សង្គមអន្តរជាតិ​
អន្តរជាតិ
លោក Jared Polis អភិបាលរដ្ឋស្រឡាញ់ភេទដូចគ្នាដំបូងគេនៅអាម៉េរិកដែលរៀបការក្នុងតំណែង
20, Sep 2021 , 8:59 am        
រូបភាព
ដោយ: ធីតា
លោក Jared Polis អភិបាលរដ្ឋ Colorado និងលោក Marlon Reis បានរៀបការ ជាមួយគ្នា កាលពីពេលថ្មីៗកន្លងមក។ យោងតាមអង្គភាព LGBTQ Victory Fund នេះជាករណីដំបូងបំផុតនៅសហរដ្ឋអាម៉េរិកដែលមានអភិបាលរដ្ឋ រៀបការ ជាមួយអ្នកស្រឡាញ់ភេទដូចគ្នា ខណៈខ្លួនស្ថិតក្នុងតំណែង។


អាពាហ៍ពិពាហ៍តាមប្រពៃណីជ្វីហ្វបុរាណ បានប្រព្រឹត្តទៅនៅអគារសាកលវិទ្យាល័យ Colorado ដោយមានការចូលរួមតែពីសំណាក់មិត្តជិតស្និទ្ធ ក្រុមគ្រួសារ រួមទាំងកូនចិញ្ចឹម២នាក់ ប៉ុណ្ណោះ ចំពេលចំណងស្នេហ៍របស់ពួកលោកឈានដល់គម្រប់១៨ឆ្នាំ។

លោក Jared Polis គឺជាអភិបាលរដ្ឋ LGBTQ បើកចំហដំបូងគេ ដែលបានរៀបការក្នុងតំណែង។ ជាងមួយទសវត្សរ៍មុន ពេលក្លាយជាអភិបាលរដ្ឋ លោកក៏មានឈ្មោះជាឪពុកម្តាយដំបូងគេបំផុត ក្នុងចំណងស្នេហ៍អ្នកស្រឡាញ់ភេទដូចគ្នា ដែលបានជាប់ឆ្នោតជាសមាជិកសភា តំណាងសហរដ្ឋអាម៉េរិក។

លោក Polis បច្ចុប្បន្នអាយុ៤៦ឆ្នាំ បានកាន់តំណែងកាលពីឆ្នាំ២០១៨ ពោលគឺ៣ឆ្នាំក្រោយពេលដែលតុលាការកំពូលសហរដ្ឋអាម៉េរិក ទទួលស្គាល់ផ្លូវការ ច្បាប់លើចំណងអាពាហ៍ពិពាហ៍ អ្នកស្រឡាញ់ភេទដូចគ្នា ទូទាំងប្រទេស។

«មេរៀនដ៏អស្ចារ្យបំផុតសម្រាប់ពួកយើង នារយៈពេល១៨ឆ្នាំកន្លងមក គឺថា ជីវិតអាចផ្លាស់ប្តូរគ្រប់ពេលវេលា។ យើងខ្ញុំសូមអរគុណ ចំពោះការជួយជ្រោមជ្រែងពីក្រុមគ្រួសារ និងមិត្តភក្តិ រួមទាំងឱកាសដែលនាំឲ្យយើង បានអបអរជីវិតរួមគ្នា តាមរយៈចំណងអាពាហ៍ពិពាហ៍»។ លោក Polis និង លោក Marlon Reis អាយុ៤០ឆ្នាំ បានថ្លែងរួមគ្នាយ៉ាងដូច្នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com