កីឡាជាតិ
ជាតិ
លីគកំពូលកម្ពុជា៖ កីឡាករចំណូលថ្មី៥រូប បានរកគ្រាប់បាល់ឱ្យក្រុម នៅសប្ដាហ៍ទី១៤
20, Sep 2021 , 5:33 pm        
រូបភាព
ភ្នំពេញ៖ ការប្រកួតពានរង្វាន់មិត្តហ្វូនខាមបូឌាលីគ ២០២១ នាសប្ដាហ៍ទី១៤ នៃជុំទី២ បានបញ្ចប់ទៅដោយមានការស៊ុតបញ្ចូលទីគ្នា ១៩គ្រាប់។ ក្នុងនោះ កីឡាករចំណូលថ្មី៥រូប បានរកគ្រាប់លើកដំបូងសម្រាប់ក្លិបថ្មីរបស់ពួកគេផងដែរ។
 
Christian Alex ជាខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុមវិសាខា ដែលបានស៊ុតបញ្ចូលទី១គ្រាប់ នៅនាទី៥៨ ក្នុងជំនួបបឹងកេត កាលពីថ្ងៃទី១៨ កញ្ញា។ ដ្បិត Christian Alex រកបាន១គ្រាប់ក្តី ប៉ុន្តែវិសាខា នៅតែចាញ់បឹងកេត ដោយលទ្ធផល២-១។ Christian Alex ប្ដូរចូលជំនួស Ajayi Opeyemi Korede ក្នុងនាទី៤៦នៃវគ្គទី២។ កីឡាករសញ្ជាតិប្រេស៊ីលមានវ័យ ២៧ឆ្នាំរូបនេះ មានបទពិសោធន៍លើទីលានជាង១០ឆ្នាំមកហើយ ទាំងនៅតំបន់អឺរ៉ុប និងអាស៊ី ពិសេសនៅអាស៊ាន។ រូបគេធ្លាប់លេងឲ្យក្លឹបជាច្រើននៅថៃ ដូចជាក្លិប Chiangmai FC , Khonkaen FC និង Songkhla FC មុនផ្ទេរមកវិសាខាពេលនេះ។


 Christian Alex ខ្សែប្រយុទ្ធវិសាខា

ដោយឡែកកីឡាករសញ្ជាតិកាមេរូន Emmanuel Mbarga ខ្សែបម្រើចំណូលថ្មីរបស់ព្រះខ័នរាជស្វាយរៀងវិញ ក៏បានស៊ុតបញ្ចូល១គ្រាប់ នៅនាទី៨៥ ក្រោយពីការបញ្ជូនបាល់យ៉ាងល្អពី Privat Mbarga ដែលជាបងប្រុសបង្កើតនៅក្នុងក្រុមផងដែរ។ ១មួយគ្រាប់របស់ Emmanuel Mbarga នេះ បានជួយឱ្យព្រះខ័នរាជស្វាយរៀង ឈ្នះភ្នំពេញក្រោន ដោយលទ្ធផល១ទល់០។ ខ្សែបម្រើសញ្ជាតិកាម៉េរូន វ័យ២២ឆ្នាំ បានលេងឲ្យក្លិបជាច្រើននៅក្របខណ្ឌព័រទុយហ្គាល់ ចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ រួមមានក្លិប Condiexa ,Varzim B , Agueda មុនផ្ទេរទៅលេងឱ្យក្លិប Tours នៅប្រទេសបារាំង ហើយក៏មករួមរស់ជាមួយក្លិបព្រះខ័នរាជស្វាយរៀងនេះ។


Emmanuel Mbarga ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង កំពុងបណ្ដើរបាល់ ក្នុងការប្រកួតជាមួយភ្នំពេញក្រោន កាលពីថ្ងៃទី១៨ កញ្ញា ២០២១
 
ចំណែកខ្សែប្រយុទ្ធពាក់អាវលេខ៣០ កីឡាករ Esoh Paul Omogba ក៏រកបានមួយគ្រាប់ឱ្យព្រៃវែងផងដែរ ។ រូបគេបានតែតបញ្ចូលទីគ្រាប់ទី៤ នាទី៧០ ក្នុងជំនួបជាមួយអាស៊ីអឺរ៉ុបយូណាយធីត ។ រូបគេជាអតីតកីឡាករបឹងកេត, ណាហ្គាវើលដ៍ និងភ្នំពេញក្រោន។
កីឡាកររូបនេះ បានរួមរស់ជាមួយភ្នំពេញក្រោន នៅឆ្នាំ២០១៩ ដោយបង្ហាញខ្លួនបាន១១លើក រកបាន៣គ្រាប់នៅក្នុងការប្រកួតលីគកំពូលកម្ពុជា ។ ក្រោយមិនសូវទទួលបានលទ្ធផលជោគជ័យនេះ ទើបភ្នំពេញក្រោន សម្រេចចែកផ្លូវជាមួយ Esoh Paul Omogba វិញ កាលពីខែកញ្ញា ២០២០។


