អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វៀតណាមស្ថិតក្រោមការត្រួតត្រារបស់ចិនជាង ១ពាន់ឆ្នាំ មុនទទួលបានឯករាជ្យនៅសវត្សរ៍ទី១០
19, Sep 2021 , 8:30 pm        
រូបភាព

ប្រទេសវៀតណាម ជាប្រទេសមួយដែលស្ថិតនៅប៉ែកខាងកើតនៃប្រទេសកម្ពុជា។ ប្រទេសនេះ មានរាងទ្រវែងសណ្តូកពីជើងទៅត្បូងតាមឆ្នេរសមុទ្រចិនជាប់ព្រំដែនកម្ពុជា និងឡាវ។ រដ្ឋធានី នៃប្រទេសវៀតណាម គឺក្រុងហាណូយដែលស្ថិតនៅភាគខាងជើងនៃប្រទេស។ មុនទទួលបានឯករាជ្យ ប្រទេសមួយនេះបានស្ថិតនៅក្រោមការត្រួតត្រារបស់ចិនជា១ពាន់ឆ្នាំ។ ការណ៍នេះ ក៏បានធ្វើឲ្យការប្រើប្រាស់អក្សរចិនក្នុងប្រទេសវៀតណាមរីកសាយភាយ មុនកម្លាយបានជាអក្សរវៀតណាមប្រើប្រាស់សព្វថ្ងៃ។


ជនជាតិវៀតណាម មានដើមកំណើតចេញពីកុលសម្ព័ន្ធ ដែលរស់នៅក្នុងភាគខាងជើង។ពួកគេបានរស់នៅក្រោមការត្រួតត្រារបស់ចិនជាង ១ពាន់ឆ្នាំ។ នៅ សវត្សរ៍ទី១០
ពួកគេបានរំដោះខ្លួន រួចបង្កើតរដ្ឋឯករាជ្យមួយឈ្មោះថា ដាយវៀត។ បន្ទាប់មកពួកគេចាប់ផ្តើមពង្រឹកទឹកដីឆ្ពោះមកទិសខាងត្បូង។ បន្តិចម្តងៗ ពួកគេស្រូបយកប្រទេសចម៉្បា
និងដែនដីកម្ពុជាក្រោម។ នេះបើតាមសៀវភៅខ្ញុំចង់ដឹងរបស់អង្គការស៊ីប៉ា ដែលមានចំណងជើងថា«យល់ដឹងពីភាគខាងត្បូងនិងតំបន់មាត់សមុទ្រកម្ពុជា»។

នៅសវត្សរ៍ទី១៩ វៀតណាមបានធ្លាក់ក្រោមអាណានិគមបារាំង។ បារាំងបានដកថយនៅឆ្នាំ ១៩៥៤ ក្រោយចាញ់សង្រ្គាមនៅឌៀនបៀនភូ។ វៀតណាម បានបែកជាពីរ
ដែលមានភាគខាងជើងកុម្មុយនីស្ត និងភាគខាងត្បូងទទួលជំនួយពីអាមេ៉រិក។ ភាគខាងជើងនិងខាងត្បូង ច្បាំងគ្នាយ៉ាងយូរ ដែលធ្វើឲ្យស្លាប់ទាហាន និងជនស៊ីវិលវៀតណាមជិត
២លាននាក់ និងទាហានអាមេរិកជិត ៥៧ ០០០នាក់។ នៅឆ្នាំ១៩៧៥ភាគខាងជើងច្បាំងឈ្នះភាគខាងត្បូង ហើយប្រទេសរួបរួមគ្នា
បានដូរឈ្មោះទៅជាសាធារណរដ្ឋសង្គមនិយមវៀតណាម។

ចំពោះអក្សរ ដែលប្រើប្រាស់ក្នុងប្រទេសវៀតណាមនេះ បានដូរជាច្រើនលើកមកហើយដោយសវត្សរ៍ទី១០ វៀតណាមប្រើអក្សរចិន។ រហូតដល់ សវត្សរ៍ទី១៣ គេដូរមកប្រើអក្សរវៀតណូមដោយអក្សរចិនកែទៅតាមសូរវៀតណាម។ ដល់សវត្សរ៍ទី១៧ ជនជាតិបារាំងឈ្មោះ អាឡិចសង់ ដឺ រ៉ូតបានបង្កើតអក្សរកុកងឺ ដោយប្រើតួអក្សរឡាតាំងថែមសញ្ញា។ តាំងពីពេលនោះមកអក្សរកុកងឺក្លាយជាអក្សរជាតិរបស់វៀតណាម។ ងាកចេញពីប្រវត្តិសាស្រ្តនៃប្រទេសវៀតណាម
ចូលមកដល់ប្រវត្តិទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាមវិញ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពសាំញុាំ និងចម្រូងចម្រាសរហូតដល់ទសវត្សឆ្នាំ១៩៨០
ដែលកងទ័ពវៀតណាមបានដកថយទៅវិញ បន្ទាប់ពីបានចូលមកជួយកម្ចាត់ខ្មែរក្រហមនៅឆ្នាំ១៩៧៩។

បច្ចុប្បន្ន កម្ពុជា និងវៀតណាម កំពុងដោះស្រាយបញ្ហាសេសសល់ (ព្រំដែននិងអន្តោប្រវេសន៍ខុសច្បាប់...) និងពង្រឹកទំនាក់ទំនងមួយបែបថ្មី
ក្នុងថានៈដែលប្រទេសទាំងពីជាសមាជិកអាស៊ាន។ បច្ចប្បន្ន ៧០ភាគរយនៃប្រជាជនវៀតណាមប្រកបរបរកសិម្ម  ដោយសារបណ្តាញធារាសាស្រ្តមានលក្ខណៈល្អ
ដែលអាចដាំដុះបានគ្រប់រដូវ។ វៀតណាមនាំផលិតផលជាច្រើនមុខចេញទៅបរទេស ដូចជាអង្ករ ម្រេចតែ បន្លែ ផ្លែឈើជាដើម។
ឧស្សាហកម្មទទួលអត្ថប្រយោជពីធនធានធម្មជាតិសម្បូរបែប ដូចជាធ្យូងថ្ម, កំណប់ប្រេងកាត និងវារីអគ្គិសនីរួមទាំងពីទុនវិនិយោគបរទេស ពិសេសក្រោយទសវត្សឆ្នាំ១៩៨០។ ប្រទេសនេះបានចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៥ ដោយបានជួយបង្កើនការផ្តោះប្តូរសេដ្ឋកិច្ច និងវប្បធម៌ជាមួយប្រទេសនានានៅអាស៊ីអាគ្នេយ៍។
ចំពោះក្រុងហូជីមិញ ដែលដើមឡើយមានឈ្មោះថា ក្រុងព្រៃនគរក្រោយមកវៀតណាមហៅថា សៃហ្គន រហូតដល់ឆ្នាំ១៩៧៥ ជាក្រុងធំបំផុតនៅប្រទេសវៀតណាម
ហើយបច្ចុប្បន្នជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់បំផុតរបស់ប្រទេសនេះ៕
 




© រក្សាសិទ្ធិដោយ thmeythmey.com