ជាតិ
តើឪពុកម្តាយអាចកាត់កាល់កូនបង្កើតបានឬទេ?
20, Sep 2021 , 7:59 am        
រូបភាព
ទំនាក់ទំនងឪពុកម្តាយ និងកូនបង្កើត គឺជាទំនាក់ទំនងគ្រួសារដែលមានលក្ខណៈ តំណពូជពីធម្មជាតិ និងស្និទ្ធស្នាលគ្នាខ្លាំងក្នុងសង្គមកម្ពុជា។ ប៉ុន្តែទំនាក់ទំនងឪពុកម្តាយ និងកូនបង្កើត មិនមែនសុទ្ធតែល្អរហូតនោះទេ។ ក្រុមគ្រួសារខ្លះក៏អាចមានបញ្ហា ដោយកូនមិនស្តាប់បង្គាប់ មិនដើរតាមការណែនាំ ឬតាមគន្លងធម៌ ហើយបែរជាបំផ្លាញទ្រព្យសម្បត្តិឪពុកម្តាយ ឬធ្វើបាបឪពុកម្តាយ ឬបំផ្លាញកិតិ្តយសគ្រួសារ ឬធ្វើសកម្មភាពផ្សេងៗដែលសង្គមមិនឱ្យតម្លៃ ក៏មាន។ សូមលោកអ្នក អានសេចក្តីពន្យល់អំពីសំណុំរឿងនេះ ពីលោកមេធាវី អ៊ីវ ប៉ូលី ដែលជាគ្រូបង្រៀនច្បាប់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងជាអ្នកបណ្តុះបណ្តាលនៃកម្មវិធីវិភាគទានច្បាប់ ដូចតទៅ។
 
នាពេលកន្លងមក គេតែងតែឃើញឪពុកម្តាយមួយចំនួន ដែលមិនពេញចិត្តនូវទង្វើខុសឆ្គងរបស់កូន ឬមានស្ថានភាពអកុសលខាងលើនេះ ប្រកាសជាសាធារណៈ តាមបណ្តាញផ្សព្វផ្សាយនានា ដោយបញ្ជាក់ថា ពួកគេកាត់កាល់កូនបង្កើតរបស់ខ្លួន ដែលធ្វើបាបឪពុកម្តាយ បំផ្លាញទ្រព្យសម្បត្តិគ្រួសារ និងមិនចង់ទទួលខុសត្រូវរាល់អំពើខុសច្បាប់ ឬបំណុល ឬមិនឱ្យកូនអកតញ្ញូ ទទួលស្នងទ្រព្យសម្បត្តិគ្រួសារជាអាទិ៍។ ហើយថាប្រសិនបើថ្ងៃក្រោយ កូននោះបង្កបញ្ហាក្នុងសង្គម កូននោះតម្រូវឱ្យទទួលខុសត្រូវដោយខ្លួនឯង។
 
តើសកម្មភាពនៃការប្រកាសផ្សាយជាសាធារណៈកាត់កាល់កូនបង្កើតបែបនេះ មានអានុភាពតាមផ្លូវច្បាប់ឬទេ? តើអ្វីជាបំណងពិតប្រាកដរបស់ឪពុកម្តាយចំពោះករណីបែបនេះ?
ទំនាក់ទំនងឪពុកម្តាយ និងកូនពីធម្មជាតិបែបនេះ ច្បាប់មិនអនុញ្ញាតឱ្យកាត់ផ្តាច់តាមរយៈការកាត់កាល់ក្នុងទម្រង់ខាងលើនេះនោះទេ។ ប្រសិនបើឪពុកម្តាយ យល់ថា កូននោះបានធ្វើបាបខ្លួន ឬបំផ្លាញទ្រព្យសម្បត្តិខ្លួន ហើយកូនជានីតិជន (ជនដែលមានអាយុចាប់ពី១៨ឆ្នាំឡើង) គឺច្បាប់ចាត់ទុកថា ទង្វើរបស់កូននោះទេ ជាសកម្មភាពខុសច្បាប់ ដែលអាចនឹងទទួលទណ្ឌកម្មតាមច្បាប់ បើមានបណ្តឹង។
 
ប្រសិនបើ កូននោះជានីតិជន ខ្ចីប្រាក់ ឬជំពាក់បំណុលអ្នកដទៃ កូននោះជាអ្នកទទួលខុសត្រូវដោយផ្ទាល់ខ្លួន មិនមែនជាការទទួលខុសត្រូវរបស់ឪពុកម្តាយនោះទេ។ ប្រសិនបើ កូននោះជានីតិជន បង្ករបួសស្នាម ឬធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ឬឈានរហូតដល់ប្រព្រឹត្តបទល្មើស បណ្តាលឱ្យអ្នកដទៃខូចខាតទ្រព្យសម្បត្តិ ឬប៉ះពាល់ដល់រូបកាយ ជាអាទិ៍ នោះជាការទទួលខុសត្រូវដោយផ្ទាល់ ពីសំណាក់កូននោះ មិនពាក់ព័ន្ធនឹងឪពុកម្តាយឡើយ។
 
