ជាតិ
សង្គមជាតិ
អ្នកស្រី លឹម វិរិយា៖ មានតែរដ្ឋាភិបាលទេ ដែលអាចជំរុញឱ្យផលិតផលក្នុងស្រុករីកចម្រើន
19, Sep 2021 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
ដោយ៖ សុង សុធាវី
ភ្នំពេញ៖ ការកែច្នៃចំណីអាហារ និងបង្កើតផលិតផលប្រើប្រាស់ ចេញពីវត្ថុធាតុដើមក្នុងស្រុក ពិសេសពីវិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្មែរ។ តែវិស័យនេះ មិនបានធ្វើឱ្យពលរដ្ឋខ្មែរ និងផលិតករក្នុងស្រុកមានជីវភាពល្អប្រសើរគ្រប់គ្នាឡើយ ដោយសារបញ្ហាទីផ្សារតូចចង្អៀត និងលំហូរទំនិញពីបរទេស។ ការណ៍នេះ បានធ្វើឱ្យសហគ្រិនក្នុងស្រុក ពិបាកប្រកួតប្រជែង ទាំងតម្លៃ និងគុណភាពជាមួយប្រទេសជិតខាង។


ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មី តាមរយៈកម្មវិធី«គំនិតថ្មី» អ្នកស្រី លឹម វិរិយា ភាទុនិក នៃក្រុមហ៊ុន អឹម អិល លីម៉ា អង្គរហ្វូត បញ្ជាក់ថា មានតែរាជរដ្ឋាភិបាលទេ ដែលមានឥទ្ធិពលក្នុងការជំរុញផលិតផលក្នុងស្រុក ឱ្យមានភាពរីកចម្រើន។ សម្រាប់អ្នកស្រី វិរិយា រដ្ឋាភិបាលអាចរួមចំណែកតាមរយៈ ការរឹតបន្តឹងពន្ធនាំចូលទំនិញពីបរទេស ហើយបន្ធូរបន្ថយ ឬអនុគ្រោះពន្ធ សម្រាប់ផលិតករក្នុងស្រុក។

ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធីគំនិតថ្មី និងអ្នកស្រី លឹម វិរិយា ដូចតទៅ៖


អ្នកស្រី លឹម វិរិយា គឺជាសហគ្រិនស្រ្តីដ៏ឆ្នើមមួយរូប នៃសមាគមសហគ្រិនស្រ្តីកម្ពុជា ដែលទើបតែបញ្ចប់អាណត្តិខ្លួន ក្នុងនាមជាទីប្រឹក្សា។ ថ្មីៗនេះ អ្នកស្រី វិរិយា បានបង្កើតប្រេងដូងត្រជាក់បន្ថែមលើផលិតផលកសិកម្ម រាប់រយមុខរបស់ក្រុមហ៊ុន អឹម អិល លីម៉ា អង្គរហ្វូត ដែលមានទីតាំងផលិត នៅខេត្តសៀមរាប។

ការផលិតប្រេងដូងត្រជាក់នេះ អ្នកស្រី វិរិយា មានការលំបាកមួយចំនួន ដោយត្រូវបត់បែនជំនាញផលិតភ្លាមៗ ដើម្បីដំណើរការផលិត។ ទន្ទឹមនឹងនេះ ផ្លែដូងទុំ នៅក្នុងខេត្តសៀមរាប មិនទាន់អាចបំពេញតម្រូវការរបស់ក្រុមហ៊ុនអ្នកស្រី នៅឡើយទេ។  ក្នុងមួយថ្ងៃ អ្នកស្រី ត្រូវការដូងទុំជិត ៣ពាន់ ផ្លែឯណោះ សម្រាប់កែច្នៃ ទោះបីមិនមានលទ្ធភាពច្រើនក៏ដោយ។ ទោះជួបការលំបាក  ប៉ុន្តែសហគ្រិនស្រ្តីរូបនេះ មើលឃើញពីសក្តានុពលប្រេងដូងត្រជាក់ ឬផ្លែដូង បានផ្តល់អត្ថប្រយោជន៍ជាច្រើន សម្រាប់ថែរក្សាសម្រស់បំប៉នសុខភាព ច្នៃជាវត្ថុអនុស្សាវរីយ៍ និងកាកសំណល់ អាចយកទៅធ្វើជាជីកំប៉ុស្តទៀតផង។

អ្នកស្រី លឹម វិរិយា លើកឡើងយ៉ាងដូច្នេះ៖ «រាល់ការផលិតបានទាំងអស់ ចំពោះការពន្យល់ឱ្យ អតិថិជនបានដឹងពីគុណតម្លៃវាជារឿងលំបាកល្មមទេ តែបញ្ហាទីផ្សារដ៏តូចចង្អៀត និងមានការហូរចូលផលិតផលកសិកម្មពីបរទេសដ៏សម្បើម ទើបជារឿងលំបាកខ្លាំង សម្រាប់ផលិតករក្នុងស្រុក ព្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហាក់មិនមានភាពយុត្តិធម៌ ចំពោះកម្ពុជា»។

សម្រាប់អ្នកស្រី លឹម វិរិយា ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាល គួរតែរឹតបន្តឹងពន្ធនាំចូល មុខទំនិញកសិកម្មពីបរទេស តែសូមបន្ធូរបន្ថយ ឬអនុគ្រោះពន្ធ សម្រាប់ផលិតករក្នុងស្រុក។

ក្នុងនាមជាសហគ្រិនស្រ្តីមួយរូប អ្នកស្រី បានកោតសរសើរនូវស្មារតី ជាតិនិយម ពីបណ្តាផលិតករក្នុងស្រុកដែលនៅតែតស៊ូយ៉ាងលំបាក ពិសេសក្នុងស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ នេះតែម្តង។ តែអ្នកស្រីហាក់ តូចចិត្ត នឹងប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលមិនសូវមានស្មារតីជាតិនិយម ខ្វះការគាំទ្រផលិតផលធ្វើដោយខ្មែរ ដោយគិតតែពីសេដ្ឋកិច្ចផ្ទាល់ខ្លួនពេក។ ដូចនេះ មានតែការរួមគ្នាជាធ្លុងមួយទេ ទើបអាចជំរុញផលិតផលក្នុងស្រុកបាន៕





Tag:
 SME
  កសិកម្ម
  ផលិតផលក្នុងស្រុក
© រក្សាសិទ្ធិដោយ thmeythmey.com