ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
រដ្ឋាភិបាល អាចសម្រេចចិត្តវិជ្ជមានលើករណីផ្សេងទៀត ដូចករណីបណ្ឌិត សេង សារី ដែរឬទេ?
20, Sep 2021 , 9:59 pm        
រូបភាព
រូបពីគណនីហ្វេសប៊ុក Sary Seng
រូបពីគណនីហ្វេសប៊ុក Sary Seng
អ្នកនាំពាក្យរដ្ឋាភិបាល ផ្តល់ចម្លើយថា អ្នកណា បំពានច្បាប់ អ្នកនោះ នៅតែត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។


លោកបណ្ឌិត សេង សារី អ្នកវិភាគនយោបាយ ទទួលបានអបអរសាទរពីសាធារណជន បន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឲ្យតុលាការ ដកដីកាតាមចាប់លោក។ សម្តេចនាយករដ្ឋមន្រ្តី ក៏ទទួលបានការសរសើរពីមជ្ឈដ្ឋានខ្លះដែរ ចំពោះការសម្រេចចិត្តនេះ។  
 
មានការបញ្ចេញយោបល់ជាច្រើននៅតាមបណ្តាញសង្គមហ្វេសប៊ុក ជុំវិញករណីរបស់លោក សេង សារី។ ក្នុងចំណោមតិយោបល់ទាំងនោះ មានមតិយោបល់មួយ គឺការជំរុញឲ្យរដ្ឋាភិបាលកម្ពុជា សម្រេចចិត្តជាវិជ្ជមានលើបុគ្គលផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ និងត្រូវបានចាប់ខ្លួន ដោយសារការបញ្ចេញមតិ ដូចនឹងលោក សេង សារី ដែរ។ 
 
លោក គឹម សុខ អ្នកវិភាគនយោបាយ ដែលកំពុងរស់នៅឯបរទេស បង្ហាញការស្ងប់ស្ញែងយ៉ាងខ្លាំង ពេលសម្តេច ហ៊ុន សែន សម្រេចចិត្ត ដែលលោក កម្របានឃើញបែបនេះ។ ទន្ទឹមនឹងការស្ងប់ស្ញែង លោក បានផ្តល់យោបល់ថា ​​មានករណីជាច្រើនទៀត ដែលសម្ដេច​ គួរ​ពិចារណា ដើម្បីចៀស​វាងការដោះស្រាយលើបញ្ហាមួយដូចគ្នា តែស្តង់ដារ​ពីរទៅវិញ។ 
 
បន្ថែមពីនេះ លោក បានជំរុញឲ្យប្រមុខរដ្ឋាភិបាល លើកលែងដល់អ្នកដទៃទៀត ក្រៅតែពីលោក សេង សារី។ អ្នកវិភាគនយោបាយ ដែលធ្លាប់ជាប់ពន្ធនាគារនៅកម្ពុជាមួយឆ្នាំកន្លះរូបនេះ សរសេរថា៖«សម្ដេច ​មិនគួរនៅចងពៀរធ្វើទុក្ខ​បុកម្នេញ​ខ្ញុំ ព្រមទាំងសកម្មជន​សិទ្ធិ​មនុស្ស​ នយោបាយ​ ​ព្រំដែន​ ​បរិស្ថាន​ និង​ អ្នកកាសែត​សេរីឯករាជ្យ​ទាំងអស់​ឡើយ​»។ 
 
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ពន្យល់ថា ករណីរបស់អ្នកផ្សេងទៀត មិនមែនសុទ្ធតែដូចករណីរបស់លោក សេង សារី ឡើយ។ លោក សង្កត់ធ្ងន់ថា៖«អ្នក ដែលរំលោភទៅដល់វិធានច្បាប់ អ្នកហ្នឹង នៅតែទទួលខុសត្រូវចំពោះមុខច្បាប់។ យើង អត់និយាយពីការយោគយល់ទេ និយាយពីការទទួលខុសត្រូវចំពោះមុខច្បាប់»។ 
 
មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលរូបនេះ អធិប្បាយថា សិទ្ធិសេរីភាព ត្រូវភ្ជាប់ជាមួយការទទួលខុសត្រូវ។ លោក គូសបញ្ជាក់ថា គេ មិនអាចទាញករណីរបស់លោក សេង សារី ទៅធ្វើជាឧទាហរណ៍ ហើយសម្រួលឲ្យអ្នកផ្សេង បញ្ចេញមតិ ដោយបាត់ការទទួលខុសត្រូវឡើយ។  
 
លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បញ្ចេញយោបល់ថា ការដឹកនាំល្អ ដែលគួរឲ្យសរសើរ និងគួរឲ្យគោរព គឺមិនមែនស្តាប់តែពាក្យពីរោះ ពាក្យសរសើរនោះទេ តែក៏គួរស្តាប់ការទិតៀនបែបស្ថាបនាផងដែរ។ លោក មានទស្សនៈថា៖«កម្ពុជា មានសន្តិភាពហើយ ហើយកម្ពុជា ត្រូវការយកចិត្តទុកដាក់បន្ថែមលើការពង្រឹងប្រព័ន្ធយុត្តិធម៌ រៀបចំអភិបាលកិច្ចល្អ និង កសាងប្រជាធិបតេយ្យឲ្យរស់រវើកនិងចាស់ទុំ»។
 