ប្រសិនបើ ឪពុកម្តាយមិនចង់ឱ្យទ្រព្យដែលខ្លួនមាន ទៅកូនអកតញ្ញូបែបនេះ ក្រោយមរណភាពរបស់ខ្លួន គឺអាចធ្វើការផ្តាច់មត៌កកូននោះបាន តាមរយៈការដាក់ពាក្យសុំទៅតុលាការ។ ក្នុងករណីតុលាការ ពិនិត្យឃើញថា កូននោះពិតជាបានធ្វើបាប ឬប្រមាថឪពុកម្តាយ ដោយមានភស្តុតាងច្បាស់លាស់ តុលាការនឹងចេញសេចក្តីសម្រេចផ្តាច់មត៌ក ចំពោះកូននោះ។ ហេតុនេះ កូននោះនឹងមិនទទួលបានមត៌ក ពីឪពុកម្តាយរបស់ខ្លួននោះទេ នៅពេលសេចក្តីសម្រេចរបស់តុលាការបានចូលជាស្ថាពរ។
 
ការផ្តាច់មត៌ក ក្រៅពីធ្វើតាមផ្លូវតុលាការ ឪពុកម្តាយ អាចធ្វើតាមរយៈការកំណត់នៅក្នុងលិខិតបណ្តាំមត៌ក បញ្ជាក់អំពីកូនដែលខ្លួនមានបំណងមិនឱ្យស្នងមត៌ក និងបញ្ជាក់មូលហេតុឱ្យច្បាស់លាស់ ដើម្បីមានភាពងាយស្រួល ក្នុងការអនុវត្តតាមខ្លឹមសារនៃលិខិតបណ្តាំនោះ។
 
ខ្លឹមសារ ឬអត្ថន័យច្បាប់ មិនទទួលស្គាល់ការកាត់កាល់កូនបង្កើតនោះទេ ប៉ុន្តែទទួលស្គាល់ការកាត់កាល់កូនសុំ ដែលត្រូវបានបង្កើតឡើងតាមរយៈសេចក្តីសម្រេចរបស់តុលាការ ប្រសិនបើបានបំពេញលក្ខខណ្ឌដោយស្របច្បាប់។ ការកាត់កាល់ មិនមែនជាសិទ្ធិរបស់ឪពុកម្តាយឡើយ គឺជាសិទ្ធិរបស់កូនចិញ្ចឹម ពីព្រោះរបបស្មុំកូន ត្រូវបានបង្កើតឡើង ក្នុងគោលបំណងស្តារនីតិសម្បទាចំពោះកុមារអភ័ព្វ ឱ្យទទួលបាននូវមជ្ឈដ្ឋានគ្រួសារមួយថ្មី និងល្អប្រសើរជាងមុន ពីសំណាក់អ្នកដែលមានបំណងធ្វើជាឪពុកម្តាយចិញ្ចឹម ដោយប្រើយន្តការតាមផ្លូវតុលាការ និងមានពាក្យសុំមកតុលាការ ដើម្បីទទួលសេចក្តីអនុញ្ញាតពីតុលាការ តាមរយៈសេចក្តីសម្រេច​នៅពេលតុលាការយល់ថា បានបំពេញលក្ខខណ្ឌតាមផ្លូវច្បាប់ នៅក្នុងការបង្កើតទំនាក់ទំនង ឪពុកម្តាយចិញ្ចឹម និងកូនចិញ្ចឹម។
 
នៅក្នុងបរិបទនេះ បើឪពុកម្តាយចិញ្ចឹមនោះ ប្រែជាមិនអាចចិញ្ចឹមបីបាច់ថែរក្សាកុមារ ដែលជាកូនចិញ្ចឹមនោះបាន ឬបានធ្វើសកម្មភាពប៉ះពាល់ដល់ផលប្រយោជន៍របស់កូនចិញ្ចឹមនោះ ដូចជា យកមកធ្វើជាអ្នកបម្រើ ឬមិនឱ្យទៅរៀនសូត្រ ឬធ្វើការធ្ងន់ៗ ដែលអាចប៉ះពាល់ដល់ការលូតលាស់ ឬការរីកចម្រើនផ្នែកខួរក្បាលរបស់កុមារនោះជាអាទិ៍ កុមារនោះ ឬអាជ្ញាធរមានសមត្ថកិច្ច ដូចជាមេឃុំចៅសង្កាត់ ជាអាទិ៍ អាចដាក់បណ្តឹងកាត់កាល់មកតុលាការ ដើម្បីបញ្ចប់ភាពជាឪពុកម្តាយចិញ្ចឹម និងកូនចិញ្ចឹម។ ក្រោយការកាត់កាល់ អតីតឪពុកម្តាយចិញ្ចឹម និងកូនចិញ្ចឹម នឹងក្លាយជាអ្នកដទៃ។

ហេតុនេះ ពាក្យ«កាត់កាល់» ច្បាប់ទទួលស្គាល់ចំពោះទំនាក់ទំនងឪពុកម្តាយចិញ្ចឹម និងកូនចិញ្ចឹម ដោយកូនចិញ្ចឹម អាចកាត់កាល់ឪពុកម្តាយចិញ្ចឹមបាន ដោយដាក់បណ្តឹងមកតុលាការ ប្រសិនបើមានមូលហេតុតាមច្បាប់ ឬតាមរយៈពេលពាក្យសុំ ទៅតុលាការ បើឪពុកម្តាយចិញ្ចឹម និងកូនចិញ្ចឹមព្រមព្រៀងគ្នា៕
 
 
រៀបរៀងដោយ៖ លោកមេធាវី អ៊ីវ ប៉ូលី 
ជាគ្រូបង្រៀនច្បាប់នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ជាអ្នកបណ្តុះបណ្តាលនៃកម្មវិធីវិភាគទានច្បាប់
 

© រក្សាសិទ្ធិដោយ thmeythmey.com