិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ធ្លាប់បានអះអាងថា ខ្លួនបានធ្វើនីតិវិធីច្បាប់ជាមួយស្ថាប័នអយ្យការ ដោយស្នើសុំឱ្យមានការស៊ើបអង្កេតបន្ថែមលើប្រតិបត្តិការសង្ស័យរបស់ក្រុមហ៊ុន GoldFX Investment និងបញ្ចូលការដោះស្រាយពាក្យបណ្ដឹងទាំងអស់ ដែលប្តឹងជាមួយសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធករណីនេះ។
 
ខណៈកំពុងធ្វើនីតិវិធីច្បាប់ជាមួយស្ថាប័នអយ្យការនេះ និយ័តករមូលបត្រកម្ពុជា ក៏ទទួលបានពាក្យបណ្តឹងជិត៨០០ ពីអតិថិជន ប្ដឹងក្រុមហ៊ុន GoldFX Investment ដើម្បីទាមទារប្រាក់ដើមមកវិញ គិតត្រឹមថ្ងៃទី១៦ កក្កដា ឆ្នាំ២០២១ ៕

Tag:
 ហ៊ុន សែន
  GFX
© រក្សាសិទ្ធិដោយ thmeythmey.com