ជាតិ
សេដ្ឋកិច្ច
CDC អនុម័តគម្រោងបើករោងចក្រកាត់ដេរ៣កន្លែង ជាមួយទុនវិនិយោគ៨,៥លានដុល្លារ
16, Sep 2021 , 6:59 pm        
រូបភាព
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន៣ ដើម្បីបង្កើតរោងចក្រ កាត់ដេសម្លៀកបំពាក់ និងស្បែកជើង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងនៅស្រុកអ្ងគស្នួល ខេត្តកណ្តាល។ គម្រោងបង្កើតរោងចក្រទាំង ៣កន្លែងនេះ មានទំហំវិនិយោគសរុប ៨,៥លានដុល្លារ និងអាចបង្កើតការងារប្រមាណ ៤ពាន់កន្លែង។
 
បើតាមការចុះផ្សាយនៅទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្រុមហ៊ុន NEW T&K TEXTILE CO., LTD ទទួលបានការយល់ព្រម ឱ្យបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២ ៣០០កន្លែង។
 
ក្រុមហ៊ុន YUAN SHEN TAI CO., LTD ទទួលបានការយល់ព្រមឱ្យបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩៧៨កន្លែង។
 
ក្រុមហ៊ុនមួយទៀត គឺ FORTUNE BROAD FOOTWEAR CO., LTD ទទួលបានការយល់ព្រម ឱ្យបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ០២៨កន្លែង៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com