ជាតិ
រថយន្ត
ឡានក្រុងជប៉ុនផលិតឆ្នាំ១៩៨០ ដែលធ្លាប់ដឹកកម្មកររោងចក្រ រង់ចាំម្ចាស់ថ្មី
20, Sep 2021 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
កណ្តាល៖ អ្នកស្រី ហ៊ឺន ជាម្ចាស់រថយន្តក្រុងម៉ាក HINO ប្រភេទ Rainbow ម៉ូឌែល K-RL ស៊េរី 321 ពណ៌ស និងខៀវ ផលិតឆ្នាំ១៩៨០។ អ្នកស្រី បានទិញរថយន្តនេះពីរដ្ឋាភិបាល និងបានប្រើប្រាស់វា សម្រាប់ដឹកកម្មករទៅធ្វើការនៅរោងចក្រ។ ប៉ុន្តែចាប់តាំងពីផ្ទុះការរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា រថយន្តនេះ មិនមានដំណើរការទៀតឡើយ ដោយសារតែរោងចក្រកាត់ដេរជាច្រើន ត្រូវបិទទ្វារជាបណ្ដោះអាសន្ន។ ម្យ៉ាងទៀត ក្នុងរយៈពេលចុងក្រោយនេះ កម្មករ-កម្មការិនី កាន់តែច្រើន បានប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន។ ហេតុដូច្នេះ អ្នកស្រី ហ៊ឺន ដែលមានវ័យជាង៤០ឆ្នាំ ផ្អាករបរដឹកជញ្ជូនកម្មករជាង១ឆ្នាំហើយដែរ និងបាន ចតវាទុកមុខផ្ទះ នៅក្បែរកំពង់ចម្លងទន្លេមេគង្គ នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ អ្នកស្រី ហ៊ឺន បានដាក់លក់រថយន្ដក្រុងមានអាយុកាល៤០ឆ្នាំ ដែលអាចជិះបាននេះ ក្នុងតម្លៃ ៧ ៥០០ ដុល្លារអាម៉េរិក។
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ ដែលរៀបចំដោយ នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ៖ 
 
 
សូមបញ្ជាក់ថា រថយន្តនេះ មានចង្កូតខាងស្ដាំ ដោយសារតែវាមកពីប្រទេសជប៉ុន ហើយទ្វារទាំង២ ស្ថិតនៅខាងឆ្វេងវិញ។ បន្ទាប់ពីបានទិញពីរដ្ឋាភិបាលមក អ្នកស្រី ហ៊ឺន បានកែច្នៃឡានក្រុងនេះខ្លះ ដូចជាបិតតែម និងដកកៅអីចាស់រហែកចេញ ដោយដាក់បង់អង្គុយគ្មានខ្នងធ្វើពីដែកជំនួសវិញ។ 
 

រថយន្ដក្រុង HINO Rainbow ម៉ូឌែល RL ត្រូវបានផលិតពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨០។ K-RL មានស៊េរីផ្សេងៗ ដែលមានលេខពី 301 ទៅ 321 អាស្រ័យតាមបណ្ដោយ កម្ពស់ ចំនួនកៅអី និងចំនួនទ្វារ។ តាមពិតម៉ូឌែល RL មានអក្សរដំបូងថា R មែន ប៉ុន្តែគេហៅប្រភេទ Rainbow ជាផ្លូវការ ចាប់ពីម៉ូឌែលបន្ទាប់ (RJ/RR) ដែលចេញឆ្នាំ១៩៨០។ HINO ប្រភេទ Rainbow នៅតែផលិតម៉ូឌែលថ្មីរហូតដល់សព្វថ្ងៃនេះ។ ម៉ាកជប៉ុន HINO ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន TOYOTA ឆ្នាំ១៩៤២ សម្រាប់ឡានក្រុង និងឡានធំ៕
 

Tag:
 ឡានក្រុង
 យានយន្ត
 កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com