ជាតិ
រដ្ឋមន្រី្តកសិកម្ម នឹងរៀបចំអនុក្រឹត្យពីការគ្រប់គ្រង​​ និងកន្លែងពិឃាតសត្វ ដើម្បីស្របតាមជីវភាពពលរដ្ឋ
20, Sep 2021 , 6:41 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។ រូបពីទំព័រហ្វេសប៊ុករបស់ វេង សាខុន
លោក វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។ រូបពីទំព័រហ្វេសប៊ុករបស់ វេង សាខុន
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំអនុក្រឹត្យស្ដីពីការគ្រប់គ្រងចិញ្ចឹមសត្វ និងកន្លែងពិឃាតសត្វ ដើម្បីឲ្យស្របនឹងបច្ចុប្បន្នភាពនិងផ្ដោតលើប្រយោជន៍ពលរដ្ឋជាធំ។ នេះបើតាមសំណេររបស់រដ្ឋមន្រី្តក្រសួងកសិកម្ម នៅថ្ងៃទី២០ កញ្ញា។
 
លោក វេង សាខុន បានឲ្យក្រុមការងារស្រួងពិចារណាឲ្យស៊ីជម្រៅ ហើយរៀបចំគោលនយោបាយអភិវឌ្ឍវិស័យកម្មឡើងវិញ បន្ទាប់ពីប្រជុំដោះស្រាយបញ្ហាជាកញ្ចប់ និងពិនិត្យលើក្រមខ័ណ្ឌគោលនយោបាយស្ដីអនុវត្តច្បាប់ស្តីពី "សុខភាពសត្វ និងផលិតកម្មសត្វ" រួមទាំងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ។ លើសពីនេះ គឺរៀបចំអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសត្វ និងការពិឃាតសត្វ។ 
 
លោក វេង សាខុន បញ្ជាក់ថា ការរៀបចំអនុក្រឹត្យនេះឡើង គឺឈរលើគោលការណ៍បច្ចេកទេស និងគិតគូរពីបញ្ហាអនាម័យ សុខភាពសត្វ និងសុខភាពសាធារណៈ។ លោកសរសេរយ៉ាងច្នេះថា៖ «ការរៀបចំគោលនយោបាយការអភិវឌ្ឍវិស័យកសិកម្មទាំងមូល និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការចិញ្ចឹមសត្វ សត្តឃាតដ្ឋាន កន្លែងពិឃាតសត្វ ឲ្យបានសមស្របក្នុងដំណាក់ការ…ដោយត្រូវឈរលើគោលការណ៍បច្ចេកទេស និងច្បាប់ ដើម្បីធានា និងគិតគូរអំពីបញ្ហាអនាម័យ សុខភាពសត្វ និងសុខភាពសាធារណៈ ជំងឺឆ្លងសត្វ ការធ្វើចរាចរសត្វ និងផលិផលមានដើមកំណើតពីសត្វ»។ 
 
ជាមួយគ្នាដែរ រដ្ឋមន្រី្តកសិកម្មក៏បញ្ជាក់ដែរថា ការធ្វើអនុក្រឹត្យនេះ គឺធ្វើឲ្យទាន់បច្ចុប្បន្នភាព ដែលជាសម័យកសិពាណិជ្ជកម្ម។ «កសិករ មិនគ្រាន់តែដាំដុះ ឬចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គងក្នុងគ្រួសារប៉ុណ្ណោះទេ គឺសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារទៀតផង»។ នេះបើតាមលោក វេង សាខុន។
 
ការចេញអនុក្រឹត្យនេះ ធ្វើឡើងក្រោយ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រជុំដោះស្រាយបញ្ហាជាកញ្ចប់ លើករណីសម្លាប់សត្វពពែមួយក្បាល ដែលមានការថ្នាំងថ្នាក់រវាងពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន កាលពីពេលថ្មីៗនេះ។
 
 
 

Tag:
 សង្គម
  ច្បាប់
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com