ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះមហាក្សត្រ និងប្រមុខរដ្ឋាភិបាល សាទរខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ហុងគ្រី
20, Sep 2021 , 1:59 pm        
រូបភាព
សិស្សនុសិស្សកម្ពុជា បានលើកព្រះឆាយាល័ក្ខណ៍ព្រះបាទ នរោត្តម សីហមុនី និងរូបថតរបស់លោក ហ្សាណូស អាដឺ ប្រធានាធិបតីហុងគ្រី រួមទាំងរូបថតរបស់ភរិយាលោក ដើម្បីបង្ហាញស្វាគមន៍ចំពោះការដំណើរបំពេញទស្សនកិច្ចរបស់លោក នៅកម្ពុជា កាលពីអំឡុងខែតុលា ឆ្នាំ២០១៩។ រូបពី AFP
សិស្សនុសិស្សកម្ពុជា បានលើកព្រះឆាយាល័ក្ខណ៍ព្រះបាទ នរោត្តម សីហមុនី និងរូបថតរបស់លោក ហ្សាណូស អាដឺ ប្រធានាធិបតីហុងគ្រី រួមទាំងរូបថតរបស់ភរិយាលោក ដើម្បីបង្ហាញស្វាគមន៍ចំពោះការដំណើរបំពេញទស្សនកិច្ចរបស់លោក នៅកម្ពុជា កាលពីអំឡុងខែតុលា ឆ្នាំ២០១៩។ រូបពី AFP
ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានប្រទានព្រះរាជសារជូនលោក ហ្សាណូស អាដឺ (János Áder) ប្រធានាធិបតីហុងគ្រី ហើយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារទៅកាន់លោក វិកទ័រ អរបាន (Viktor Orbán) នាយករដ្ឋមន្រ្តីហុងគ្រី ដើម្បីអបអរសាទរខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហុងគ្រី។   


សម្តេចព្រះបាទ នរោត្តម សីហមុនី ព្រះប្រមុខរដ្ឋកម្ពុជា មានព្រះបន្ទូលទៅកាន់លោក ហ្សាណូស អាដឺ ប្រមុខរដ្ឋនៃសាធារណរដ្ឋហុងគ្រី ថា ចំណងមិត្តភាពរវាងកម្ពុជានិងហុងគ្រី បានដំណើរការទៅលើវិថីមួយដ៏រលូននិងល្អ អស់រាប់ទសវត្សរ៍មកហើយ ដោយទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់ និងសមិទ្ធផលជាប្រវត្តិសាស្រ្ត។ ព្រះរាជា ទ្រង់បន្តថា កិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រទេសទាំងពីរ កាន់តែជិតស្និទ្ធ ដោយមានការជឿទុកចិត្តគ្នាផ្នែកនយោបាយ ការគាំទ្រគ្នា និងការជួយគ្នាទៅវិញទៅមក។
 
ព្រះករុណា ទ្រង់មានព្រះរាជឱង្ការថា៖«ខ្ញុំ ជឿជាក់ថា មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណី និងជាប្រវត្តិសាស្រ្តដ៏សប្បាយរីករាយរវាងប្រទេសយើងទាំងពីរ នឹងត្រូវបានពង្រីក និងពង្រឹងបន្ថែមទៀត ដើម្បីបានជាប្រយោជន៍ដល់ប្រជាជនយើងទាំងពីរ»។ 
 
ព្រះអង្គ ទ្រង់មានព្រះបន្ទូលទៅកាន់លោក ហ្សាណូស អាដឺ ថា ព្រះអង្គ ទន្ទឹងរង់ចាំយាងទៅបំពេញទស្សនកិច្ចនៅហុងគ្រី ជាប្រទេសដ៏ស្រស់ស្អាតនិងសុខសន្តិភាព នៅពេលវេលាសមស្របណាមួយ។ 
 
ចំណែក សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ទៅកាន់លោក វិកទ័រ អរបាន ប្រមុខរដ្ឋាភិបាលនៃសាធារណរដ្ឋហុងគ្រី ថា ទំនាក់ទំនងកម្ពុជា និងហុងគ្រី គឺផ្អែកលើការជឿទុកចិត្តគ្នា។ សម្តេច បន្ថែមថា កម្ពុជា និងហុងគ្រី មានការយល់ឃើញរួមគ្នា ចំពោះបញ្ហាប្រឈម ដែលសហគមន៍អន្តរជាតិ កំពុងជួបប្រទះនាពេលបច្ចុប្បន្ន និងតែងបានផ្តល់ការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាផ្សេងៗ។ 
 
ប្រមុខរដ្ឋាភិបាលកម្ពុជា សរសេរក្នុងលិខិតថា៖«នាពេលកន្លងមកថ្មីៗនេះ ការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ បានសបញ្ជាក់ឲ្យឃើញអំពីសញ្ញាណនៃការជឿទុកចិត្តផ្នែកនយោបាយទៅវិញទៅមក ដែលពិតជាបានឆ្លុះបញ្ចាំងនូវទំនាក់ទំនងរវាងប្រទេសយើងពីរ»។ 
 
សូមរម្លឹកថា កម្ពុជា និងហុងគ្រី បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៥៦។ មកដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាខួប៦៥ឆ្នាំហើយ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕ 
  
 

Tag:
 កម្ពុជា-ហុងគ្រី
  ទំនាក់ទំនងការទូត
  ខួប៦៥ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com