អន្តរជាតិ
មេដឹកនាំពិភពលោកនឹងចូលរួមមហាសន្និបាត UN ដែលផ្តោតលើជំងឺជំងឺកូវីដ-១៩​ ​និងអាកាសធាតុ​
20, Sep 2021 , 12:17 pm        
រូបភាព
កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥ ។ រូបថត Xinhua
កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥ ។ រូបថត Xinhua
មេដឹកនាំនៃប្រទេសនានា កំពុងធ្វើដំណើរទីក្រុងញូវយ៉កនៅសប្តាហ៍នេះដើម្បីចូលរួមដោយផ្ទាល់មហាសន្និបាតលើកទី៧៦ របស់អង្គការសហប្រជាជាតិ (UN )។ កិច្ចប្រជុំសម្រាប់ឆ្នាំ២០២១ នឹងផ្តោតលើ ការជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការរីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជាលើកយកបញ្ហាមួយចំនួនទៀត។


មហាសន្និបាតលើកទី៧៦ របស់ UN នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកញ្ញារហូតដល់ថ្ងៃទី២៧ ខែកញ្ញា នៅទីក្រុងញូវយ៉ក ប្រមុខរដ្ឋនិងរដ្ឋាភិបាលជាង១០០នាក់ នឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិដោយផ្ទាល់នៅសប្តាហ៍ក្រោយ រួមមានប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន ស្តេច Abdullah II នៃហ្ស៊កដានី ប្រធានាធិបតីប្រេស៊ីល នាយករដ្ឋមន្រ្តីជប៉ុន ឥណ្ឌា និងអង់គ្លេសជាដើម។ 

យ៉ាងណាមិញ មេដឹកនាំប្រទេសមួយចំនួនក៏គ្រោងនឹងផ្ញើសេចក្តីថ្លែងការណ៍វីដេអូជំនួសវិញ ដូចជាប្រធានាធិបតីចិន អ៊ីរ៉ង់ អេហ្ស៊ីប បារាំង ឥណ្ឌូណេស៊ី និងអាហ្វ្រិកខាងត្បូងជាដើម។ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បានទៅដល់ទីក្រុងញូវយ៉កហើយ។ ប្រធានាធិបតីវៀតណាម ង្វៀន ស៊ួនហ្វុក នឹងទៅដល់ដែរក្រោយបញ្ចប់ទស្សនកិច្ចនៅគុយបា។ 

ទន្ទឹមនឹងការរីករាលដាលនៃវីរុសបង្កជំងឺកូវីដ-១៩ បំប្លែងថ្មីដែលតា ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក៏បានលើកទឹកចិត្តឱ្យមេដឹកនាំនានាមិនឱ្យមកទីក្រុងញូវយ៉កដើម្បីចូលរួមប្រជុំដោយផ្ទាល់ ក្នុងគោលបំណងមិនចង់ឱ្យមហាសន្និបាតមិនឱ្យក្លាយជាព្រឹត្តិការណ៍រីករាលដាលជំងឺនេះ។ 

ចំណែក UN វិញ លើកទឹកចិត្តឱ្យមេដឹកនាំដែលត្រូវចូលរួមក្នុងកិច្ចប្រជុំនេះ ទទួលបានការចាក់វ៉ាក់សាំងរួចរាល់។ បន្ថែមពីនេះ អាម៉េរិកក៏បានរៀបចំ ឡានក្រុងនៅខាងក្រៅទីស្នាក់ការ UN នៅទីក្រុងញូវយ៉កដើម្បីផ្តល់ការធ្វើតេស្ត និងការផ្តល់វ៉ាក់សាំង Johnson & Johnson ដោយឥតគិតថ្លៃដល់អ្នកការទូតផងដែរ។​

មុនការចាប់ផ្តើមបើកមហាសន្និបាត អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានប្រាប់ទីភ្នាក់ងារព័ត៌មាន​ Reuters​ ពីបញ្ហាចែកចាយវ៉ាក់សាំង។ លោកបញ្ជាក់ថា ក្នុង​ចំណោមវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបដែលបានប្រើប្រាស់លើពិភពលោកជាង ៥.៧ ពាន់លានដូស មានត ២ភាគរយប៉ុណ្ណោះដែលបានប្រើប្រាស់នៅទ្វីបអាហ្វ្រិក។ នេះបញ្ជាក់យ៉ាងច្បាស់ពីវិសមភាពនៃការចែកចាយវ៉ាក់សាំងលើពិភពលោក។ 
 
ក្នុងមហាសន្និបាតលើកទី ៧៦ បញ្ហាមួយចំនួនដូចជា ការបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការការពារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ​​ បទបញ្ជាអន្តរជាតិ វិសមភាពនៃការចែកចាយវ៉ាក់សាំងលើពិភពលោកនិងបញ្ហាមួយចំនួនទៀតនឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំអន្តរជាតិមួយនេះ៕

 

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com