ពីនេះ ពីនោះ
ចាកភាព ចាកទំនងដើម គឺ «បំប្លែង» មិនមែន «បន្លែង» ឡើយ
18, Sep 2021 , 7:29 am        
រូបភាព
កិរិយាសព្ទ «បំប្លែង» មានន័យថា ធ្វើឲ្យប្លែង ធ្វើឲ្យប្រែចាកភេទ, ចាកភាព, ចាកទំនងដើម។ ឧទាហរណ៍ បំប្លែងទូកអុំឲ្យមកជាទូកចែវ ។ នេះបើតាម​ការពន្យល់ក្នុងវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត។
 
សារព័ត៌មាន​ថ្មីៗ លើកយកពាក្យនេះ មកពន្យល់ ដោយសារតែ​បាន​សង្កេតឃើញ មាន​ការ​ប្រើ​ប្រាស់ខុសមួយចំនួន ជាពិសេសទាក់ទង​នឹង​វីរុស​កូវីដ-១៩ «បំប្លែង» ថ្មី (ដែលតា) ដោយអ្នក​ខ្លះ បាន​សរសេរពាក្យ «មេរោគ​បន្លែងថ្មី» ជំនួស​ទៅវិញ។
 
បន្លែង ក៏មានក្នុងវចនានុក្រម​ផងដែរ ដោយកិរិយាសព្ទនេះ មានន័យថា ធ្វើឲ្យសប្បាយចិត្តដោយកំដរនឹងល្បែង, កម្សាន្តចិត្តដោយមានល្បែងជាគ្រឿងផ្សំឬជាជំនួយផង។ លេងភ្លេងច្រៀងបន្លែងកុំឲ្យអផ្សុក ។
 
សម្រាប់ន័យដូចពាក្យ «បំប្លែង» យើង​ក៏បាន​ប្រើ​ប្រាស់កិរិយាសព្ទ «ប្លែង» ឬ «ក្លែង» បាន​ផងដែរ។ ប្លែង មានន័យថា ប្រែ, បែរ, ឃ្លាត ប្លែកចាកភាពដើមឬចាកភេទដើម។ ប្លែងខ្លួន, ប្លែងភេទ។ មិន​ខុសគ្នាឆ្ងាយនោះឡើយ សម្រាប់ពាក្យ «ក្លែង»  ដែលមានន័យ​ធ្វើឲ្យប្លែកចាករូបរាងដើម ទៅយករូបរាងថ្មីដើម្បីកុំឲ្យគេស្គាល់ ឬ ពោលឲ្យខុសចាកសំដីដើមទៅពោលសំដីថ្មីដើម្បីកុំឲ្យគេដឹង។ ក្លែងរូប, ក្លែងសំដី, ក្លែងសំឡេង ៕


 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com