អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រធានាធិបតីវៀតណាម ចាប់ផ្តើមទស្សនកិច្ចជាផ្លូវការនៅគុយបា 19, Sep 2021 , 4:06 pm
ប្រធានាធិបតីវៀតណាមលោកង្វៀន សួនហ្វ៊ុក ទស្សនកិច្ចនៅគុយបា។
×
ដោយ៖ឡាយ ស្រីពេជ្រ
ប្រធានាធិបតីវៀតណាម លោកង្វៀន សួនហ្វ៊ុក និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅដល់ទីក្រុងឡាហាវ៉ានហើយ នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា (ម៉ោងក្នុងតំបន់)។ លោកហ្វ៊ុក បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការ រយៈពេល ៣ ថ្ងៃនៅគុយបា តាមការអញ្ជើញរបស់អគ្គលេខាធិការទីមួយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តគុយបា និងប្រធានាធិបតីគុយបា លោក Miguel Díaz Canel ។
ក្នុងពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិ Jose Marti ក្នុងក្រុងឡាហាវ៉ាន ប្រធានាធិបតីវៀតណាម ង្វៀន សួនហ្វ៊ុក ត្រូវបានទទួលស្វាគមន៍ ដោយអនុប្រធានាធិបតីគុយបាលោក Salvador Valdés Mesa រួមជាមួយមន្រ្តីក្រសួងការបរទេសគុយបា។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបា លោក Lê Thanh Tùng ព្រមទាំងបុគ្គលិកស្ថានទូត និងអ្នកតំណាងសហគមន៍វៀតណាមដែលកំពុងធ្វើការ រស់នៅ និងសិក្សានៅគុយបា ក៏បានមកទទួលប្រធានាធិបតីខ្លួនដែរ។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីលោក ហ្វ៊ុក នៅគុយបា គឺជាការបង្ហាញពីគោលនយោបាយរបស់វៀតណាម ក្នុងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូអាទិភាព និងមិត្តភាពដែលមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦០ មក។ វាគឺជាឱកាសមួយសម្រាប់វៀតណាម ដើម្បីបញ្ជាក់ពីសាមគ្គីភាព និងការគាំទ្រយ៉ាងខ្លាំងចំពោះគុយបាក្នុងដំណាក់កាលដ៏លំបាកមួយ។ នេះបើតាមការលើកឡើងរបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Đặng Hoàng Giang។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់គុយបាដោយមេដឹកនាំជាន់ខ្ពស់នៃបក្សកុម្មុយនីស្ត និងរដ្ឋវៀតណាម បន្ទាប់ពីមហាសន្និបាតលើកទី១៣ នៃបក្សកុម្មុយនីស្តវៀតណាម។ លោកហ្វ៊ុកក៏ជាប្រមុខរដ្ឋបរទេសទីមួយដែលបានមកទស្សនកិច្ចនៅគុយបា បន្ទាប់ពីគុយបាជោគជ័យ ក្នុងការរៀបចំមហាសន្និបាតលើកទី ៨ របស់បក្សកុម្មុយនីស្តគុយបា។
កន្លងមក បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមបានគាំទ្រយ៉ាងសកម្មចំពោះគុយបា លើបញ្ហាស្បៀងអាហារ។ ជាការឆ្លើយតប មេដឹកនាំគុយបា បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ និងការផ្ទេរបច្ចេកវិទ្យាទៅវៀតណាផងដែរ។ មុនដំណើរទស្សនកិច្ចរបស់លោក ហ្វ៊ុក នៅគុយបា វៀតណាមបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់គុយបាជាបន្ទាន់។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ ត្រូវពិភាក្សាពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ក្នុងគោលបំណងពង្រឹងសាមគ្គីភាពនិងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ។
គួររំលឹកថា គុយបា គឺជាមិត្តចាស់របស់វៀតណាមចាប់តាំងពីឆ្នាំ១៩៦០មក។ ប្រទេសមួយនេះ តែងគាំទ្រវៀតណាម ក្នុងទាមទារឯករាជ្យ ក៏ដូចជាបង្រួបបង្រួមប្រទេសនៅក្នុងសម័យនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com