អន្តរជាតិ
តៃវ៉ាន់គំរាមអូសចិនឡើង WTO ក្រោយចិនហាមនាំចូលទៀបនិងជម្ពូ
20, Sep 2021 , 3:13 pm        
រូបភាព
ដោយ៖ឡាយ ស្រីពេជ្រ
 
តៃវ៉ានគំរាមអូសចិន ឡើងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីដោះស្រាយបញ្ហា បន្ទាប់ពីទីក្រុងប៉េកាំង ផ្អាកការនាំចូលផ្លែទៀប និងជម្ពូពីតៃវ៉ាន់ ក្រោយរកឃើញសត្វល្អិត លើផ្លែឈើទាំងពីរនេះ។ នេះជាជម្លោះថ្មី រវាងភាគីទាំងពីរ លើបញ្ហាផ្លែឈើនេះ។
 
រដ្ឋបាលគយចិន បានប្រកាសពីការរកឃើញសត្វល្អិតនៅក្នុងផ្លែទៀប និងជម្ពូនាំចូលពីតៃវ៉ាន់។ អាជ្ញាធរគយចិន បានស្នើឱ្យខេត្តគ័ងតុង និងការិយាល័យដែលពាក់ព័ន្ធទាំងអស់ ឈប់អនុញ្ញាតឱ្យនាំចូលនៃប្រភេទផ្លែឈើទាំងនេះ ចាប់ពីថ្ងៃទី២០ ខែកញ្ញា។ តៃវ៉ាន់ ក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ចិន។
 
រដ្ឋមន្រ្តីទទួលបន្ទុកក្រុមប្រឹក្សាកសិកម្មតៃវ៉ាន់ Chen Chi-chung និយាយថា ចិនមានអាកប្បកិរិយាឯកតោភាគី ដោយមិនមានភស្តុតាងវិទ្យាសាស្ត្រច្បាស់លាស់។ លោក Chen រិះគន់ចំណាត់ការរបស់ប៉េកាំង ដែលប្រកាសមុនពិធីសែនព្រះខែនោះ។
 
«យើងមិនអាចទទួលយករឿងនេះបានឡើយ។» លោក Chen ប្រាប់អ្នកយកព័ត៌មានបែបនេះ ដោយទម្លាយថា ការិយាល័យរបស់លោក ទើបទទួលបានព័ត៌មាន ពីការសម្រេចចិត្តរបស់ចិន នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា។ រដ្ឋមន្រ្តីរូបនេះបន្ថែមទៀតថា ​តៃវ៉ាន់នឹងនាំចិន ទៅ WTO ក្រោមយន្តការដោះស្រាយវិវាទ ប្រសិនបើចិនមិនឆ្លើយតប នឹងសំណើរបស់តៃវ៉ាន់ ក្នុងការដោះស្រាយបញ្ហាតាមយន្តការទ្វេភាគី មុនថ្ងៃទី៣០ ខែកញ្ញាទេនោះ។
 
ចំណែករដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu បានបង្ហោះសារនៅលើ Twitter ដែរថា ​បន្ទាប់ពីការគំរាមកំហែងខាងយោធា ​ចិនឥឡូវប្រើប្រាស់អាវុធពាណិជ្ជកម្មវិញម្ដង។ ជុំវិញ​បញ្ហានេះ ​លោក Wu ក៏ចោទជាសំណួរលើការព្យាយាមរបស់ចិន ដើម្បីក្លាយជាសមាជិក​​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ និង​វឌ្ឍនភាព​នៃ​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) ដែលជា​កិច្ចព្រមព្រៀង​សេរី​ដ៏​ធំ​ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ។ 
 
នេះគឺជាលើកទី២ហើយ ដែលចិន បិទការនាំចូលផ្លែឈើពីតៃវ៉ាន់។ ​នៅខែកុម្ភៈ ចិនបានហាមឃាត់ផ្លែម្នាស់ពីតៃវ៉ាន់ ដោយអះអាងថា មានសត្វល្អិតដែលបង្កឱ្យមានគ្រោះថ្នាក់។​ ប៉ុន្តែតៃវ៉ាន់ធ្លាប់បកស្រាយថា វាគ្មានអ្វីមិនប្រក្រតីទេ ​ហើយតៃវ៉ាន់ចាត់ទុកការចោទប្រកាន់នេះថា ជាការលេងនយោបាយរបស់ប៉េកាំង៕
 
 
 
 
 

Tag:
 ចិន
  តៃវ៉ាន់
  WTO
© រក្សាសិទ្ធិដោយ thmeythmey.com