អន្តរជាតិ
វ័យ១០០ឆ្នាំ លោកយាយ Murway- Traina អាចលើកទម្ងន់បានដល់៧០គីឡូក្រាម
19, Sep 2021 , 7:30 pm        
រូបភាព
ដោយ: ធីតា
ឈានដល់អាយុ១០០ឆ្នាំ លោកយាយ Edith Murway-Traina រស់នៅរដ្ឋ Florida សហរដ្ឋអាមេរិក បានត្រូវបានកត់ត្រាក្នុង Guinness World Records 2022 ក្នុងជាស្ត្រីដែលប្រកួតលើកទម្ងន់អាយុច្រើនជាងគេបំផុតលើពិភពលោក។


កាលពីថ្ងៃទី៥ ខែសីហា ពោលគឺត្រឹមតែ៣ថ្ងៃមុនប្រារព្ធខួបកំណើតអាយុ១០០ឆ្នាំ សៀវភៅកំណត់ត្រាពិភពលោក បានចារឈ្មោះលោកយាយ Murway-Traina ក្នុងនាមជាអត្តពលិកស្ត្រីដែលមានវ័យចំណាស់ជាងគេបំផុតដែលប្រកួតប្រជែងលើវិញ្ញាសាលើកទម្ងន់ (The Oldest Competitive Female Powerlifter)។

ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតប្រជែងមិនបានប្រព្រឹត្តទៅឡើយដោយសារតែការវាយលុកកូវីដ-១៩ ប៉ុន្តែលោកយាយ Traina នៅតែបន្តហ្វឹកហាត់សម្រាប់ការប្រកួតមួយនាខែវិច្ឆិកា ខាងមុខ។

«យើងប្រឹងប្រែងធ្វើអ្វីតាមដែលអាចធ្វើទៅបាន ដើម្បីបង្ហាញពិភពលោកថា យើងអាចធ្វើវាបាន»។ លោកយាយ Traina បានលើកឡើងយ៉ាងដូច្នេះក្នុងបទសម្ភាសជាមួយ USA Today ដោយបច្ចុប្បន្នគាត់អាចលើកដុំដែកពីទម្ងន់២០គីឡូក្រាមដល់៧០គីឡូក្រាម និងលើសពីនេះ។

ជាអតីតគ្រូបង្រៀនរបាំ លោកយាយ Traina បានចាប់ប្រឡូកក្នុងកីឡាលើកទម្ងន់នៅពេលមានអាយុ៩១ឆ្នាំ។ មិត្តភក្តិរបស់គាត់ឈ្មោះ Carmen Gutwirth ដែលបច្ចុប្បន្នវ័យ៧៧ឆ្នាំ បានចូលរួមក្នុងកម្មវិធីហ្វឹកហាត់លើកទម្ងន់ដើម្បីការពារជំងឺពុកឆ្អឹង ហើយក៏បានបបួលលោកយាយទៅហាត់ជាមួយខ្លួន។

លោកយាយ Traina និង Gutwirth នៅតែបន្តសកម្មភាពហ្វឹកហាត់ជាមួយគ្នា។ «Gutwirth គឺល្អខ្លាំងណាស់។ គាត់នឹងមានឈ្មោះនៅក្នុងបញ្ជីកំណត់ត្រាពិភពលោកនៅថ្ងៃណាមួយជាមិនខាន»។ លោកយាយ Traina បានលើកសរសើរពីមិត្តរបស់ខ្លួន។

លោក Gary Murway កូនប្រុសរបស់លោកយាយ Traina បានបញ្ជាក់ថា ម្តាយរបស់ខ្លួនតែងតែធ្វើរឿងដ៏អស្ចារ្យប្រកបដោយទំនុកចិត្ត។ «គាត់តែងតែផ្តល់ភាពជាគំរូ និងការលើកទឹកចិត្ត តាមរយៈការលើកទម្ងន់ ការរាំ និងការថែទាំក្រុមគ្រួសារ»។

លោកយាយ Traina ធ្លាប់រៀបការចំនួន២លើក ដោយបច្ចុប្បន្នមានចៅ១០នាក់ ចៅទួត១៤នាក់ និងចៅលួត២នាក់។ លោកយាយតែងតែផ្តល់ដំបូន្មានដល់កូនចៅឲ្យស្រឡាញ់កីឡា និងធ្វើសកម្មភាពកីឡាដើម្បីសុខភាពមាំមួន និងរីករាយក្នុងជីវិត៕


 

© រក្សាសិទ្ធិដោយ thmeythmey.com