 Esoh Paul Omogba ខ្សែប្រយុទ្ធក្រុមព្រៃវែង កំពុងបណ្ដើរបាល់ក្នុងជំនួបជាមួយអាស៊ីអឺរ៉ុបយូណាយធិត កាលពីថ្ងៃទី១៩ កញ្ញា ២០២១

ជាមួយគ្នានេះ មិត្តរួមក្រុមគេម្នាក់ទៀត គឺកីឡាករចំណូលថ្មី Jose Dourado Magson ក៏បានស៊ុតចូលលើកដំបូងឱ្យក្រុមព្រៃវែង បាន១គ្រាប់នៅនាទី២១ ក្នុងជម្នះលើអាស៊ីអឺរ៉ុបយូណាយធីត ៤-១ ដែរ។ មុនផ្លាស់មកលេងឱ្យក្រុមព្រៃវែង នៅជុំទី២ នៃពានរង្វាន់មិត្តហ្វូនខេមបូឌាលីគនេះ កីឡាករសញ្ជាតិប្រេស៊ីល វ័យ២៩ឆ្នាំនេះ បានលេងឱ្យក្លិបជាច្រើននៅក្នុងស្រុកកំណើតខ្លួន មុននឹងមកបង្ហាញវត្តមាននៅក្លិបគិរីវង់សុខសែនជ័យ នាឆ្នាំ២០២០។ រូបគេក៏ធ្លាប់លេងឱ្យអាស៊ីអឺរ៉ុបមួយរយៈពេលដែរ មុនផ្លាស់មកក្រុមព្រៃវែង នៅឆ្នាំ២០២១នេះ។


Jose Dourado Magson ខ្សែប្រយុទ្ធក្រុមព្រៃវែង កំពុងបណ្ដើរបាល់ក្នុងជំនួបជាមួយអាស៊ីអឺរ៉ុបយូណាយធិត កាលពីថ្ងៃទី១៩ កញ្ញាំ ២០២១ 

ដោយឡែកកីឡាករ ព្រំ សុរិទ្ធា ក៏បានតែតបញ្ចូលទីក្នុងប្រកួតដំបូង សម្រាប់អាស៊ីអឺរ៉ុបយូណាយធីត ក្នុងជំនួបព្រៃវែងនេះដែរ ។ កីឡាកររូបនេះ ជាយុវជនរបស់អាស៊ីអឺរ៉ុប ដែលត្រូវបានដំឡើងពីក្រុម U18 ទៅកាន់ក្រុមធំក្នុងជើងទី២នេះ។


 កីឡាករ ព្រំ សុរិទ្ធា លេខ២៣ ដែលបានតែតបញ្ចូលទីក្នុងប្រកួតដំបូង សម្រាប់អាស៊ីអឺរ៉ុបយូណាយធីត ក្នុងជំនួបព្រៃវែង កាលពីថ្ងៃទី១៩ កញ្ញា ២០២១

ខ្សែប្រយុទ្ធថ្មី TIMOTHY Okereke នៃកងយោធពលខេមរភូមិន្ទ រកបាន១គ្រាប់ដែរ នៅនាទី៦០ នៃជម្នះលើគិរីវង់សុខសែនជ័យ ៣-១ កាលពីថ្ងៃទី១៩ កញ្ញា។ ១គ្រាប់របស់ TIMOTHY Okereke កើតចេញពីការបញ្ជូនបាល់យ៉ាងល្អពីមិត្តរួមក្រុម  Ha Chan-young ជនជាតិកូរ៉េខាងត្បូង។
 
TIMOTHY Okereke បានរួមរស់ជាមួយទ័ព សម្រាប់ជុំទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ ក្រោយកីឡាកររូបនេះ បានបញ្ចប់កុងត្រាជាមួយភ្នំពេញក្រោន។ Timothy Okereke បានមកប្រកបអាជីពបាល់ទាត់នៅកម្ពុជា ក្នុងឆ្នាំ២០១៥ ដោយលេងនៅស៊ីម៉ាក់យូណាយធីត មុនផ្លាស់ទៅខេមបូឌានថាយហ្គឺរ ឆ្នាំ២០១៧។ ក្រោយបង្ហាញខ្លួនបានមួយរដូវកាលនោះ រូបគេ ក៏បានទៅចូលរួមជាមួយអាស៊ីអឺរ៉ុបយូណាយធីត ជុំទី១ រដូវកាល២០១៨ និងផ្ទេរទៅក្លិប UiTM នៅក្របខណ្ឌទី២ ម៉ាឡេស៊ី ជុំទី២ នាឆ្នាំ២០១៨ដដែល។ មួយក្រោយមក កីឡាករសញ្ជាតិនីហ្សេរីយ៉ា វ័យ២៧នេះ បានត្រលប់មកលេងឱ្យក្លិបអង្គរថាយហ្គឺរ មុននឹងលេងឱ្យ ភ្នំពេញក្រោន នៅ២០២០៕


 ខ្សែប្រយុទ្ធថ្មី TIMOTHY Okereke នៃកងយោធពលខេមរភូមិន្ទ (ឈុតក្រហម)

Tag:
 បាល់ទាត់
  លីគកំពូលកម្ពុជា
  CNCC
© រក្សាសិទ្ធិដោយ thmeythmey.com