អ្នកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងថា សេរីភាពក្នុងការបញ្ចេញមតិ ជាសិទ្ធិមូលដ្ឋាន ដែលត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ហើយកម្ពុជា បានទទួលស្គាល់លិខិតូបករណ៍ស្តីពីសិទ្ធិមនុស្សអន្តរជាតិជាច្រើន។​ អ្នកស្រី បញ្ជាក់ថា៖«ការគោរពសិទ្ធិសេរីភាពបញ្ចេញមតិ និងការធានានូវលំហ ដែលពលរដ្ឋអាចបញ្ចេញទស្សនៈយោបល់ដោយសេរីនិងសុវត្ថិភាព ដោយមិនមានការភ័យខ្លាចគឺជាជំហានសំខាន់ឆ្ពោះទៅរកការកសាងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋដ៏រឹងមាំ»។  
 
កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង ចាត់ទុកការពិចារណាឡើងវិញរបស់សម្តេច ហ៊ុន សែន លើការវិភាគរបស់លោក សេង សារី ហើយក៏ស្នើឲ្យតុលាការ បញ្ឈប់ការតាមចាប់លោក ថាជាសកម្មភាពល្អមួយ ដែលបង្ហាញពីការយល់គ្នាទៅវិញទៅមក និងការអាធ្យាស្រ័យឲ្យគ្នា។  
 
ស្រ្តីអ្នកវិភាគនយោបាយវ័យក្មេងរូបនេះ និយាយថា៖«ចំពោះមេរៀនមនុស្សផ្សេងទៀត ប្រសិនបើយើង ស្តាប់ឬអានមិនយល់ យើង ត្រូវព្យាយាមស្តាប់ការពន្យល់របស់អ្នកនិយាយឬអ្នកសរសេរ។ ការស្តាប់គ្នាទៅវិញទៅមក ក៏អាចកាត់បន្ថយការយល់ច្រឡំ ដើម្បីចៀសវាងជម្លោះ»។
 
ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យកុមារអាយុពី៦ឆ្នាំ ទៅ១២ឆ្នាំ កាលពីថ្ងៃទី១៧ ខែកញ្ញា ២០២១ សម្តេច ហ៊ុន សែន ​បានបញ្ចេញព័ត៌មានថា លោក សេង សារី ត្រូវបានតុលាការចេញដីកាតាមចាប់ ដោយសារលោក បង្ហោះសារ ដែលបង្ហាញពីការគាំទ្រលើចលនាបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់លោក សម រង្ស៊ី។ សាររបស់លោក គឺលោក លើកឡើងពីកម្លាំងទាំង៦ ហើយលោក ចោទសួរថា តើកម្លាំងទាំង៦នោះ អាចនាំឲ្យការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ទៅរួចដែរទេ? កម្លាំងទាំង៦នោះ គឺ កម្លាំងអ្នកគាំទ្រអតីតគណបក្សប្រឆាំង កម្លាំងមហាជន កម្លាំងយុវជន កម្លាំងផ្ទៃក្នុងគណបក្សកាន់អំណាច កម្លាំងប្រដាប់អាវុធ និងកម្លាំងអន្តរជាតិ-កម្លាំងប្រទេសជិតខាង។ 
 
ស្រាប់តែនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេច បានស្នើឲ្យតុលាការ បញ្ឈប់ដីកាតាមចាប់លោក សេង សារី វិញ ដោយសម្តេច ប្រាប់ថា សម្តេច បានស្តាប់ការបកស្រាយរបស់លោកយ៉ាងយកចិត្តទុកដាក់ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ខេមបូឌា ដេលី (The Cambodia Daily) ហើយសម្តេច ឈ្វេងយល់ថា ការបកស្រាយរបស់លោក អំពីកម្លាំងទាំង៦នោះ គឺសមហេតុផល និងអាចទទួលយកបាន។ 
 
ប្រមុខរដ្ឋាភិបាល សរសេរលើទំព័រហ្វេសប៊ុកថា៖«ក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវឲ្យស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី។ ទន្ទឹមនឹងនេះ ខ្ញុំ ក៏សូមលើកទឹកចិត្តឲ្យបណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀត ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។ ខ្ញុំ ក៏អំពាវនាវឲ្យភរិយា កូន និង ឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំឲ្យមានការព្រួយបារម្ភ»។
 
ក្រោយសម្តេចនាយករដ្ឋមន្រ្តី បង្ហោះសារបែបនេះ លោក សេង សារី ក៏បង្ហោះសារថា៖«ម៉ែ អាចទៅវត្តនៅថ្ងៃកាន់បិណ្ឌខាងមុននេះបានហើយ ម៉ែ មិនបាច់បារម្ភពីអ្នកណាថាឲ្យម៉ែមានកូនជាជនក្បត់ជាតិទេ។ ប្រពន្ធសម្លាញ់ អូនអាចបើកទ្វារបង ឲ្យកូនរត់លេងវិញបានហើយ»។ 
 
កន្លមក និងរហូតដល់សព្វថ្ងៃ រដ្ឋាភិបាលកម្ពុជា រងការរិះគន់មិនស្ទើរទេពីអង្គការជាតិ-អន្តរជាតិ ថា បំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងចាប់អ្នក ដែលបញ្ចេញមតិផ្ទុយ ដាក់ពន្ធនាគារ។ យ៉ាងណា រដ្ឋាភិបាលកម្ពុជា ឆ្លើយតបដដែលៗថា ការចាប់ខ្លួនអ្នកទាំងនោះ គឺដោយសារពួកគេ បញ្ចេញមតិហួសព្រំដែន ដែលខុសពីការពិត និងបំពានដល់អ្នកដទៃ៕ 
 
 
 

Tag:
 សេង សារី
© រក្សាសិទ្ធិដោយ thmeythmey.com