អន្តរជាតិ
មេដឹកនាំក្រុមសកម្មប្រយុទ្ធឥណ្ឌូណេស៊ី ស្លាប់ក្រោមការបាញ់ប្រហាររបស់កម្លាំងសន្តិសុខ
19, Sep 2021 , 9:29 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ៖ ឡាយ ស្រីពេជ្រ

កងកម្លាំងសន្តិសុខឥណ្ឌូណេស៊ី បានសម្លាប់មេដឹកនាំក្រុមសកម្មប្រយុទ្ធ មូចាហ៊ីដេនឥណ្ឌូណេស៊ីខាងកើត (MIT) ដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋឥស្លាម។ នេះបើតាមការអះអាងប៉ូលិសឥណ្ឌូណេស៊ី នៅថ្ងៃទី ១៩ ខែកញ្ញា។
 
តាមសេចក្តីថ្លែងការណ៍ប៉ូលិសឥណ្ឌូណេស៊ី លោក Ali Kalora ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការបាញ់ប្រហារមួយដោយយោធា និងប៉ូលិស នៅក្នុងភូមិមួយលើកោះ Sulawesi ក្នុងថ្ងៃទី១៨ ខែកញ្ញា។ ចំណែក សកម្មប្រយុទ្ធម្នាក់ទៀត ត្រូវបានកំណត់អត្តសញ្ញាណជា Jaka Ramadhan ឬស្គាល់ថា Ikrima ក៏ស្លាប់ដែរ។ ប្រតិបត្តិការមួយនេះ បានតាមប្រមាញ់សមាជិក MIT បួននាក់ទៀត។
 
បន្ទាប់ពីការវាយឆ្មក់ ក្រុមប៉ូលិសឥណ្ឌូណេស៊ី បានរកឃើញអាវុធជាតិផ្ទុះ កាំភ្លើង M16 មួយដើម និងកាំបិតពីរដើម ជាមួយភស្តុតាងផ្សេងទៀត។ 
 
លោក Kalora បានឡើងធ្វើជាមេដឹកនាំ MIT ក្រោយពីកងកម្លាំងសន្តិសុខបានសម្លាប់អតីតមេដឹកនាំ លោក Santoso នៅឆ្នាំ២០១៦។ លោក Santoso គឺជាមនុស្សម្នាក់ក្នុងចំណោមកម្លាំងសកម្មប្រយុទ្ធដំបូងនៅឥណ្ឌូណេស៊ី ដែលធ្លាប់សន្យាស្មោះត្រង់ជាមួយក្រុមរដ្ឋឥស្លាម និងធ្លាប់ជាបុគ្គលដែលកម្លាំងសន្តិសុខឥណ្ឌូណេស៊ីតាមប្រមាញ់។ 
 
កន្លងមក អាជ្ញាធរឥណ្ឌូណេស៊ី ជឿថា ក្រុមMIT ជាអ្នកនៅពីក្រោយអំពើឃាតកម្មដ៏ឃោរឃៅលើអ្នកភូមិ ៤នាក់នៅកណ្តាលកោះSulawesi ក្នុងខែវិច្ឆិកា ឆ្នាំ២០២០។ យ៉ាងណាក៏ដោយ ក្រុមមួយនេះ មិនបានទទួលខុសត្រូវលើរឿងនោះឡើយ។
 
គួររំលឹកថា នៅខែសីហាកន្លងទៅ ប៉ូលិសឥណ្ឌូណេស៊ី បានចាប់ខ្លួនសកម្មប្រយុទ្ធចំនួន ៥៣នាក់ ពីបទសង្ស័យរៀបគម្រោងវាយប្រហារនៅថ្ងៃបុណ្យឯករាជ្យជាតិឥណ្ឌូណេស៊ី។ ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធឥស្លាមនិយមដ៏សាហាវបំផុតរបស់ប្រទេសនេះបានកើតឡើងនៅលើកោះបាលីក្នុងឆ្នាំ ២០០២ ដែលបានបំផ្ទុះគ្រាប់បែក សម្លាប់មនុស្ស ២០២នាក់ ដែលភាគច្រើនជាអ្នកទេសចរបរទេស៕
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com